គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 13:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ដែល​អេសាយ ជា​កូន​អ័ម៉ូស បាន​ឃើញ​ពី​ស្រុក​បាប៊ី‌ឡូន។

2. ចូរ​លើក​ទង់​១​សំរាប់​ឯង​រាល់​គ្នា នៅ​លើ​ភ្នំ​ត្រងិល​ចុះ ចូរ​បន្លឺ​សំឡេង​ឡើង ហើយ​បោយ​ដៃ​ហៅ ដើម្បី​ឲ្យ​គេ​បាន​ចូល​ទៅ តាម​ទ្វារ​របស់​ពួក​មនុស្ស​ដ៏​មាន​ត្រកូល​ខ្ពស់

3. អញ​បាន​បង្គាប់​ដល់​ពួក​បរិសុទ្ធ​របស់​អញ អើ អញ​បាន​ហៅ​ពួក​ខ្លាំង​ពូកែ​របស់​អញ សំរាប់​នឹង​សំរេច​សេចក្ដី​កំហឹង​របស់​អញ គឺ​ជា​ពួក​អ្នក​ដែល​មាន​សេចក្ដី​អំណរ​ចំពោះ​សេចក្ដី​ខ្ពង់‌ខ្ពស់​របស់​អញ

4. មាន​ឮ​សូរ​គឹក‌កង​របស់​មនុស្ស​កក‌កុញ​នៅ​លើ​ភ្នំ គឺ​ជា​សូរ​ដូច​ជា​ប្រជា‌ជាតិ​យ៉ាង​ធំ ជា​សូរ​អ៊ឹក‌ធឹក​របស់​នគរ​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ប្រជុំ​គ្នា គឺ​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល​បរិវារ ទ្រង់​កំពុង​តែ​ត្រួត‌ត្រា​មើល​ពល‌ទ័ព​សំរាប់​ចូល​ច្បាំង

5. គេ​មក​ពី​ស្រុក​ឆ្ងាយ ជា​ប្រទេស​នៅ​ជើង​មេឃ​ទី​បំផុត គឺ​ព្រះ‌យេហូវ៉ា ហើយ​នឹង​គ្រឿង​អាវុធ​នៃ​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ទ្រង់ ដើម្បី​នឹង​បំផ្លាញ​ស្រុក​នោះ​ទាំង​មូល​ទៅ។

6. ចូរ​ទ្រហោ​សោក​ពិលាប​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ថ្ងៃ​នោះ​នឹង​មក​ដល់​ទុក​ជា​ការ​បំផ្លាញ​ដែល​មក​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា

7. ដោយ​ហេតុ​នោះ​បាន​ជា​ដៃ​មនុស្ស​ទាំង​អស់​នឹង​ត្រូវ​ខ្សោយ ហើយ​ចិត្ត​នៃ​មនុស្ស​ទាំង អស់​នឹង​រលត់​ទៅ

8. គេ​នឹង​ស្រយុត​ចិត្ត​ទៅ សេចក្ដី​ឈឺ​ចាប់ និង​សេចក្ដី​ទុក្ខ​លំបាក​នឹង​ចាប់​គេ​បាន គេ​នឹង​ឈឺ​ចាប់ ដូច​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន គេ​នឹង​ស្រឡាំង‌កាំង មើល​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​មាន​ទឹក​មុខ​ស្រមេះ

9. មើល​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​កំពុង​តែ​មក​ដល់​ជា​ថ្ងៃ​ដ៏​សហ័ស​ដោយ​សេចក្ដី​ក្រោធ និង​កំហឹង​យ៉ាង​ខ្លាំង ដើម្បី​នឹង​បំផ្លាញ​ស្រុក​ឲ្យ​រលីង ហើយ​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​បាប​សូន្យ​ចេញ

10. ពី​ព្រោះ​អស់​ទាំង​ផ្កាយ​នៅ​លើ​មេឃ និង​ផ្កាយ​ចក្រ‌រាសី នឹង​លែង​បញ្ចេញ​ពន្លឺ ព្រះ‌អាទិត្យ​នឹង​ងងឹត តាំង​តែ​ពី​រះ​ឡើង ហើយ​ព្រះ‌ចន្ទ​ក៏​នឹង​អាប់​រស្មី​ទៅ​ដែរ

11. អញ​នឹង​ធ្វើ​ទោស​ដល់​លោកីយ៍​ដោយ​ព្រោះ​អំពើ​អាក្រក់​របស់​គេ ព្រម​ទាំង​មនុស្ស​ដែល​ប្រព្រឹត្ត​បទ​អាក្រក់ ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ​ផង អញ​នឹង​បំបាត់​សេចក្ដី​ឆ្មើង‌ឆ្មៃ​របស់​ពួក​អំនួត ហើយ​នឹង​បន្ទាប‌បន្ថោក​ឫក​ខ្ពស់ របស់​មនុស្ស​កាច​អាក្រក់

12. អញ​នឹង​ធ្វើ​ឲ្យ​កម្រ​មាន​មនុស្ស ដូច​ជា​កម្រ​មាន​មាស​សុទ្ធ​ដែរ គឺ​នឹង​ឲ្យ​មនុស្ស​១​នាក់​កម្រ​មាន ជា​ជាង​មាស​ពី​ស្រុក​អូភារ​ទៅ​ទៀត

សូមអានជំពូកពេញលេញ អេសាយ 13