គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 13:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ដូច្នេះ អញ​នឹង​ធ្វើ​ឲ្យ​ផ្ទៃ​មេឃ​ញាប់‌ញ័រ ហើយ​ផែនដី​នឹង​ត្រូវ​កក្រើក​រំពើក​ចេញ​ពី​កន្លែង​ធម្មតា គឺ​ក្នុង​គ្រា​នៃ​សេចក្ដី​ក្រោធ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ហើយ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ទ្រង់

14. នោះ​គេ​នឹង​បាន​ដូច​ជា​ប្រើស​ដែល​ត្រូវ​គេ​ប្រដេញ ហើយ​ដូច​ជា​ហ្វូង​ចៀម​ដែល​ឥត​មាន​អ្នក​គង្វាល គ្រប់​គ្នា​នឹង​វិល​ទៅ​ឯ​សាសន៍​របស់​ខ្លួន​វិញ ហើយ​រត់​ទៅ​ឯ​ស្រុក​របស់​ខ្លួន​គ្រប់ៗ​គ្នា

15. ឯ​អស់​អ្នក​ដែល​ត្រូវ​ប្រទះ​ឃើញ នោះ​នឹង​ត្រូវ​ចាក់​ទំលុះ ហើយ​អស់​អ្នក​ណា​ដែល​ត្រូវ​ចាប់​បាន នោះ​នឹង​ត្រូវ​ដួល​ដោយ​ដាវ

16. កូន‌ង៉ែត​របស់​គេ​នឹង​ត្រូវ​បោក​ខ្ទេច‌ខ្ទី​នៅ​ចំពោះ​ភ្នែក ផ្ទះ​គេ​នឹង​ត្រូវ​រឹប‌ជាន់ ឯ​ប្រពន្ធ​គេ នឹង​ត្រូវ​កំហែង​ចិត្ត។

17. មើល អញ​នឹង​ញុះ‌ញង់​សាសន៍​មេឌី​ឲ្យ​ទាស់​នឹង​គេ ជា​សាសន៍​ដែល​មិន​រាប់‌អាន​ប្រាក់ សូម្បី​តែ​មាស​ក៏​មិន​មាន​ចិត្ត​រីក‌រាយ​ដែរ

18. ឯ​ធ្នូ​របស់​សាសន៍​នោះ​នឹង​ផ្តួល​ពួក​កំឡោះៗ​អស់​រលីង​ទៅ គេ​នឹង​ឥត​មាន​មេត្តា​ចំពោះ​ផល​កើត​ពី​ផ្ទៃ​ឡើយ ភ្នែក​គេ​មិន​ចេះ​ប្រណី​ដល់​ពួក​ក្មេងៗ​ដែរ

19. នោះ​ក្រុង​បាប៊ី‌ឡូន​ដែល​ជា​សិរី‌ល្អ​នៃ​អស់​ទាំង​នគរ ហើយ​ជា​ទី​លំអ​នៃ​សេចក្ដី​អំនួត​របស់​សាសន៍​ខាល់ដេ នឹង​ត្រូវ​ដូច​ជា​កាល​ព្រះ​បាន​រំលាង​ក្រុង​សូដុំម និង​ក្រុង​កូម៉ូរ៉ា​បង់

20. ក្រុង​នោះ​នឹង​គ្មាន​អ្នក​ណា​នៅ​ត​ទៅ​ទៀត​ឡើយ ក៏​មិន​ដែល​មាន​អ្នក​ណា​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​ដំណ​មនុស្ស​ត​ទៅ ទោះ​ទាំង​សាសន៍​អារ៉ាប់ គេ​ក៏​មិន​ដំឡើង​ត្រសាល​នៅ​ទី​នោះ ហើយ​ពួក​គង្វាល​ក៏​មិន​នាំ​ហ្វូង​សត្វ​របស់​គេ​ទៅ​ដេក​នៅ​ទី​នោះ​ដែរ

21. គឺ​នឹង​មាន​តែ​សត្វ​ដែល​នៅ​ទី​រហោ‌ស្ថាន​បាន​ដេក​នៅ​ទី​នោះ​វិញ ឯ​ផ្ទះ​គេ​នឹង​មាន​ពេញ​ដោយ​សំឡេង​សត្វ​យំ សត្វ​អូសទ្រីច​នឹង​អាស្រ័យ​នៅ ហើយ​ពពែ​ព្រៃ​នឹង​លោត‌កញ្ឆេង​នៅ​ទី​នោះ

22. ហ្វូង​ឆ្កែ​ព្រៃ នឹង​លូ​នៅ​ក្នុង​ដំណាក់​របស់​គេ ហើយ​ស្វាន​នឹង​នៅ​ក្នុង​មន្ទីរ​ជា​ទី​សប្បាយ​របស់​គេ​ដែរ ឯ​ពេល​វេលា​របស់​ទី​ក្រុង​នោះ ក៏​ជិត​ដល់​ហើយ ថ្ងៃ​កំណត់​នឹង​មិន​បន្ថយ​ប៉ុន្មាន​ទេ។

សូមអានជំពូកពេញលេញ អេសាយ 13