គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 7:12-26 ព្រះគម្ពីរបរិសុទ្ធ (KHOV)

12. ជួន‌កាល​នាង​នៅ​ឯ​ផ្ទះ ជួន‌កាល​នៅ​ទី​ផ្សារ ហើយ​ក៏​លប​ចាំ​នៅ​គ្រប់​ទាំង​ជ្រុង​ផ្លូវ​ផង

13. គឺ​យ៉ាង​នោះ​ដែល​នាង​ចាប់​ហើយ​ថើប​វា ក៏​និយាយ​នឹង​វា​ដោយ​មុខ​ក្រាស់​ថា

14. នៅ​ថ្ងៃ​នេះ ខ្ញុំ​បាន​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ជា​ដង្វាយ​មេត្រី ក៏​បាន​លា​បំណន់​នោះ​ស្រេច​ហើយ

15. ហេតុ​នោះ​បាន​ជា​ខ្ញុំ​ចេញ​មក​ទទួល​អ្នក ដើម្បី​ខំ​រក​ឲ្យ​ឃើញ​មុខ​អ្នក ក៏​បាន​ឃើញ​ហើយ

16. ខ្ញុំ​បាន​ក្រាល​កំរាល​ប៉ាក់​នៅ​លើ​គ្រែ​ខ្ញុំ ព្រម​ទាំង​សំពត់​ពណ៌ ធ្វើ​ពី​អំបោះ​ស្រុក​អេស៊ីព្ទ​ផង

17. ខ្ញុំ​បាន​ប្រោះ​ដំណេក​ដោយ​គ្រឿង​ក្រអូប គឺ​ដោយ​ជ័រ​ល្វីង‌ទេស ក្រឹស្នា​នឹង​សម្បុរ​ល្វែង

18. ចូរ​មក យើង​នឹង​បាន​ឆ្អែត​ចិត្ត​ដោយ​សេចក្តី​ស្នេហា​ដរាប​ដល់​ភ្លឺ ចូរ​យើង​មាន​ចិត្ត​ត្រេក‌ត្រអាល​ក្នុង​សេចក្តី​ស្រឡាញ់​ចុះ

19. ដ្បិត​ប្ដី​ខ្ញុំ​មិន​នៅ​ផ្ទះ​ទេ គេហ៍​បាន​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ​ហើយ

20. ក៏​យក​ថង់​ប្រាក់​ជាប់​នឹង​ខ្លួន​ទៅ​ដែរ ដល់​ពេញ​បូណ៌​ទើប​ត្រឡប់​មក​វិញ

21. គឺ​ដោយ​ពាក្យ​ផ្អែម‌ល្ហែម​ជា​ច្រើន នាង​បាន​បបួល​ឲ្យ​វា​ព្រម​តាម ហើយ​ដោយ​ពាក្យ​បញ្ចើច​នៃ​បបូរ​មាត់​នាង ក៏​បង្ខំ​ឲ្យ​វា​ទៅ​ផង

22. យ៉ាង​នោះ វា​ក៏​តាម​ជា​១​រំពេច ប្រៀប​ដូច​ជា​គោ​ដែល​ទៅ​ឯ​ទី​សំឡាប់ ឬ​ដូច​ជា​មនុស្ស​ជាប់​ចំណង​ដែល​នាំ​ទៅ​ឯ​ទី​វាយ‌ផ្ចាល​មនុស្ស​ចំកួត

23. ទាល់​តែ​មាន​ព្រួញ​ទំលុះ​ថ្លើម​ខ្លួន ឬ​ដូច​សត្វ​ស្លាប​ហើរ​ដំរង់​ទៅ​ជាប់​លប់​ឥត​ដឹង​ថា​នឹង​ចាប់​យក​ជីវិត​ខ្លួន​ទេ។

24. ដូច្នេះ កូន​ទាំង‌ឡាយ​អើយ ចូរ​ស្តាប់​អញ​ឥឡូវ ហើយ​ផ្ចង់​ចិត្ត​ចំពោះ​ពាក្យ​ដែល​ចេញ​ពី​មាត់​អញ​ចុះ

25. កុំ​ឲ្យ​ចិត្ត​ឯង​ងាក​ទៅ​តាម​ផ្លូវ​របស់​ស្រី​យ៉ាង​នោះ​ឡើយ ក៏​កុំ​ឲ្យ​វង្វេង​ទៅ​តាម​ផ្លូវ​ច្រក​របស់​វា​ដែរ

26. ដ្បិត​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ត្រូវ​របួស​ដួល អើ ពួក​អ្នក​ដែល​វា​បាន​សំឡាប់ នោះ​មាន​សន្ធឹក​ណាស់

សូមអានជំពូកពេញលេញ សុភាសិត 7