គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 6:14-32 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. ជា​អ្នក​ដែល​មាន​សេចក្តី​វៀច​នៅ​ក្នុង​ចិត្ត ក៏​តែង​តែ​គិត‌គូរ​បង្កើត​ការ​អាក្រក់​ជានិច្ច ព្រម​ទាំង​សាប‌ព្រោះ​ការ​ទាស់‌ទែង​គ្នា

15. ដូច្នេះ សេចក្តី​អន្តរាយ​របស់​វា នឹង​លោមក​ភ្លាម​១​រំពេច​ក្នុង​ពេល​បន្ទាន់​នោះ វា​នឹង​ត្រូវ​បាក់​បែក​ឥត​មាន​អ្វី​ជួយ​ផង។

16. មាន​៦​មុខ ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់ អើ មាន​៧​ផង ដែល​ទ្រង់​ខ្ពើម​ឆ្អើម

17. គឺ​ភ្នែក​ឆ្មើង‌ឆ្មៃ​១ អណ្តាត​ភូត‌ភរ​១ ដៃ​ដែល​កំចាយ​ឈាម​មនុស្ស​ឥត​ទោស​១

18. ចិត្ត​ដែល​គិត‌គូរ​បង្កើត​អំពើ​អាក្រក់​១ ជើង​ដែល​រហ័ស​រត់​ទៅ​ប្រព្រឹត្ត​អាក្រក់​១

19. និង​សាក្សី​ក្លែង‌ក្លាយ ដែល​ពោល​ពាក្យ​កំភូត​១ ហើយ​មនុស្ស​ដែល​សាប‌ព្រោះ​សេចក្តី​ទាស់‌ទែង​គ្នា​ក្នុង​ពួក​បង​ប្អូន​១​ដែរ។

20. កូន​អើយ ចូរ​រក្សា​ទុក​នូវ​សេចក្តី​បណ្តាំ​របស់​ឪពុក​ឯង​ចុះ ក៏​កុំ​ឲ្យ​បោះ‌បង់​ចោល​ដំបូន្មាន​របស់​ម្តាយ​ឯង​ឡើយ

21. ចូរ​ចង​ក្រៀក​នៅ​នឹង​ចិត្ត​ឯង​ជានិច្ច ហើយ​ភ្ជាប់​នៅ​ក​ឯង​ផង

22. កាល​ណា​ឯង​ដើរ​ដំណើរ បណ្តាំ​នោះ​នឹង​នាំ​មុខ​ឯង កាល​ណា​ដេក​លក់ នោះ​នឹង​ចាំ​យាម​រក្សា​ឯង ហើយ​កាល​ណា​ភ្ញាក់ នោះ​នឹង​និយាយ​រក​ឯង

23. ដ្បិត​ពាក្យ​បណ្តាំ​នោះ ជា​ចង្កៀង ហើយ​ដំបូន្មាន​នោះ ជា​ពន្លឺ ឯ​សេចក្តី​បន្ទោស​នៃ​ពាក្យ​ប្រៀន‌ប្រដៅ នោះ​ជា​ផ្លូវ​ជីវិត​ហើយ

24. ប្រយោជន៍​នឹង​រក្សា​ឯង​ទុក ឲ្យ​រួច​ពី​ស្ត្រី​អាក្រក់ គឺ​ឲ្យ​រួច​ពី​អណ្តាត​បញ្ចើច​របស់​ស្រី​ដទៃ

25. កុំ​ឲ្យ​ឯង​មាន​តណ្ហា​ខ្មួល‌ខ្មាញ់​ចំពោះ​រូប​ឆោម‌ឆាយ​របស់​គេ​ឡើយ ក៏​កុំ​ឲ្យ​គេ​ចាប់​ឯង​ទៅ​ដោយ‌សារ​ត្របក​ភ្នែក​គេ​ដែរ

26. ដ្បិត​ដោយ​ព្រោះ​តែ​ស្រី​សំផឹង នោះ​មាន​មនុស្ស​ដែល​នឹង​ធ្លាក់​ខ្លួន​ទៅ​ជា​មាន​នំបុ័ង​តែ​១​ចំណិត​ប៉ុណ្ណោះ ហើយ​ស្រី​កំផិត​តែង​តែ​ដេញ​ចាប់​ជីវិត​ដ៏​វិសេស

27. តើ​មនុស្ស​នឹង​យក​ភ្លើង​មក​ដាក់​នៅ​នា​ទ្រូង ឥត​ឆេះ​ដល់​ខោ​អាវ​ខ្លួន​បាន​ឬ

28. តើ​នឹង​ដើរ​លើ​រងើក​ភ្លើង​ឥត​រលាក​ដល់​ជើង​បាន​ដែរ​ឬ

29. ដូច្នេះ អ្នក​ណា​ដែល​ចូល​ទៅ​ឯ​ប្រពន្ធ​របស់​អ្នក​ជិត​ខាង នោះ​ក៏​ដូច​គ្នា​ដែរ អ្នក​ណា​ដែល​ប៉ះ​ពាល់​នឹង​នាង នោះ​មិន​រួច​ពី​មាន​ទោស​ឡើយ

30. មនុស្ស​រមែង​មិន​ស្អប់​ដល់​ចោរ គឺ​បើ​វា​លួច ឲ្យ​តែ​បាន​ឆ្អែត​ពោះ​ប៉ុណ្ណោះ ក្នុង​វេលា​ដែល​ស្រេក​ឃ្លាន​នោះ​ទេ

31. តែ​បើ​ទាន់​ឃើញ​វា នោះ​គង់​តែ​ត្រូវ​ឲ្យ​វា​សង​១​ជា​៧​វិញ​ដែរ វា​ត្រូវ​សង​ដល់​ទៅ​គ្រប់​របស់​ដែល​នៅ​ក្នុង​ផ្ទះ​ខ្លួន​ទាំង​អស់​ផង

32. តែ​ឯ​អ្នក​ណា​ដែល​លួច​ប្រពន្ធ​គេ នោះ​ជា​អ្នក​ឥត​មាន​គំនិត​ឡើយ អ្នក​ណា​ដែល​ប្រព្រឹត្ត​អំពើ​យ៉ាង​នោះ ឈ្មោះ​ថា​ចង់​បំផ្លាញ​ជីវិត​ខ្លួន​ហើយ

សូមអានជំពូកពេញលេញ សុភាសិត 6