គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សេផានា 1:5-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

5. នឹង​ពួក​អ្នក​ដែល​ឡើង​ទៅ​លើ​ដំបូល​ផ្ទះ ដើម្បី​ថ្វាយ‌បង្គំ​ដល់​ពល‌បរិវារ​នៅ​លើ​មេឃ ហើយ​ពួក​អ្នក​ដែល​ថ្វាយ‌បង្គំ គឺ​ដែល​ស្បថ​ដល់​ទាំង​ព្រះ‌យេហូវ៉ា និង​ដល់​ព្រះ‌ម៉ូឡុក​ផង

6. ហើយ​ពួក​អ្នក​ដែល​បាន​រា‌ថយ ចេញ​ពី​ការ​គោរព​តាម​ព្រះ‌យេហូវ៉ា និង​ពួក​អ្នក​ដែល​មិន​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ឬ​ស៊ើប‌សួរ​តាម​ទ្រង់​សោះ។

7. ចូរ​ឲ្យ​នៅ​ស្ងៀម​ចំពោះ​ព្រះ‌អម្ចាស់​យេហូវ៉ា​ចុះ ដ្បិត​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ជិត​ដល់​ហើយ ពី​ព្រោះ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ចាត់‌ចែង​យញ្ញ‌បូជា ទ្រង់​បាន​រើស​ពួក​អ្នក​ដែល​ត្រូវ​អញ្ជើញ​មក​ហើយ

8. នៅ​ថ្ងៃ​ដែល​ថ្វាយ​យញ្ញ‌បូជា​របស់​ព្រះ‌យេហូវ៉ា នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ទាំង​ពួក​ចៅ‌ហ្វាយ និង​ពួក​កូន​ស្តេច ហើយ​ពួក​អ្នក​ដែល​តែង​ខ្លួន ដោយ​សំលៀក‌បំពាក់​របស់​សាសន៍​ដទៃ​ផង

9. នៅ​ថ្ងៃ​នោះ អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​លោត​រំលង​មេ​ទ្វារ ហើយ​បំពេញ​ផ្ទះ​របស់​ចៅ‌ហ្វាយ​គេ ដោយ​សេចក្ដី​ច្រឡោត និង​សេចក្ដី​ឆ‌បោក

10. ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា នៅ​ថ្ងៃ​នោះ នឹង​ឮ​សូរ​សំរែក​ពី​ទ្វារ​ត្រី និង​សូរ​ទ្រហោ​យំ​ពី​ឃុំ​ទី​២ ហើយ​សូរ​គ្រាំ‌គ្រេង​ពី​ភ្នំ​ទាំង​ប៉ុន្មាន

11. ម្នាល ពួក​អ្នក​នៅ​ម៉ាក‌ថេស​អើយ ចូរ​ទ្រហោ​យំ​ចុះ ពី​ព្រោះ​ពួក​ធ្វើ​ជំនួញ​ទាំង​ប៉ុន្មាន​ត្រូវ​បំផ្លាញ អស់​អ្នក​ដែល​ផ្ទុក​ដោយ​ប្រាក់​បាន​ត្រូវ​វិនាស​ហើយ

12. នៅ​គ្រា​នោះ អញ​នឹង​ឆែក‌ឆេរ​ក្រុង​យេរូ‌សាឡិម​ដោយ​ពន្លឺ​ចង្កៀង នោះ​អញ​នឹង​ធ្វើ​ទោស​ដល់​ពួក​អ្នក​ដែល​បាន​រង​នៅ​លើ​កករ​របស់​គេ ជា​ពួក​អ្នក​ដែល​គិត​ក្នុង​ចិត្ត​ថា ព្រះ‌យេហូវ៉ា​នឹង​មិន​ធ្វើ ទោះ​ល្អ​ឬ​អាក្រក់​ផង

13. ទ្រព្យ‌សម្បត្តិ​របស់​គេ​នឹង​ត្រូវ​រឹប​ជាន់ ហើយ​ផ្ទះ​គេ​នឹង​ត្រូវ​ចោល​ស្ងាត់​ទទេ អើ គេ​នឹង​សង់​ផ្ទះ តែ​មិន​បាន​អាស្រ័យ​នៅ​ទេ គេ​នឹង​ដាំ​ចំការ​ទំពាំង‌បាយ‌ជូរ តែ​មិន​បាន​ផឹក​អ្វី​ពី​នោះ​ឡើយ។

14. ថ្ងៃ​ដ៏​ធំ​របស់​ព្រះ‌យេហូវ៉ា​ជិត​មក​ដល់ គឺ​បាន​មក​ជិត​ហើយ ក៏​ប្រញឹក​ណាស់​ដែរ គឺ​ឮ​សូរ​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​ហើយ វេលា​នោះ ពួក​មនុស្ស​ខ្លាំង​ពូកែ នឹង​ស្រែក​ឡើង​យ៉ាង​ជូរ‌ចត់

15. ថ្ងៃ​នោះ​ជា​ថ្ងៃ​នៃ​សេចក្ដី​ក្រោធ គឺ​ជា​ថ្ងៃ​ដ៏​វេទនា ហើយ​មាន​ទុក្ខ ជា​ថ្ងៃ​បំផ្លាញ ហើយ​រំលាង ជា​ថ្ងៃ​ងងឹត ហើយ​ស្រអាប់ ជា​ថ្ងៃ​មេឃ​មីរ​ស្រទំ ហើយ​ងងឹត​យ៉ាង​ក្រាស់

16. ជា​ថ្ងៃ​ឮ​សូរ​ត្រែ និង​សំរែក​ដ៏​ពន្លឹក ទាស់​នឹង​ក្រុង​ដែល​មាន​គ្រឿង​ការ‌ពារ ហើយ​ទាស់​នឹង​កំផែង​យ៉ាង​ខ្ពស់

17. អញ​នឹង​ធ្វើ​ឲ្យ​មនុស្ស​កើត​មាន​ទុក្ខ​លំបាក​ឲ្យ​គេ​បាន​ដើរ​ដូច​ជា​មនុស្ស​ខ្វាក់ ដោយ​ព្រោះ​គេ​បាន​ធ្វើ​បាប​នឹង​ព្រះ‌យេហូវ៉ា ឈាម​គេ​នឹង​ត្រូវ​ចាក់​ចេញ​ដូច​ជា​ធូលី ហើយ​សាច់​របស់​គេ ដូច​ជា​លាមក

18. ទោះ​ទាំង​ប្រាក់ និង​មាស​របស់​គេ ក៏​មិន​អាច​នឹង​ជួយ​គេ​ឲ្យ​រួច ក្នុង​ថ្ងៃ​នៃ​សេចក្ដី​ខ្ញាល់​របស់​ព្រះ‌យេហូវ៉ា​ដែរ គឺ​ស្រុក​ទាំង​មូល​នឹង​ត្រូវ​ឆេះ​អស់​ទៅ ដោយ​ភ្លើង​នៃ​សេចក្ដី​ប្រចណ្ឌ​របស់​ទ្រង់ ដ្បិត​ទ្រង់​នឹង​ធ្វើ​ឲ្យ​ផុត​ទៅ អើ ទ្រង់​នឹង​ធ្វើ​ឲ្យ​អស់​អ្នក ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក បាន​ផុត​ទៅ​ជា​មួយ​រំពេច។

សូមអានជំពូកពេញលេញ សេផានា 1