គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 5:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ឱ​ពួក​សង្ឃ​អើយ ចូរ​ស្តាប់​សេចក្ដី​នេះ ឱ​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ចូរ​ស្តាប់​ចុះ ឯ​ពូជ‌ពង្ស​នៃ​ស្តេច​អើយ ចូរ​ផ្ទៀង​ត្រចៀក​ដែរ ដ្បិត​សេចក្ដី​យុត្តិ‌ធម៌​កំពុង​តែ​កាត់​ទោស​ដល់​ឯង​រាល់​គ្នា​ហើយ ពី​ព្រោះ​ឯង​ជា​អន្ទាក់​នៅ​ត្រង់​មីសប៉ា ហើយ​ជា​មង​លាត​ទៅ​លើ​ភ្នំ​តាបោរ

2. ពួក​ក្បត់​បាន​ផុង​យ៉ាង​ជ្រៅ ចុះ​ក្នុង​ការ​សំឡាប់​សត្វ​ថ្វាយ​ដល់​រូប​ព្រះ ទោះ​បើ​អញ​បាន​ធ្វើ​ជា​អ្នក​បន្ទោស ដល់​គេ​គ្រប់​គ្នា​ក៏​ដោយ

3. អញ​ស្គាល់​អេប្រា‌អិម​ហើយ ឯ​អ៊ីស្រា‌អែល​ក៏​មិន​កំបាំង​ពី​អញ​ដែរ ដ្បិត​ឥឡូវ​នេះ ឱ​អេប្រា‌អិម​អើយ ឯង​បាន​ប្រព្រឹត្ត​សេចក្ដី​កំផិត ហើយ​អ៊ីស្រា‌អែល​ក៏​ស្មោក‌គ្រោក​ដូច​គ្នា

4. ការ​ប្រព្រឹត្ត​របស់​គេ​មិន​បើក​ឲ្យ​គេ​វិល​មក​ឯ​ព្រះ​នៃ​គេ​វិញ​បាន​ទេ ដ្បិត​និស្ស័យ​កំផិត​នៅ​ក្នុង​គេ​ហើយ គេ​មិន​បាន​ស្គាល់​ព្រះ‌យេហូវ៉ា​សោះ

5. សេចក្ដី​អំនួត​របស់​ពួក​អ៊ីស្រា‌អែល​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ហេតុ​នោះ​បាន​ជា​អ៊ីស្រា‌អែល ហើយ​អេប្រា‌អិម នឹង​ត្រូវ​ចំពប់​ដួល​ចុះ​ក្នុង​អំពើ​ទុច្ចរិត​របស់​ខ្លួន ឯ​យូដា​ក៏​នឹង​ចំពប់​ដួល​ចុះ​ជា​មួយ​នឹង​គេ​ដែរ

6. គេ​នឹង​នាំ​ទាំង​ហ្វូង​សត្វ​ធំ​តូច ទៅ​ស្វែង​រក​ព្រះ‌យេហូវ៉ា តែ​នឹង​មិន​ប្រទះ​ឃើញ​ទ្រង់​ទេ ដ្បិត​ទ្រង់​បាន​ថយ​ចេញ​ពី​គេ​ហើយ

7. គេ​បាន​ប្រព្រឹត្ត​ការ​កំបត់​ចំពោះ​ព្រះ‌យេហូវ៉ា ដ្បិត​គេ​បាន​បង្កើត​កូន​កំផិត​ឡើង ដូច្នេះ ដល់​ចូល​ខែ​ថ្មី គេ​នឹង​ត្រូវ​វិនាស​ទៅ ព្រម​ទាំង​ស្រែ​ចំការ​របស់​គេ​ផង។

8. ចូរ​ផ្លុំ​ស្នែង នៅ​ត្រង់​គីបៀរ ហើយ​ផ្លុំ​ត្រែ​នៅ​ត្រង់​រ៉ាម៉ា​ចុះ ចូរ​ធ្វើ​សូរ​ជា​គ្រឿង​សំគាល់​ឡើង​នៅ​ត្រង់​បេត-អាវេន​ថា ឱ​បេន‌យ៉ា‌មីន​អើយ ន៍ គេ​មក​ខាង​ក្រោយ​ឯង​ហើយ

9. នៅ​ថ្ងៃ​ដែល​ត្រូវ​បន្ទោស​នោះ អេប្រា‌អិម​នឹង​ត្រឡប់​ទៅ​ជា​ទី​ខូច​បង់ នៅ​កណ្តាល​អស់​ទាំង​ពូជ​អំបូរ​នៃ​អ៊ីស្រា‌អែល អញ​បាន​ឲ្យ​ដឹង​ដំណឹង​ពី​ការ​ដែល​ត្រូវ​កើត​មក​ជា​មិន​ខាន

10. ពួក​ចៅ‌ហ្វាយ​របស់​យូដា ប្រៀប​ដូច​ជា​មនុស្ស​ដែល​ដក​ព្រំ‌ខណ្ឌ​ចោល ដូច្នេះ អញ​នឹង​ចាក់​សេចក្ដី​ក្រោធ​របស់​អញ​ទៅ​លើ​គេ​ដូច​ជា​ទឹក

សូមអានជំពូកពេញលេញ ហូសេ 5