គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 13:5-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រឿង​អាវុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល​ទៅ។

6. ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ​ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

7. ដោយ​ហេតុ​នោះ​បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង អស់​នឹង​រលត់​ទៅ

8. គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ

9. មើល​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់​ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ

10. ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ

11. អញ​នឹង​ធ្វើ​ទោស​ដល់​លោកីយ៍​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ផង អញ​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់

12. អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត

13. ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

14. នោះ​គេ​នឹង​បាន​ដូច​ជា​ប្រើស​ដែល​ត្រូវ​គេ​ប្រដេញ ហើយ​ដូច​ជា​ហ្វូង​ចៀម​ដែល​ឥត​មាន​អ្នក​គង្វាល គ្រប់​គ្នា​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​គ្រប់ៗ​គ្នា

15. ឯ​អស់​អ្នក​ដែល​ត្រូវ​ប្រទះ​ឃើញ នោះ​នឹង​ត្រូវ​ចាក់​ទំលុះ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន នោះ​នឹង​ត្រូវ​ដួល​ដោយ​ដាវ

16. កូន‌ង៉ែត​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ភ្នែក ផ្ទះ​គេ​នឹង​ត្រូវ​រឹប‌ជាន់ ឯ​ប្រពន្ធ​គេ នឹង​ត្រូវ​កំហែង​ចិត្ត។

សូមអានជំពូកពេញលេញ អេសាយ 13