គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេសាយ 1:10-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឱ​ពួក​គ្រប់‌គ្រង​លើ​ក្រុង​សូដុំម​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ម្នាល​ពួក​ក្រុង​កូម៉ូរ៉ា​អើយ ចូរ​ផ្ទៀង​ត្រចៀក​ស្តាប់​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​យើង​រាល់​គ្នា​ចុះ

11. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា យញ្ញ‌បូជា​ដ៏​មាន​ច្រើន​ម៉្លេះ​របស់​ឯង​រាល់​គ្នា តើ​ជា​អ្វី​ដល់​អញ អញ​ធុញ‌ទ្រាន់​ចំពោះ​ចៀម​ឈ្មោល និង​ខ្លាញ់​នៃ​សត្វ​បំប៉ន ដែល​ឯង​ដុត​ថ្វាយ​ណាស់ អញ​ក៏​មិន​ចូល​ចិត្ត ចំពោះ​ឈាម​នៃ​គោ​ឈ្មោល ឬ​កូន​ចៀម ឬ​ពពែ​នោះ​ទេ

12. កាល​ណា​ឯង​រាល់​គ្នា​លេច​មក​នៅ​ចំពោះ​អញ នោះ​តើ​អ្នក​ណា​បាន​បង្គាប់​ឲ្យ​ឯង​រាល់​គ្នា​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​បាន​ចូល​មក​ជាន់​ទីលាន​របស់​អញ​នេះ

13. កុំ​ឲ្យ​យក​ដង្វាយ​ដ៏​ឥត​ប្រយោជន៍​មក​ទៀត​ឡើយ ឯ​កំញាន​ជា​របស់​ស្អប់​ខ្ពើម​ដល់​អញ ឯ​បុណ្យ​ចូល​ខែ និង​ថ្ងៃ​ឈប់​សំរាក ព្រម​ទាំង​ការ​ប្រជុំ​ជំនុំ នោះ​អញ​ទ្រាំ​មិន​បាន​ទេ សូម្បី​តែ​បុណ្យ​ប្រជុំ​ជំនុំ​មុត‌មាំ ក៏​ជា​អំពើ​ទុច្ចរិត​ដែរ

14. ចិត្ត​អញ​ស្អប់​ចំពោះ​បុណ្យ​ចូល​ខែ និង​បុណ្យ​មាន​កំណត់​ទាំង​ប៉ុន្មាន​របស់​ឯង​រាល់​គ្នា​ណាស់ ពិធី​ទាំង​នោះ​ជា​បន្ទុក​សង្កត់​លើ​អញ​ជា​ខ្លាំង អញ​ក៏​នឿយ​ណាយ ដោយ​ទ្រាំ​ចំពោះ​ការ​ទាំង​នោះ

15. កាល​ណា​ឯង​រាល់​គ្នា​ប្រទូល​ដៃ​ឡើង នោះ​អញ​នឹង​បែរ​ភ្នែក​ពី​ឯង​ចេញ អើ បើ​កាល​ណា​ឯង​អធិ‌ស្ឋាន​ជា​ច្រើន នោះ​អញ​នឹង​មិន​ស្តាប់​ឡើយ ដ្បិត​ដៃ​ឯង​រាល់​គ្នា​ប្រឡាក់​ពេញ​ដោយ​ឈាម

16. ចូរ​លាង​ចេញ ចូរ​ជំរះ​ខ្លួន​ឲ្យ​ស្អាត​ចុះ ចូរ​បំបាត់​អំពើ​អាក្រក់​ដែល​ឯង​រាល់​គ្នា​ប្រព្រឹត្ត​ពី​ចំពោះ​ភ្នែក​អញ​ចេញ ហើយ​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់​ត​ទៅ

17. ចូរ​ហាត់​រៀន​ធ្វើ​ការ​ល្អ​វិញ ចូរ​ស្វែង​រក​ឲ្យ​បាន​សេចក្ដី​យុត្តិ‌ធម៌ ចូរ​ជួយ​ការ‌ពារ​ចំពោះ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ចូរ​កាត់​ក្តី​ដល់​ពួក​កំព្រា ហើយ​កាន់​ក្តី​ជំនួស​ពួក​ស្រី​មេម៉ាយ​ចុះ។

18. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា មក​ចុះ យើង​នឹង​ពិភាក្សា​ជា​មួយ​គ្នា ទោះ​បើ​អំពើ​បាប​របស់​ឯង​ដូច​ជា​ពណ៌​ក្រហម‌ទែង​ក៏​ដោយ គង់​តែ​នឹង​បាន​ស​ដូច​ហិមៈ ទោះ​បើ​ក្រហម​ឆ្អៅ​ក៏​ដោយ គង់​តែ​នឹង​បាន​ដូច​ជា​រោម​ចៀម​វិញ

19. បើ‌សិន​ជា​ឯង​រាល់​គ្នា​ស្ម័គ្រ​ចិត្ត​តាម ហើយ​ស្តាប់​បង្គាប់ នោះ​នឹង​បាន​បរិភោគ​ផល​ល្អ​នៃ​ស្រុក​ដែរ

20. តែ​បើ​ឯង​មិន​ព្រម​វិញ ហើយ​បះ‌បោរ​ផង នោះ​ឯង​នឹង​ត្រូវ​លេប​បាត់​ដោយ​មុខ​ដាវ ពី​ព្រោះ​ព្រះ‌ឱស្ឋ​នៃ​ព្រះ‌យេហូវ៉ា បាន​មាន​ព្រះ‌បន្ទូល​ស្រេច​ហើយ។

21. ទី​ក្រុង​ស្មោះ‌ត្រង់​បាន​ក្បត់​ជា​សំផឹង​ដូច្នេះ​ដែរ​ហ្ន៎ គឺ​ទី​ក្រុង​ដែល​បាន​ពេញ​ដោយ​សេចក្ដី​យុត្តិ‌ធម៌ ហើយ​មាន​សេចក្ដី​សុចរិត​អាស្រ័យ​នៅ​ក្នុង​នោះ​ដែរ តែ​ឥឡូវ​នេះ មាន​សុទ្ធ​តែ​ពួក​អ្នក​កាប់​សំឡាប់​វិញ

22. ប្រាក់​របស់​ឯង​បាន​ត្រឡប់​ទៅ​ជា​អាចម៍​ប្រាក់​ទៅ​ហើយ ឯ​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ឯង ក៏​លាយ​ដោយ​ទឹក​ដែរ

23. ពួក​មេ​របស់​ឯង​ជា​ពួក​អ្នក​បះ‌បោរ ហើយ​ជា​ភឿន‌មិត្រ​នឹង​ពួក​ចោរ គ្រប់​គ្នា​ចូល​ចិត្ត​តែ​ស៊ី​សំណូក ហើយ​ក៏​ឧស្សាហ៍​តាម​រក​រង្វាន់ គេ​មិន​កាត់​ក្តី​ឲ្យ​ពួក​កំព្រា​ឡើយ ហើយ​រឿង​ក្តី​របស់​ពួក​មេម៉ាយ​ក៏​មិន​ដែល​មក​ដល់​គេ​ដែរ។

សូមអានជំពូកពេញលេញ អេសាយ 1