ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 6 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​មក យើង​វិល​ត្រឡប់​ទៅ​ឯ​ព្រះ‌យេហូវ៉ា​ចុះ ដ្បិត​ទ្រង់​បាន​ហែក‌ហួរ​យើង​ហើយ ទ្រង់​ក៏​នឹង​ប្រោស​ឲ្យ​ជា​ផង ទ្រង់​បាន​វាយ​ឲ្យ​របួស ហើយ​ទ្រង់​នឹង​រុំ​បិទ​វិញ

2. នៅ​តែ​២​ថ្ងៃ នោះ​ទ្រង់​នឹង​ប្រោស​ឲ្យ​យើង​រាល់​គ្នា​បាន​រស់​ហើយ លុះ​ដល់​ថ្ងៃ​ទី​៣ ទ្រង់​នឹង​ឲ្យ​យើង​ក្រោក​ឡើង នោះ​យើង​នឹង​រស់​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ទ្រង់

3. ចូរ​ឲ្យ​យើង​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​ចុះ ហើយ​មាន​ព្យាយាម​នឹង​ស្គាល់​ទ្រង់​ត​ទៅ ឯ​ដំណើរ​ដែល​ទ្រង់​យាង​ចេញ​មក នោះ​ទៀង​ដូច​ជា​អរុណរៈ ហើយ​ទ្រង់​នឹង​យាង​មក​ឯ​យើង​រាល់​គ្នា ដូច​ជា​ទឹក​ភ្លៀង គឺ​ដូច​ជា​ភ្លៀង​ចុង​រដូវ ដែល​តែង​តែ​ស្រោច‌ស្រព​ផែនដី។

4. ឱ​អេប្រា‌អិម​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ឱ​យូដា​អើយ តើ​គួរ​ឲ្យ​អញ​ប្រោស​ដល់​ឯង​ជា​យ៉ាង​ណា ដ្បិត​សេចក្ដី​សប្បុរស​របស់​ឯង នោះ​ប្រៀប​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​បាត់​ទៅ​យ៉ាង​បន្ទាន់

5. ដោយ​ហេតុ​នោះ អញ​បាន​កាប់​គេ ដោយ‌សារ​ពួក​ហោរា ហើយ​បាន​សំឡាប់​គេ ដោយ​ពាក្យ​ពី​មាត់​អញ ឯ​សេចក្ដី​វិនិច្ឆ័យ​របស់​អញ នោះ​ប្រៀប​ដូច​ជា​ពន្លឺ​ដែល​ចាំង​មក

6. ដ្បិត​អញ​ពេញ​ចិត្ត​ចំពោះ​សេចក្ដី​សប្បុរស មិន​មែន​ចំពោះ​យញ្ញ‌បូជា​ទេ ហើយ​ពេញ​ចិត្ត​ចំពោះ​ការ​ស្គាល់​ព្រះ ជា​ជាង​ការ​ថ្វាយ​ដង្វាយ​ដុត​ទៅ​ទៀត

7. ប៉ុន្តែ​គេ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​ល្មើស គឺ​បាន​កន្លង​នឹង​សេចក្ដី​សញ្ញា គេ​បាន​ក្បត់​នឹង​អញ ក្នុង​សេចក្ដី​នោះ​ឯង

8. ការ​ឡាត​ជា​ទី​ក្រុង​របស់​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត គឺ​ត្រូវ​ប្រឡាក់​ដោយ​ឈាម​ហើយ

9. ពួក​ចោរ​ឃ្លាំ​ចាំ​ប្លន់​មនុស្ស​ជា​យ៉ាង​ណា ពួក​សង្ឃ​ក៏​កាប់​សំឡាប់​មនុស្ស​តាម​ផ្លូវ​ទៅ​ឯ​ស៊ីគែម​ដូច្នោះ​ដែរ អើ គេ​បាន​ប្រព្រឹត្ត​បទ​ដ៏​អាក្រក់​ណាស់​ផង

10. អញ​បាន​ឃើញ​ការ​យ៉ាង​សំបើម នៅ​ក្នុង​ពួក​វង្ស​អ៊ីស្រា‌អែល គឺ​មាន​ការ​កំផិត​របស់​ពួក​អេប្រា‌អិម ឯ​អ៊ីស្រា‌អែល​ក៏​បាន​ស្មោក‌គ្រោក​ដែរ

11. មួយ​ទៀត ឱ​យូដា​អើយ មាន​ការ​ចំរូត​ដំរូវ​មក​លើ​ឯង​ដែរ ក្នុង​កាល​ដែល​អញ​នាំ​ពួក​ឈ្លើយ​ក្នុង​រាស្ត្រ​អញ​ឲ្យ​មក​វិញ។