ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 7 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កាល​អញ​ចង់​ប្រោស​ពួក​អ៊ីស្រា‌អែល​ឲ្យ​ជា នោះ​សេចក្ដី​ទុច្ចរិត​របស់​អេប្រា‌អិម និង​អំពើ​អាក្រក់​របស់​សាម៉ារី​បាន​លេច​មក​ឲ្យ​ឃើញ ដ្បិត​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​កំភូត មាន​ចោរ​លួច​ចូល​មក​នៅ​ខាង​ក្នុង ហើយ​មាន​ចោរ​ប្លន់​រឹប​ជាន់​ខាង​ក្រៅ

2. គេ​ក៏​មិន​ពិចារណា​ក្នុង​ចិត្ត​ថា អញ​នឹក​ចាំ​អស់​ទាំង​អំពើ​អាក្រក់​របស់​គេ​នោះ​ទេ ឥឡូវ​នេះ អំពើ​របស់​គេ​បាន​ឡោម‌ព័ទ្ធ​គេ​ហើយ ក៏​នៅ​ចំពោះ​មុខ​អញ​ផង

3. គេ​នាំ​ឲ្យ​ស្តេច​បាន​រីក‌រាយ ដោយ​អំពើ​អាក្រក់​របស់​ខ្លួន ហើយ​ពួក​ចៅ‌ហ្វាយ​ផង ដោយ​សេចក្ដី​ភូត‌ភរ​របស់​ខ្លួន​ដែរ

4. គេ​សុទ្ធ​តែ​ជា​ពួក​កំផិត​ទទេ គេ​ប្រៀប​ដូច​ជា​ឡ​ដែល​អ្នក​ធ្វើ​នំបុ័ង​បាន​ដុត​ឲ្យ​ក្តៅ​ហើយ គាត់​លែង​វាច​ភ្លើង​ចាប់​តាំង​ពី​វេលា​ដែល​ច្របាច់​ម្សៅ ដរាប​ដល់​បាន​ដោរ​ឡើង

5. នៅ​ថ្ងៃ​ចំរើន​ព្រះ‌ជន្ម​ស្តេច​នៃ​យើង​រាល់​គ្នា នោះ​ពួក​ចៅ‌ហ្វាយ​បាន​ធ្វើ​ខ្លួន​ឈឺ ដោយ​កំដៅ​នៃ​ស្រា​ទំពាំង‌បាយ‌ជូរ ស្តេច​ក៏​ចូល​ដៃ​ទៅ​ជា​មួយ​នឹង​ពួក​ឡក‌ឡឺយ

6. ដ្បិត​គេ​បាន​រៀប‌ចំ​ចិត្ត​ដូច​ជា​ឡ​ហើយ កំពុង​ដែល​គេ​ចាំ​យាម នោះ​អ្នក​ដុត​នំបុ័ង​របស់​គេ​ក៏​ដេក​លក់​ទាល់​ភ្លឺ លុះ​ព្រឹក​ហើយ នោះ​ក៏​ឆេះ​ធ្លោ​ឡើង

7. គេ​សុទ្ធ​តែ​ក្តៅ​ដូច​ជា​ឡ គេ​ឆេះ​បន្សុស​ពួក​ចៅ‌ក្រម​គេ​ទៅ ឯ​ពួក​ស្តេច​របស់​គេ​ក៏​បាន​ដួល​អស់​ហើយ ក្នុង​ពួក​គេ​ឥត​មាន​អ្នក​ណា​មួយ​ដែល​អំពាវ‌នាវ​ដល់​អញ​ឡើយ។

8. ចំណែក​អេប្រា‌អិម គាត់​លាយ​ខ្លួន​នឹង​សាសន៍​ដទៃ​អេប្រា‌អិម​ជា​នំ ដែល​មិន​បាន​ប្រែ

9. ពួក​ដទៃ​បាន​បង្ហិន​កំឡាំង​គាត់​ទៅ តែ​គាត់​មិន​ដឹង​ខ្លួន​ទេ អើ មាន​សក់​ស្កូវ​ល្បាយ​នៅ​លើ​ក្បាល តែ​គាត់​ឥត​ដឹង​សោះ

10. ហើយ​សេចក្ដី​អំនួត​របស់​អ៊ីស្រា‌អែល ក៏​តែង​តែ​ធ្វើ​បន្ទាល់ ទាស់​នឹង​គាត់ ទោះ​បើ​កើត​មាន​ដូច្នោះ​ក៏​ដោយ គង់​តែ​គេ​មិន​បាន​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ខ្លួន​ទេ ក៏​មិន​បាន​ស្វែង​រក​ទ្រង់​ផង

11. អេប្រា‌អិម​ក៏​ដូច​ជា​ព្រាប‌អាប់​ឥត​ប្រាជ្ញា ហើយ​ឥត​យោបល់ គេ​ហៅ​រក​សាសន៍​អេស៊ីព្ទ តែ​គេ​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ​វិញ

12. កាល​ណា​គេ​ទៅ នោះ​អញ​នឹង​លាត‌មង​អញ​គ្រប​លើ​គេ អញ​នឹង​ទំលាក់​គេ​ចុះ​មក​ដូច​ជា​សត្វ​ហើរ​លើ​អាកាស ក៏​នឹង​វាយ‌ផ្ចាល​គេ ដូច​ជា​ពួក​ជំនុំ​គេ​បាន​ឮ​ហើយ

13. វេទនា​ដល់​គេ ដ្បិត​គេ​បាន​រសាត់​ព្រាត់​ឆ្ងាយ​ពី​អញ សូម​ឲ្យ​គេ​ត្រូវ​បំផ្លាញ​ចុះ ដ្បិត​គេ​បាន​រំលង​ទាស់​នឹង​អញ​ហើយ ទោះ​បើ​អញ​ចង់​លោះ​គេ​ក៏​ដោយ គង់​តែ​គេ​បាន​ពោល​ពាក្យ​ភូត‌ភរ​ទាស់​នឹង​អញ​ដែរ

14. គេ​មិន​បាន​អំពាវ‌នាវ​ដល់​អញ ដោយ​ស្មោះ​ពី​ចិត្ត​ទេ គឺ​បាន​ស្រែក​ទ្រហោ​នៅ​លើ​ដំណេក​គេ​វិញ គេ​ប្រជុំ​គ្នា​ឲ្យ​បាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ តែ​គេ​បះ‌បោរ​នឹង​អញ​វិញ

15. ទោះ​បើ​អញ​បាន​វាយ‌ផ្ចាល ឬ​ចំរើន​កំឡាំង​ដៃ​គេ​ក្តី គង់​តែ​គេ​បង្កើត​ការ​កំណាច​ទាស់​នឹង​អញ​ដែរ

16. គេ​ត្រឡប់​មក តែ​មិន​មែន​មក​ឯ​ព្រះ​ដ៏​ខ្ពស់​បំផុត​ទេ គេ​ប្រៀប​ដូច​ជា​ធ្នូ​ដែល​បាញ់​ទៅ​មិន​ត្រង់ ពួក​ចៅ‌ហ្វាយ​របស់​គេ នឹង​ត្រូវ​ដួល​ដោយ​ដាវ ដោយ​ព្រោះ​មោហ៍​គ្រប​នៃ​អណ្តាត​របស់​ខ្លួន នេះ​ឯង​បាន​ជា​ទី​មើល‌ងាយ​ដល់​គេ នៅ​ក្នុង​ស្រុក​អេស៊ីព្ទ។