គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផានា 2:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ម្នាល នគរ​ឥត​ខ្មាស​អើយ ចូរ​មូល​គ្នា​មក អើ ចូរ​មូល​គ្នា

2. មុន​កំណត់​ដែល​ត្រូវ​សំរេច​តាម​ច្បាប់ គឺ​មុន​ដែល​ថ្ងៃ​នោះ​កន្លង​បាត់​ទៅ​ដូច​ជា​អង្កាម មុន​ដែល​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា អើ​មុន​ដែល​ថ្ងៃ​មក​ដល់ ក្នុង​កាល​ដែល​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​មក​លើ​អ្នក​រាល់​គ្នា

3. អស់​អ្នក​រាបសា​នៅ​ផែនដី​ដែល​រក្សា​អស់​ទាំង​បញ្ញត្ត​ច្បាប់​របស់​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្វែង​រក​ទ្រង់ ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ចូរ​ស្វែង​រក​សេចក្ដី​សុភាព​ចុះ ប្រហែល​ជា​អ្នក​រាល់​គ្នា​នឹង​បាន​បាំង​ទុក​នៅ​ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ទេ​ដឹង។

4. ដ្បិត​ក្រុង​កាសា​នឹង​ត្រូវ​ស្ងាត់​ច្រៀប ហើយ​ក្រុង​អាស‌កា‌ឡូន​នឹង​ត្រូវ​ខូច​បង់ ឯ​ពួក​ក្រុង​អាសដូឌ នឹង​ត្រូវ​បណ្តេញ​ចេញ​ទៅ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ក្រុង​អេក្រុន​នឹង​ត្រូវ​រំលើង​ទៅ​ដែរ

5. វេទនា​ដល់​ពួក​អ្នក​ដែល​អាស្រ័យ​នៅ​តាម​ឆ្នេរ​សមុទ្រ ជា​សាសន៍​កេរេ‌ធីម​នោះ ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ទាស់​នឹង​ឯង​រាល់​គ្នា ម្នាល​កាណាន ជា​ស្រុក​របស់​ពួក​ភីលីស្ទីន​អើយ អញ​នឹង​បំផ្លាញ​ឯង មិន​ឲ្យ​មាន​អ្នក​ណា​គង់​នៅ​ទៀត​ឡើយ

6. នោះ​ស្រុក​តាម​ឆ្នេរ​សមុទ្រ​នឹង​បាន​ជា​ទី​សំរាប់​ឃ្វាល​សត្វ មាន​ទាំង​ទី​លំនៅ​សំរាប់​ពួក​អ្នក​គង្វាល និង​ក្រោល​សំរាប់​ហ្វូង​ចៀម​ដែរ

7. ស្រុក​នោះ​នឹង​បាន​សំរាប់​សំណល់​នៃ​ពួក​វង្ស​យូដា គេ​នឹង​ឃ្វាល​ហ្វូង​សត្វ​របស់​គេ​នៅ​ទី​នោះ នៅ​ពេល​យប់ គេ​នឹង​ដេក​ក្នុង​ផ្ទះ​នៅ​ក្នុង​អាស‌កា‌ឡូន ពី​ព្រោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ​ទ្រង់​នឹង​ប្រោស​គេ ហើយ​នាំ​ពួក​គេ​ដែល​ជាប់​ជា​ឈ្លើយ​មក​វិញ។

8. អញ​បាន​ឮ​ពាក្យ​ដំនៀល​របស់​សាសន៍​ម៉ូអាប់ និង​ពាក្យ​ជេរ​ប្រមាថ​របស់​ពួក​កូន​ចៅ​អាំម៉ូន គឺ​ជា​ពាក្យ​ដែល​គេ​ត្មះ‌តិះដៀល​ដល់​រាស្ត្រ​អញ ហើយ​បាន​ដំកើង​ខ្លួន​គេ​ទាស់​នឹង​ព្រំ​ស្រុក​របស់​រាស្ត្រ​អញ​ផង

9. ហេតុ​នោះ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ទ្រង់​ស្បថ​ថា ដូច​ជា​អញ​រស់​នៅ ពិត​ប្រាកដ​ជា​ស្រុក​ម៉ូអាប់​នឹង​បាន​ដូច​ជា​ក្រុង​សូដុំម ហើយ​ពួក​កូន​ចៅ​អាំម៉ូន​នឹង​បាន​ដូច​ជា​ក្រុង​កូម៉ូរ៉ា​ដែរ គឺ​ជា​ទី​មាន​សុទ្ធ​តែ​ដើម​កន្ទេច‌អាល និង​អណ្តូង​អំបិល ជា​ទី​ខូច​បង់​នៅ​ជានិច្ច ឯ​សំណល់​នៃ​រាស្ត្រ​អញ នឹង​ប្លន់​គេ ហើយ​សំណល់​នៃ​នគរ​អញ នឹង​ចាប់​យក​គេ​ជា​មរដក

10. នេះ​ជា​សេចក្ដី​ដែល​នឹង​កើត​មាន​ដល់​គេ ដោយ​ព្រោះ​សេចក្ដី​អំនួត​របស់​គេ ពី​ព្រោះ​គេ​បាន​ត្មះ‌តិះដៀល ហើយ​ដំកើង​ខ្លួន ទាស់​នឹង​រាស្ត្រ​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

11. ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​បាន​ជា​ទី​ស្ញែង​ខ្លាច​ដល់​គេ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​ទាំង​រូប​ព្រះ នៅ​ផែនដី​រៀវ​សូន្យ​ទៅ នោះ​មនុស្ស​ទាំង‌ឡាយ​នឹង​ថ្វាយ‌បង្គំ​ដល់​ទ្រង់​វិញ គ្រប់​គ្នា​នឹង​ថ្វាយ‌បង្គំ​នៅ​កន្លែង​របស់​ខ្លួន គឺ​អស់​ទាំង​កោះ​របស់​សាសន៍​ផ្សេងៗ​ផង។

12. ឯ​ឯង​រាល់​គ្នា ជា​សាសន៍​អេធីយ៉ូពី ក៏​នឹង​ត្រូវ​ស្លាប់​ដោយ​ដាវ​របស់​អញ​ដែរ

សូមអានជំពូកពេញលេញ សេផានា 2