គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 8:3-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ព្រម​ទាំង​នៅ​មាត់​ទ្វារ ជា​ផ្លូវ​ចូល​ទៅ​ក្នុង​ទី​ក្រុង​ផង គឺ​នៅ​កន្លែង​ដែល​មនុស្ស​ចូល​តាម​ទ្វារ​ក្រុង នោះ​ក៏​ស្រែក​ថា

4. ឱ​មនុស្ស​ទាំង‌ឡាយ​អើយ អញ​ស្រែក​ហៅ​ឯង​រាល់​គ្នា ហើយ​សំឡេង​អញ​ក៏​ហៅ​រក​ដល់​អស់​មនុស្ស​ជាតិ

5. ឱ​មនុស្ស​ឆោត​ល្ងង់​អើយ ចូរ​រៀន​ឲ្យ​ដឹង​សេចក្តី​ឆ្លៀវ‌ឆ្លាត ឱ​មនុស្ស​ចំកួត​អើយ ចូរ​ឲ្យ​ចិត្ត​ឯង​មាន​យោបល់​ចុះ

6. ចូរ​ស្តាប់ ដ្បិត​អញ​នឹង​ពោល​សេចក្តី​ដ៏​ប្រសើរ​វិសេស ហើយ​ដែល​អញ​បើក​បបូរ​មាត់ នោះ​នឹង​បញ្ចេញ​សេចក្តី​ទៀង​ត្រង់

7. ពី​ព្រោះ​មាត់​អញ​នឹង​ពោល​សេចក្តី​ពិត ហើយ​បបូរ​មាត់​អញ​នឹង​ខ្ពើម​ចំពោះ​សេចក្តី​អាក្រក់

8. អស់​ទាំង​ពាក្យ​នៃ​មាត់​អញ សុទ្ធ​តែ​សុចរិត ឥត​មាន​អ្វី​ដែល​ព័ន្ធ‌ពាក់ ឬ​ស្រពិច‌ស្រពិល​ឡើយ

9. គឺ​សុទ្ធ​តែ​ប្រចក្ស​ច្បាស់​ដល់​អស់​អ្នក​ដែល​យល់ ហើយ​ក៏​ទៀង​ត្រង់​ដល់​អស់​អ្នក​ដែល​រក​បាន​ដំរិះ​ដែរ

10. ស៊ូ​ទទួល​យក​ដំបូន្មាន​របស់​អញ ជា​ជាង​ប្រាក់ ហើយ​ទទួល​ដំរិះ ជា​ជាង​មាស​យ៉ាង​វិសេស​បំផុត

11. ដ្បិត​ប្រាជ្ញា​ប្រសើរ​ជាង​ត្បូង​ទទឹម ហើយ​របស់​ទាំង​ប៉ុន្មាន​ដែល​មនុស្ស​នឹង​ប្រាថ្នា​ចង់​បាន នោះ​ក៏​ប្រៀប‌ផ្ទឹម​ឲ្យ​ស្មើ​មិន​បាន​ផង។

12. អញ​នេះ​ជា​តួ​ប្រាជ្ញា អញ​យក​គំនិត​វាង‌វៃ​ទុក​ជា​លំនៅ​របស់​អញ ក៏​មាន​ចំណេះ​ចេះ​គិត​ពិចារណា

13. ឯ​ការ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​ឈ្មោះ​ថា ស្អប់​ដល់​សេចក្តី​អាក្រក់ ចំណែក​ការ​លើក​ខ្លួន ប្រកាន់​ខ្លួន ប្រព្រឹត្ត​អាក្រក់ ហើយ​នឹង​មាត់​ពោល​ពាក្យ​វៀច នោះ​អញ​ក៏​ស្អប់​ណាស់

14. ការ​ជួយ​គំនិត​ជា​របស់​ផង​អញ ព្រម​ទាំង​ការ​ទាំង​អស់​ដែល​មាន​ប្រយោជន៍​ផង អញ​ជា​តួ​យោបល់ ក៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែរ

15. ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្តា​សក្តិ​ក៏​សំរេច​សេចក្តី​យុត្តិ‌ធម៌ ដោយ‌សារ​អញ

16. ពួក​អ្នក​គ្រប់‌គ្រង និង​ពួក​មាន​ត្រកូល​ខ្ពស់ គឺ​អស់​ទាំង​ចៅ‌ហ្វាយ​ដែល​នៅ​ផែនដី ក៏​គ្រប់‌គ្រង​ដោយ‌សារ​អញ​ដែរ

17. អញ​ស្រឡាញ់​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​អញ ហើយ​អស់​ពួក​អ្នក​ដែល​ស្វែង​រក​អញ​អស់​ពី​ចិត្ត នោះ​នឹង​បាន​ជួប

18. មាន​អស់​ទាំង​ទ្រព្យ​សម្បត្តិ និង​កិត្តិយស​នៅ​ជា​មួយ​នឹង​អញ អើ មាន​ទាំង​របស់​ទ្រព្យ​ដ៏​ស្ថិត‌ស្ថេរ និង​សេចក្តី​សុចរិត​ផង

សូមអានជំពូកពេញលេញ សុភាសិត 8