គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

អូបាឌា 1:12-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​នឹក​ឃើញ ពី​ថ្ងៃ​របស់​បង​ប្អូន​ឯង ជា​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ដោយ​មាន​ចិត្ត​រីក‌រាយ​ពី​ដំណើរ​ពួក​កូន​ចៅ​យូដា ក្នុង​កាល​ដែល​គេ​ត្រូវ​បំផ្លាញ​នោះ​ឡើយ ក៏​មិន​ត្រូវ​មាន​សំដី​ធំ នៅ​ថ្ងៃ​ទុក្ខ​លំបាក​របស់​គេ​ដែរ

13. នៅ​ថ្ងៃ​ដែល​រាស្ត្រ​អញ​ត្រូវ​អន្តរាយ នោះ​មិន​ត្រូវ​ឲ្យ​ឯង​លុក​ចូល​ទៅ​ក្នុង​ទ្វារ​ក្រុង​របស់​គេ​ទេ អើ កុំ​ឲ្យ​គន់​មើល​សេចក្តី​វេទនា​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ ឬ​លូក​ដៃ​ទៅ​ពាល់‌ប៉ះ​នឹង​ទ្រព្យ‌សម្បត្តិ​របស់​គេ ក្នុង​ថ្ងៃ​ដែល​គេ​ត្រូវ​អន្តរាយ​នោះ​ឡើយ

14. ក៏​មិន​ត្រូវ​ឈរ​រារាំង​នៅ​ត្រង់​ផ្លូវ​ខ្វែង ដើម្បី​កាត់​ពួក​គេ​ណា​ដែល​រត់​រួច​បង់ ឬ​ប្រគល់​ពួក​គេ ដែល​នៅ​សល់​ក្នុង​ថ្ងៃ​ទុក្ខ​លំបាក​នោះ​ឡើយ។

15. ដ្បិត​ថ្ងៃ​របស់​ព្រះ‌យេហូវ៉ា ជិត​នឹង​មក​លើ​អស់​ទាំង​សាសន៍​ហើយ នោះ​ដែល​ឯង​បាន​ប្រព្រឹត្ត​យ៉ាង​ណា ក៏​នឹង​មាន​គេ​ប្រព្រឹត្ត​នឹង​ឯង​យ៉ាង​នោះ​ដែរ គឺ​អំពើ​ដែល​ឯង​ប្រព្រឹត្ត​នោះ នឹង​ធ្លាក់​មក​លើ​ក្បាល​ឯង​វិញ

16. ដ្បិត​ដែល​ឯង​បាន​ផឹក​នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ជា​យ៉ាង​ណា នោះ​អស់​ទាំង​សាសន៍​ដទៃ​នឹង​ផឹក​យ៉ាង​នោះ​ជានិច្ច​ដែរ អើ គេ​នឹង​ផឹក ហើយ​លេប​ចុះ​ទៅ រួច​នឹង​ត្រឡប់​ដូច​ជា​មិន​ដែល​កើត​មក​វិញ។

17. ប៉ុន្តែ​នៅ​ភ្នំ​ស៊ីយ៉ូន នឹង​មាន​ពួក​អ្នក​ខ្លះ​ដែល​រួច​ជីវិត ហើយ​ភ្នំ​នោះ​នឹង​បាន​បរិសុទ្ធ ឯ​ពួក​វង្ស​យ៉ាកុប គេ​នឹង​បាន​កេរ‌អាករ​របស់​គេ​វិញ

18. នោះ​ពួក​វង្ស​យ៉ាកុប​នឹង​បាន​ដូច​ជា​ភ្លើង ឯ​ពួក​វង្ស​យ៉ូសែប​ជា​អណ្តាត​ភ្លើង ចំណែក​ពួក​វង្ស​អេសាវ គេ​នឹង​បាន​ដូច​ជា​ជញ្ជ្រាំង ហើយ​ភ្លើង​នោះ​នឹង​ឆេះ​នៅ​កណ្តាល​គេ ព្រម​ទាំង​បន្សុស​គេ​អស់​រលីង​ទៅ ឥត​មាន​អ្នក​ណា​សល់​នៅ​ក្នុង​ពួក‌វង្ស​អេសាវ​ឡើយ ដ្បិត​ព្រះ‌យេហូវ៉ា ទ្រង់​បាន​ចេញ​វាចា​ហើយ

19. គ្រា​នោះ​ពួក​មនុស្ស​នៅ​ស្រុក​ត្បូង នឹង​បាន​ស្រុក​ភ្នំ​អេសាវ ជា​របស់​ផង​ខ្លួន ឯ​ពួក​មនុស្ស​នៅ​ស្រុក​ទ្រនាប គេ​នឹង​បាន​ពួក​ភីលីស្ទីន គេ​នឹង​ចាប់​យក​ស្រុក​វាល​របស់​អេប្រា‌អិម និង​ស្រុក​វាល​របស់​សាម៉ារី ហើយ​បេន‌យ៉ា‌មីន​នឹង​បាន​ស្រុក​កាឡាត ជា​របស់​ផង​ខ្លួន

20. ឯ​ពួក​ពល‌ទ័ព​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ដែល​ជាប់​ជា​ឈ្លើយ គេ​នឹង​បាន​ស្រុក​របស់​ពួក​សាសន៍​កាណាន រហូត​ដល់​ក្រុង​សារិបតា ហើយ​ពួក​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ជា​ឈ្លើយ ត្រង់​សេផារ៉ាឌ គេ​នឹង​បាន​អស់​ទាំង​ទី​ក្រុង​នៅ​ស្រុក​ត្បូង នោះ​នឹង​មាន​ពួក​អ្នក​ដែល​បាន​សង្គ្រោះ​ឡើង​មក​ឯ​ភ្នំ​ស៊ីយ៉ូន ដើម្បី​នឹង​ជំនុំ‌ជំរះ​ស្រុក​ភ្នំ​របស់​អេសាវ ហើយ​រាជ្យ​នោះ​នឹង​បាន​ជា​របស់​ផង​ព្រះ‌យេហូវ៉ា។:៚

សូមអានជំពូកពេញលេញ អូបាឌា 1