គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 5:7-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចំការ​របស់​គេ​ផង។

8. ចូរ​ផ្លុំ​ស្នែង នៅ​ត្រង់​គីបៀរ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​រ៉ាម៉ា​ចុះ ចូរ​ធ្វើ​សូរ​ជា​គ្រឿង​សំគាល់​ឡើង​នៅ​ត្រង់​បេត-អាវេន​ថា ឱ​បេន‌យ៉ា‌មីន​អើយ ន៍ គេ​មក​ខាង​ក្រោយ​ឯង​ហើយ

9. នៅ​ថ្ងៃ​ដែល​ត្រូវ​បន្ទោស​នោះ អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​ពូជ​អំបូរ​នៃ​អ៊ីស្រា‌អែល អញ​បាន​ឲ្យ​ដឹង​ដំណឹង​ពី​ការ​ដែល​ត្រូវ​កើត​មក​ជា​មិន​ខាន

10. ពួក​ចៅ‌ហ្វាយ​របស់​យូដា ប្រៀប​ដូច​ជា​មនុស្ស​ដែល​ដក​ព្រំ‌ខណ្ឌ​ចោល ដូច្នេះ អញ​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ​ដូច​ជា​ទឹក

11. អេប្រា‌អិម​ត្រូវ​សង្កត់‌សង្កិន គឺ​ត្រូវ​កិន​កំទេច​ក្នុង​ការ​វិនិច្ឆ័យ ពី​ព្រោះ​គេ​បាន​ស្ម័គ្រ​ចិត្ត​ដើរ​តាម​បង្គាប់​របស់​មនុស្ស

12. ដូច្នេះ អញ​នឹង​បាន​ដូច​ជា​ដង្កូវ​កាត់ ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​ជា​សេចក្ដី​ពុក​ផុយ​ដល់​ពួក​វង្ស​យូដា

13. កាល​អេប្រា‌អិម​បាន​ដឹង​អាការៈ​រោគ​របស់​ខ្លួន ហើយ​យូដា​បាន​ឃើញ​របួស​របស់​ខ្លួន នោះ​អេប្រា‌អិម​ក៏​ទៅ​ឯ​ស្រុក​អាស‌ស៊ើរ ហើយ​ចាត់​គេ​ទៅ​ឯ​ស្តេច​យ៉ារែប តែ​គេ​មិន​អាច​នឹង​រំងាប់​រោគ​ឯង ឬ​មើល​របួស​ឯង​ឲ្យ​សះ​បាន​ឡើយ

14. ដ្បិត​អញ​នឹង​បាន​ដូច​ជា​សិង្ហ​ដល់​ពួក​អេប្រា‌អិម ហើយ​ដូច​សិង្ហ​ស្ទាវ​ដល់​ពួក​វង្ស​យូដា អញ គឺ​អញ​នេះ​ហើយ នឹង​ហែក​គេ រួច​ចេញ​ទៅ​បាត់ អញ​នឹង​ពាំ​យក​គេ​ទៅ ឥត​មាន​អ្នក​ណា​ជួយ​ឲ្យ​រួច​បាន​ឡើយ

15. អញ​នឹង​វិល​ត្រឡប់​ទៅ​ឯ​ទី​កន្លែង​របស់​អញ ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​អញ​វិញ កាល​ណា​គេ​មាន​សេចក្ដី​វេទនា នោះ​គេ​នឹង​ស្វែង​រក​អញ​យ៉ាង​ស្រវា‌ស្រទេញ។

សូមអានជំពូកពេញលេញ ហូសេ 5