គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហូសេ 13:1-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ពី​ដើម​អេប្រា‌អិម​ពោល​ឡើង​កាល​ណា នោះ​មនុស្ស​ក៏​រន្ធត់​ញាប់‌ញ័រ គេ​បាន​ដំកើង​ខ្លួន​ឡើង ក្នុង​ពួក​អ៊ីស្រា‌អែល តែ​កាល​គេ​មាន​ទោស ពី​ដំណើរ​ព្រះ​បាល នោះ​គេ​ត្រូវ​ស្លាប់​វិញ

2. ហើយ​ឥឡូវ​នេះ គេ​ធ្វើ​បាប​រឹត​តែ​ច្រើន​ឡើង​ជានិច្ច គេ​បាន​យក​ប្រាក់​របស់​គេ​សិត​ធ្វើ​ជា​រូប គឺ​ជា​រូប​ព្រះ​តាម​យោបល់​របស់​ខ្លួន សុទ្ធ​តែ​ជា​ស្នាដៃ​នៃ​ពួក​ជាង ហើយ​គេ​ប្រកាស​ពី​រូប​ទាំង​នោះ​ថា ចូរ​ឲ្យ​អស់​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា មក​ថើប​រូប​កូន​គោ​នេះ​ចុះ

3. ហេតុ​ដូច្នោះ​គេ​នឹង​បាន​ដូច​ជា​ពពក​នៅ​ពេល​ព្រលឹម ហើយ​ដូច​ជា​ទឹក​សន្សើម​ដែល​សូន្យ​បាត់​យ៉ាង​បន្ទាន់ គឺ​ដូច​ជា​អង្កាម​ដែល​ខ្យល់​កួច​ផាត់​ចេញ​ពី​លាន​ស្រូវ ហើយ​ដូច​ជា​ផ្សែង​ដែល​ហុយ​ចេញ​ពី​ជើង‌ក្រាន។

4. ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​ឲ្យ​ឯង​ស្គាល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​អញ​ឡើយ ក្រៅ​ពី​អញ គ្មាន​ព្រះ‌អង្គ​សង្គ្រោះ​ណា​មួយ​សោះ

5. អញ​បាន​ស្គាល់​ឯង កាល​នៅ​ទី​រហោ‌ស្ថាន គឺ​នៅ​ទី​ហួត‌ហែង

6. ឯង​បាន​ឆ្អែត តាម​សណ្ឋាន​នៃ​ទី​ឃ្វាល​របស់​ឯង លុះ​បាន​ឆ្អែត​ហើយ នោះ​ឯង​កើត​មាន​ចិត្ត​ប៉ោង​ឡើង គឺ​ហេតុ​នោះ​បាន​ជា​ឯង​ភ្លេច​អញ​ទៅ

7. ដូច្នេះ អញ​ដូច​ជា​សិង្ហ​ដល់​ឯង អញ​នឹង​លប​ចាំ​តាម​ផ្លូវ​ដូច​ជា​ខ្លា​រខិន

8. អញ​នឹង​សង្ខុញ​ចូល​ទៅ​លើ​ឯង ដូច​ជា​ខ្លា‌ឃ្មុំ​ដែល​ត្រូវ​ព្រាត់​ពី​កូន គឺ​អញ​នឹង​ហែក​ស្រោម​បេះ‌ដូង​ឯង​ចេញ នៅ​ទី​នោះ​នឹង​ត្របាក់​ស៊ី​ឯង​ទៅ ដូច​ជា​សិង្ហ​ញី ឯ​សត្វ​ព្រៃ​នឹង​ហែក​ឯង​ដែរ។

សូមអានជំពូកពេញលេញ ហូសេ 13