គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 4:9-19 ព្រះគម្ពីរបរិសុទ្ធ (KHOV)

9. នៅ​គ្រា​នោះ បណ្តា‌ជន​ជា​យ៉ាង​ណា សង្ឃ​ក៏​នឹង​យ៉ាង​នោះ​ដែរ ហើយ​អញ​នឹង​ធ្វើ​ទោស​គេ ដោយ​ព្រោះ​អំពើ​ប្រព្រឹត្ត​របស់​គេ ព្រម​ទាំង​សង​ដល់​គេ តាម​កិរិយា​របស់​គេ​ផង

10. នោះ​គេ​នឹង​ស៊ី តែ​មិន​បាន​ឆ្អែត​ទេ ក៏​នឹង​ប្រព្រឹត្ត​សេចក្ដី​កំផិត តែ​ឥត​បាន​ចំរើន​គ្នា​ដែរ គឺ​ដោយ​ព្រោះ​គេ​បាន​លែង​ប្រយ័ត្ន​ចំពោះ​ព្រះ‌យេហូវ៉ា​ទៅ។

11. ឯ​ការ​កំផិត ស្រា​ទំពាំង‌បាយ‌ជូរ និង​ទឹក​ទំពាំង‌បាយ‌ជូរ​ថ្មី នោះ​រមែង​ដក​យោបល់​ចេញ

12. រាស្ត្រ​អញ​គេ​សូម​សេចក្ដី​ប្រឹក្សា​ចំពោះ​ដុំ​ឈើ គឺ​ជា​ឈើ​ផ្សង​របស់​គេ​ដែល​ឲ្យ​គេ​យល់​វិញ ដ្បិត​និស្ស័យ​នៃ​ការ​កំផិត​បាន​ឲ្យ​គេ​ប្រព្រឹត្ត​កន្លង គេ​បាន​ប្រព្រឹត្ត​ការ​កំផិត ដោយ​ក្បត់​ចំពោះ​ព្រះ​របស់​ខ្លួន​ហើយ

13. គេ​ថ្វាយ​យញ្ញ‌បូជា​នៅ​លើ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ក៏​ដុត​កំញាន​នៅ​លើ​ភ្នំ​តូច នៅ​ក្រោម​ដើម​ម៉ៃសាក់ ដើម​រលួស និង​ដើម​ពោធិ៍​ទាំង​អស់​ដែរ ពី​ព្រោះ​ដើម​ទាំង​នោះ​មាន​ម្លប់​ល្អ គឺ​ហេតុ​នោះ​បាន​ជា​កូន​ស្រី​របស់​ឯង​រាល់​គ្នា​បាន​កន្លង​បវេណី ហើយ​អស់​ទាំង​ប្រពន្ធ​ថ្មោង‌ថ្មី​ក្នុង​ពួក​ឯង​រាល់​គ្នា​ក៏​ប្រព្រឹត្ត​កំផិត​ដែរ

14. អញ​នឹង​មិន​ធ្វើ​ទោស​ដល់​កូន​ស្រី​របស់​ឯង ក្នុង​កាល​ដែល​ប្រព្រឹត្ត​កន្លង​បវេណី ឬ​ដល់​ប្រពន្ធ​ថ្មោង‌ថ្មី ក្នុង​កាល​ដែល​ប្រព្រឹត្ត​កំផិត​នោះ​ទេ ដ្បិត​ពួក​ប្រុសៗ​ក៏​ដក​ខ្លួន​ទៅ​ដោយ‌ឡែក ជា​មួយ​នឹង​ពួក​សំផឹង​ដែរ គេ​ថ្វាយ​យញ្ញ‌បូជា​ជា​មួយ​នឹង​ពួក​កំផិត ដូច្នេះ ជន​ទាំង‌ឡាយ​ដែល​ឥត​មាន​យោបល់​នេះ គេ​នឹង​ត្រូវ​វិនាស​បង់។

15. ឱ​អ៊ីស្រា‌អែល​អើយ ទោះ​បើ​ឯង​ប្រព្រឹត្ត​ការ​កំផិត​ក៏​មែន​ហើយ ប៉ុន្តែ​មិន​ត្រូវ​ឲ្យ​យូដា​ទៅ​ជា​មាន​ទោស​ឡើយ កុំ​ឲ្យ​ឯង​ឡើង​មក​ឯ​គីលកាល ក៏​កុំ​ឲ្យ​ឯង​ឡើង​ទៅ​ឯ​បេត-អាវេន ឬ​ស្បថ​ថា «ដូច​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌ជន្ម​រស់​នៅ»នោះ​ដែរ

16. ដ្បិត​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​ដោយ​រឹង‌ចចេស ដូច​ជា​គោ​ក្រមុំ‌ក្រាញ ឥឡូវ​នេះ តើ​ព្រះ‌យេហូវ៉ា​ទ្រង់​ត្រូវ​ឃ្វាល​គេ ដូច​ជា​កូន​ចៀម នៅ​ទី​វាល​ធំ​ទូលាយ​ឬ​អី

17. ឯ​អេប្រា‌អិម​វា​ភ្ជាប់​ខ្លួន​តាម​រូប​ព្រះ​ហើយ តាម​តែ​វា​ចុះ

18. គ្រឿង​ផឹក​របស់​គេ​បាន​ទៅ​ជា​ជួរ​ហើយ គេ​ប្រព្រឹត្ត​សេចក្ដី​កំផិត​ជានិច្ច ឯ​ពួក​គ្រប់‌គ្រង​លើ​គេ​ក៏​គាប់​ចិត្ត​ចំពោះ​តែ​អំពើ​គួរ​ខ្មាស

19. ខ្យល់​បាន​ក្តោប​គេ​ដោយ​ស្លាប គេ​នឹង​ត្រូវ​មាន​សេចក្ដី​ខ្មាស ដោយ​ព្រោះ​យញ្ញ‌បូជា​ទាំង​ប៉ុន្មាន​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ហូសេ 4