គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ហាកាយ 2:3-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ក្នុង​ពួក​ឯង​រាល់​គ្នា តើ​មាន​សល់​អ្នក​ណា​ខ្លះ ធ្លាប់​បាន​ឃើញ​ព្រះ‌វិហារ​នេះ តាម​សិរី‌ល្អ​ជាន់​ដើម​ដែរ​ឬ ចុះ​ឥឡូវ​នេះ តើ​ឃើញ​ជា​យ៉ាង​ណា​នៅ​ភ្នែក​ឯង​រាល់​គ្នា​ដែល​ធៀប‌ផ្ទឹម​គ្នា តើ​ព្រះ‌វិហារ​នេះ​មិន​មែន​ដូច​ជា​ទទេ​សោះ​ទេ​ឬ​អី

4. ទោះ​បើ​យ៉ាង​នោះ គង់​តែ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ឱ​សូរ៉ូ‌បា‌បិល​អើយ ចូរ​មាន​កំឡាំង​ឥឡូវ​ចុះ ឱ​យេសួរ ជា​កូន​យ៉ូសាដាក​ដ៏​ជា​សង្ឃ​ធំ​អើយ ចូរ​មាន​កំឡាំង​ដែរ ឯង​រាល់​គ្នា​ជា​ជន‌ជាតិ​នៃ​ស្រុក​នេះ​អើយ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​មាន​កំឡាំង ហើយ​ធ្វើ​ការ​ទៅ ដ្បិត​អញ​នៅ​ជា​មួយ​នឹង​ឯង​ហើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

5. គឺ​ជា​ពាក្យ ដែល​អញ​តាំង​ជា​សញ្ញា​នឹង​ឯង​រាល់​គ្នា ក្នុង​កាល​ដែល​ឯង​ឡើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​វិញ្ញាណ​របស់​អញ​ក៏​ស្ថិត​នៅ​ជា​មួយ​នឹង​ឯង​រាល់​គ្នា​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ

6. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​តែ​បន្តិច​ទៀត អញ​នឹង​អង្រួន​ទាំង​ផ្ទៃ​មេឃ និង​ផែនដី ទាំង​សមុទ្រ និង​ទី​គោក​ផង

7. ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី‌ល្អ

8. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ

9. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ថា សិរី‌ល្អ​របស់​វិហារ​ជាន់​ក្រោយ​នេះ នឹង​បាន​លើស​ជាង​ជាន់​មុន​ទៅ​ទៀត ហើយ​អញ​នឹង​ឲ្យ​មាន​សេចក្ដី​សុខ‌សាន្ត​នៅ​ទី​នេះ​ផង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ។

10. នៅ​ថ្ងៃ​២៤ ខែ​មិគសិរ ក្នុង​ឆ្នាំ​ទី​២ នៃ​រាជ្យ​ដារី‌យុស នោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​បាន​មក ដោយ‌សារ​ហោរា​ហាកាយ​ថា

11. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឥឡូវ​នេះ ចូរ​សួរ​ពួក​សង្ឃ​ពី​ដំណើរ​ក្រឹត្យ‌វិន័យ​ថា

12. បើ​អ្នក​ណា​ដក់​សាច់​ដ៏​បរិសុទ្ធ​ក្នុង​ថ្នក់​អាវ​ទៅ​ឯ​ណា រួច​អាវ​ប៉ះ​នឹង​នំបុ័ង សំឡ ស្រា​ទំពាំង‌បាយ‌ជូរ ប្រេង ឬ​ម្ហូប​អ្វី​ក៏​ដោយ តើ​របស់​នោះ​នឹង​បាន​បរិសុទ្ធ​ដែរ​ឬ នោះ​ពួក​សង្ឃ​បាន​ឆ្លើយ​ថា ទេ

13. រួច​ហាកាយ​សួរ​ថា បើ​សិន​ជា​អ្នក​ណា​ដែល​មិន​ស្អាត ដោយ​ព្រោះ​ខ្មោច​ស្លាប់ គេ​បាន​ប៉ះ​នឹង​របស់​ណា​មួយ​នោះ តើ​របស់​នោះ​នឹង​ត្រឡប់​ជា​មិន​ស្អាត​ដែរ​ឬ ពួក​សង្ឃ​ក៏​ឆ្លើយ​ថា នឹង​ត្រឡប់​ជា​មិន​ស្អាត​ជា​ពិត

14. រួច​ហាកាយ​ពោល​សប​វិញ​ថា ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ បណ្តា‌ជន​នេះ និង​សាសន៍​នេះ​ក៏​ដូច្នោះ​នៅ​ចំពោះ​អញ​ដែរ ព្រម​ទាំង​ការ​ទាំង​ប៉ុន្មាន​ដែល​ដៃ​គេ​ធ្វើ និង​ដង្វាយ​ដែល​គេ​ថ្វាយ​នៅ​ទី​នោះ ក៏​សុទ្ធ​តែ​មិន​ស្អាត​ដូច​គ្នា​ផង

សូមអានជំពូកពេញលេញ ហាកាយ 2