គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផានា 3:1-14 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. វេទនា​ដល់​ទី​ក្រុង​រឹង‌ចចេស ហើយ​ស្មោក‌គ្រោក គឺ​ដល់​ទី​ក្រុង​ដែល​សង្កត់‌សង្កិន​គេ

2. វា​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ក៏​មិន​ព្រម​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ ហើយ​មិន​ទុក​ចិត្ត​ទ្រង់​សោះ ក៏​ឥត​ចូល​ទៅ​ជិត​ព្រះ​នៃ​ខ្លួន​ឡើយ

3. ពួក​ចៅ‌ហ្វាយ​នៅ​កណ្តាល​វា សុទ្ធ​តែ​ជា​សិង្ហ​កំពុង​គ្រហឹម ពួក​ចៅ‌ក្រម​របស់​វា​ជា​ឆ្កែ​ព្រៃ​ដែល​ចេញ​មក​នៅ​ពេល​ល្ងាច ហើយ​មិន​ទុក​អ្វី​ដល់​ព្រឹក​ឡើយ

4. ពួក​ហោរា​របស់​វា សុទ្ធ​តែ​មាន​ចិត្ត​ស្រាល ហើយ​កោង​ក្បត់ ឯ​ពួក​សង្ឃ​របស់​វា ក៏​បាន​បង្អាប់​ទី​បរិសុទ្ធ គេ​បាន​ក្បត់​ចំពោះ​ក្រឹត្យ‌វិន័យ

5. តែ​ព្រះ‌យេហូវ៉ា​ដែល​គង់​នៅ​កណ្តាល​វា ទ្រង់​សុចរិត​ទេ ទ្រង់​មិន​ព្រម​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​សោះ​រាល់​តែ​ព្រឹក ទ្រង់​នាំ​យក​សេចក្ដី​យុត្តិ‌ធម៌​របស់​ទ្រង់​មក​ដាក់​នៅ​ពន្លឺ ឥត​ខាន​ឡើយ តែ​មនុស្ស​អាក្រក់​មិន​ចេះ​ខ្មាស​ទេ

6. អញ​បាន​ធ្វើ​ឲ្យ​នគរ​ផ្សេងៗ​វិនាស​ទៅ កំផែង​របស់​គេ​ត្រូវ​រលំ​ចុះ អញ​បាន​ធ្វើ​ឲ្យ​ផ្លូវ​គេ​ខូច​បង់ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​ដើរ​តាម​នោះ​ទៀត​ឡើយ ទី​ក្រុង​របស់​គេ​បាន​ត្រូវ​បំផ្លាញ ដល់‌ម៉្លេះ​បាន​ជា​គ្មាន​មនុស្ស​សោះ គឺ​គ្មាន​អ្នក​ណា​អាស្រ័យ​នៅ​ទេ

7. អញ​បាន​ប្រាប់​ថា ឲ្យ​គ្រាន់​តែ​កោត‌ខ្លាច​ដល់​អញ ហើយ​ទទួល​សេចក្ដី​ប្រៀន‌ប្រដៅ​ចុះ នោះ​ទី​លំនៅ​របស់​គេ​មិន​ត្រូវ​កាត់​ចេញ តាម​គ្រប់​អស់​ទាំង​សេចក្ដី​ដែល​អញ​បាន​ដំរូវ​ដល់​គេ​នោះ​ឡើយ តែ​គេ​បាន​ក្រោក​ឡើង​ពី​ព្រលឹម​ស្រាង ដើម្បី​បង្ខូច​អស់​ទាំង​កិរិយា​របស់​ខ្លួន​វិញ។

8. ដូច្នេះ ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា ចូរ​ឯង​រាល់​គ្នា​រង់‌ចាំ ដរាប​ដល់​ថ្ងៃ​ដែល​អញ​ក្រោក​ឡើង​សង្គ្រុប​លើ​គេ ពី​ព្រោះ​អញ​បាន​គិត​សំរេច នឹង​ប្រមូល​អស់​ទាំង​សាសន៍ ដើម្បី​នឹង​ភ្ជុំ​នគរ​ទាំង​ប៉ុន្មាន ប្រយោជន៍​នឹង​ចាក់​សេចក្ដី​គ្នាន់‌ក្នាញ់​របស់​អញ គឺ​ជា​សេចក្ដី​ក្រេវ‌ក្រោធ​ដ៏​សហ័ស​របស់​អញ​ទៅ​លើ​គេ ដ្បិត​ផែនដី​ទាំង​មូល​នឹង​ត្រូវ​ឆេះ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​អញ។

9. នៅ​គ្រា​នោះ អញ​នឹង​ឲ្យ​ជន‌ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​នឹង​គោរព​ដល់​ទ្រង់

10. ពួក​ថ្វាយ‌បង្គំ​អញ គឺ​កូន​ស្រី​នៃ​ពួក​អញ​ដែល​ត្រូវ​ខ្ចាត់​ខ្ចាយ គេ​នឹង​នាំ​យក​ដង្វាយ​ពី​ខាង​នាយ​អស់​ទាំង​ទន្លេ​ស្រុក​អេធីយ៉ូពី មក​ថ្វាយ​អញ

11. នៅ​ថ្ងៃ​នោះ ឯង​មិន​ត្រូវ​ខ្មាស​ដោយ​ព្រោះ​អស់​ទាំង​កិរិយា ដែល​ឯង​បាន​ធ្វើ គឺ​ជា​ការ​ដែល​ឯង​បាន​រំលង​ទាស់​នឹង​អញ​ទៀត​នោះ​ឡើយ ដ្បិត​នៅ​គ្រា​នោះ អញ​នឹង​ដក​យក​ពួក​អ្នក​ដែល​អួត‌អាង ដោយ​ឆ្មើង‌ឆ្មៃ ចេញ​ពី​កណ្តាល​ឯង​ទៅ នោះ​ឯង​នឹង​លែង​មាន​ចិត្ត​អំនួត នៅ​លើ​ភ្នំ​បរិសុទ្ធ​របស់​អញ​ត​ទៅ

12. តែ​អញ​នឹង​ទុក​ជន​មួយ​ពួក​ដែល​វេទនា ហើយ​កំសត់​ទុគ៌ត​នៅ​កណ្តាល​ឯង ឯ​ពួក​នោះ គេ​នឹង​ពឹង​ដល់​ព្រះ‌នាម​នៃ​ព្រះ‌យេហូវ៉ា

13. ពួក​សំណល់​នៃ​អ៊ីស្រា‌អែល នឹង​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ឬ​ពោល​កុហក​ទៀត​ឡើយ ក៏​នឹង​ឥត​ឃើញ​មាន​អណ្តាត​ឆ‌បោក​នៅ​ក្នុង​មាត់​គេ​ដែរ ដ្បិត​គេ​នឹង​រក​ស៊ី ហើយ​ដេក​ចុះ ឥត​មាន​អ្នក​ណា​បំភ័យ​គេ​ឡើយ។

14. ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ

សូមអានជំពូកពេញលេញ សេផានា 3