គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 4:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. ចូរ​ដំកើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង នោះ​នឹង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិសព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់

9. ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង ហើយ​នឹង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ។

10. ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​អញ​ចុះ នោះ​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ

11. អញ​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា អញ​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្តី​ទៀង​ត្រង់

12. កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស‌ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ

13. ចូរ​តោង​ជាប់​តាម​សេចក្តី​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្តី​នោះ​ជា​ជីវិត​របស់​ឯង

14. កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ

15. ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត

16. ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ

17. ពី​ព្រោះ​គេ​បរិភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត

18. តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង

សូមអានជំពូកពេញលេញ សុភាសិត 4