គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាបាគូក 2:10-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

10. ឯង​គិត‌គូរ​បង្កើត​សេចក្ដី​អាម៉ាស់​ខ្មាស​ដល់​ផ្ទះ​ឯង​វិញ ដោយ​ផ្តាច់‌ផ្តិល​ជន‌ជាតិ​ជា​ច្រើន ក៏​មាន​បាប​ទាស់​នឹង​ព្រលឹង​ឯង​ហើយ

11. ដ្បិត​ថ្ម​ជញ្ជាំង​នឹង​ស្រែក​ចេញ​មក ហើយ​ធ្នឹម​នៅ​កណ្តាល​អស់​ទាំង​គ្រឿង​ឈើ​នឹង​ឆ្លើយ​ទទួល។

12. វេទនា​ដល់​អ្នក​ណា​ដែល​តាំង​ភូមិ ដោយ​កំចាយ​ឈាម ហើយ​សង់​ទី​ក្រុង​ដោយ​ការ​ទុច្ចរិត

13. មើល ដែល​ជន‌ជាតិ​ទាំង‌ឡាយ​ខំ​ធ្វើ​ការ​សំរាប់​តែ​ឲ្យ​ភ្លើង​ឆេះ ហើយ​សាសន៍​ទាំង​ប៉ុន្មាន ក៏​ប្រឹង​ធ្វើ​នឿយ‌ហត់​ជា​ឥត​ប្រយោជន៍ នោះ​តើ​មិន​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទេ​ឬ

14. ដ្បិត​មនុស្ស​នឹង​ស្គាល់​ដល់​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា នៅ​ពេញ​លើ​ផែនដី ដូច​ជា​ទឹក​ក៏​នៅ​ពេញ​សមុទ្រ​ដែរ។

15. វេទនា​ដល់​អ្នក​ណា ដែល​បំផឹក​ដល់​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ

16. ឯង​ឆ្អែត​ពេញ​ដោយ​សេចក្ដី​អាម៉ាស់​ខ្មាស មិន​មែន​ជា​សិរី‌ល្អ​ទេ ចូរ​ឲ្យ​ឯង​ផឹក​ដែរ ហើយ​ឲ្យ​គេ​ឃើញ​ថា ឯង​មិន​បាន​កាត់​ស្បែក​ពិត ឯ​ពែង​នៅ​ព្រះ‌ហស្ត​ស្តាំ​នៃ​ព្រះ‌យេហូវ៉ា នោះ​នឹង​វិល​មក​ដល់​ឯង​ដូច​គ្នា ហើយ​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ជួ‌ជាតិ នឹង​គ្រប​លើ​សិរី‌ល្អ​របស់​ឯង​វិញ

17. ដ្បិត​ការ​ច្រឡោត​ដែល​បាន​ធ្វើ​ដល់​ព្រៃ​ល្បាណូន​នឹង​គ្រប​លើ​ឯង ព្រម​ទាំង​ការ​បំផ្លាញ​អស់​ទាំង​សត្វ ដែល​នាំ​ឲ្យ​វា​ភ័យ​ភ្ញាក់ផង ដោយ​ព្រោះ​ឈាម​មនុស្ស និង​ការ​ច្រឡោត ដែល​បាន​ធ្វើ​នៅ​ក្នុង​ស្រុក​គេ ហើយ​ដល់​ទី​ក្រុង និង​មនុស្ស​ទាំង​ប៉ុន្មាន ដែល​នៅ​ក្នុង​ក្រុង​នោះ​ផង។

18. ឯ​រូប​ឆ្លាក់ តើ​មាន​ប្រយោជន៍​អ្វី បាន​ជា​ជាង​ឆ្លាក់​ធ្វើ​វា និង​រូប​សិត គឺ​ជា​គ្រូ​បង្រៀន​សេចក្ដី​កំភូត​នោះ​ផង បាន​ជា​ជាង ដែល​សិត​ធ្វើ​រាង​រូប​នោះ ក៏​យក​ជា​ទី​ទុក​ចិត្ត​របស់​ខ្លួន ដើម្បី​នឹង​បង្កើត​រូប​ព្រះ​គ​ឡើង​ដូច្នេះ

19. វេទនា​ដល់​អ្នក​ណា​ដែល​និយាយ​ដល់​ដុំ​ឈើ​ថា សូម​តើន​ឡើង ហើយ​ដល់​ដុំ​ថ្ម​គ​ថា សូម​ក្រោក​ឡើង​ចុះ តើ​រូប​នោះ​នឹង​បង្រៀន​បាន​ឬ មើល គេ​ស្រោប​វា​ដោយ​មាស និង​ប្រាក់​តែ​គ្មាន​ខ្យល់​ដង្ហើម​នៅ​ខាង​ក្នុង​ទេ

20. ឯ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​ក្នុង​ព្រះ‌វិហារ​បរិសុទ្ធ​របស់​ទ្រង់​វិញ ចូរ​ឲ្យ​ផែនដី​ទាំង​មូល​ស្ងៀម​នៅ​ចំពោះ​ទ្រង់​ចុះ។

សូមអានជំពូកពេញលេញ ហាបាគូក 2