គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អេម៉ុស 2:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​សាសន៍​ម៉ូអាប់ អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​ដុត​ឆ្អឹង​របស់​ស្តេច​អេដំម​ធ្វើ​ជា​កំបោរ

2. អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ម៉ូអាប់ ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​កេរីយ៉ុត​អស់​ទៅ ហើយ​ម៉ូអាប់​នឹង​ស្លាប់​ទៅ​ដោយ​សូរ​គ្រាំ‌គ្រេង ដោយ​សំរែក​ឮ​លាន់ និង​សូរ​ផ្លុំ​ត្រែ

3. អញ​នឹង​កាត់​ចៅ‌ក្រម​ពី​កណ្តាល​គេ​ចេញ ព្រម​ទាំង​សំឡាប់​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន​ជា​មួយ​នឹង​គេ​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។

4. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​យូដា អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ពី​ព្រោះ​គេ​បាន​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា ហើយ​មិន​បាន​កាន់​តាម​បញ្ញត្ត​ច្បាប់​របស់​ទ្រង់​សោះ ឯ​របស់​កំភូត​ដែល​ពួក​អយ្យកោ​គេ​បាន​គោរព​តាម នោះ​បាន​ធ្វើ​ឲ្យ​គេ​វង្វេង​ចេញ

5. អញ​នឹង​ចាត់​ប្រើ​ភ្លើង​ឲ្យ​ទៅ​លើ​ពួក​យូដា ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​នៅ​ក្រុង​យេរូ‌សាឡិម​អស់​ទៅ។

6. ព្រះ‌យេហូវ៉ា ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា ដោយ​ព្រោះ​អំពើ​រំលង​ទាំង​៣​របស់​ពួក​អ៊ីស្រា‌អែល អើ ដោយ​ព្រោះ​៤​ផង នោះ​អញ​នឹង​មិន​ព្រម​លើក​ទោស​គេ​ចោល​ឡើយ ពី​ព្រោះ​គេ​បាន​លក់​មនុស្ស​សុចរិត​ឲ្យ​បាន​ប្រាក់ ហើយ​មនុស្ស​កំសត់​ទុគ៌ត​ផង ឲ្យ​បាន​ស្បែក​ជើង​១​សំរាប់

7. សូម្បី​តែ​ធូលី​ដី​ដែល​នៅ​លើ​ក្បាល​មនុស្ស​កំសត់​ទុគ៌ត​នោះ គេ​ក៏​ដង្ហក់​ចង់​បាន​ដែរ ហើយ​គេ​បង្វែរ​ផ្លូវ​របស់​មនុស្ស​រាប​ទាប ឯ​ទាំង​កូន និង​ឪពុក​ក៏​ចូល​ទៅ​ឯ​ស្រី​ក្រមុំ​តែ​១ ជា​ការ​ដែល​បង្អាប់​ដល់​នាម​បរិសុទ្ធ​របស់​អញ

8. គេ​ក្រាល​សំលៀក‌បំពាក់ ដែល​បាន​ទទួល​បញ្ចាំ ដេក​ចុះ​នៅ​ក្បែរ​គ្រប់​ទាំង​អាសនា ហើយ​នៅ​ក្នុង​វិហារ​របស់​ព្រះ​នៃ​គេ នោះ​គេ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​របស់​ពួក​អ្នក ដែល​ខ្លួន​បាន​ពិន័យ​លក់​ហើយ​ដែរ។

9. ប៉ុន្តែ​អញៗ​បាន​បំផ្លាញ​សាសន៍​អាម៉ូរី ដែល​មាន​កំពស់​ដូច​ដើម​តាត្រៅ ហើយ​មាន​កំឡាំង ដូច​ដើម​ម៉ៃសាក់​ចេញ​ពី​មុខ​ឯង​ទៅ គឺ​អញ​បាន​បំផ្លាញ​ទាំង​ផល​គេ​ខាង​លើ និង​ឫស​គេ​នៅ​ខាង​ក្រោម​ផង

10. អញ​ក៏​បាន​នាំ​ឯង​រាល់​គ្នា​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក គឺ​បាន​នាំ​មុខ​ឯង នៅ​ក្នុង​ទី​រហោ‌ស្ថាន​អស់​៤០​ឆ្នាំ ឲ្យ​បាន​ចាប់​យក​ស្រុក​របស់​សាសន៍​អាម៉ូរី ទុក​ជា​កេរ‌អាករ

សូមអានជំពូកពេញលេញ អេម៉ុស 2