គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 4:4-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ឪពុក​បាន​បង្រៀន​អញ​ដោយ​ពាក្យ​ថា ចូរ​ឲ្យ​ចិត្ត​កូន​រក្សា​ទុក​អស់​ទាំង​ពាក្យ​របស់​ឪពុក​ចុះ ចូរ​រក្សា​អស់​ទាំង​បណ្តាំ​របស់​អញ ដើម្បី​ឲ្យ​កូន​បាន​រស់​នៅ

5. ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា ចូរ​ខំ​ឲ្យ​បាន​យោបល់ កុំ​ឲ្យ​ភ្លេច​ឡើយ ក៏​កុំ​ឲ្យ​បែរ​ចេញ​ពី​ពាក្យ​ដែល​មាត់​អញ​ពោល​ដែរ

6. កុំ​ឲ្យ​ចោល​ប្រាជ្ញា​ឡើយ នោះ​នឹង​ការ‌ពារ​ឯង ចូរ​ស្រឡាញ់​ប្រាជ្ញា​ចុះ នោះ​នឹង​ទំនុក​បំរុង​ឯង

7. ប្រាជ្ញា​ជា​សំខាន់​លេខ​១ ដូច្នេះ​ចូរ​ខំ​ឲ្យ​បាន​ប្រាជ្ញា​ចុះ អើ​កំពុង​ដែល​ខំ​ឲ្យ​បាន​របស់​ផ្សេងៗ នោះ​ចូរ​ខំ​ឲ្យ​បាន​យោបល់​ផង

8. ចូរ​ដំកើង​ប្រាជ្ញា​ឲ្យ​ខ្ពស់​ឡើង នោះ​នឹង​ឲ្យ​ឯង​ខ្ពស់​ឡើង​ដែរ ក៏​នឹង​នាំ​ឲ្យ​ឯង​បាន​កិត្តិសព្ទ ដោយ​ឯង​ឱប​ក្រសោប​ជាប់

9. ប្រាជ្ញា​នឹង​បំពាក់​គ្រឿង​ដ៏​វិសេស​លើ​ក្បាល​ឯង ហើយ​នឹង​ឲ្យ​ឯង​ពាក់​សិរី‌ល្អ​ទុក​ជា​មកុដ។

10. ចូរ​ស្តាប់ កូន​អើយ ហើយ​ទទួល​ពាក្យ​របស់​អញ​ចុះ នោះ​ឆ្នាំ​នៃ​អាយុ​ឯង​នឹង​បាន​យឺន‌យូរ

11. អញ​បាន​បង្រៀន​ឯង​ក្នុង​ផ្លូវ​នៃ​ប្រាជ្ញា អញ​បាន​នាំ​ឯង​ទៅ​ក្នុង​អស់​ទាំង​ផ្លូវ​ច្រក​នៃ​សេចក្តី​ទៀង​ត្រង់

12. កាល​ណា​ឯង​ដើរ​ទៅ នោះ​ជំហាន​ឯង​នឹង​មិន​ទើស‌ទាល់ ហើយ​កាល​ណា​ឯង​រត់ នោះ​ឯង​នឹង​មិន​ចំពប់​ឡើយ

13. ចូរ​តោង​ជាប់​តាម​សេចក្តី​ដំបូន្មាន កុំ​លែង​ឲ្យ​សោះ ត្រូវ​ឲ្យ​រក្សា​ទុក ដ្បិត​សេចក្តី​នោះ​ជា​ជីវិត​របស់​ឯង

14. កុំ​ឲ្យ​ចូល​ក្នុង​ផ្លូវ​របស់​មនុស្ស​អាក្រក់​ឡើយ ក៏​កុំ​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់​ដែរ

15. ចូរ​ចៀស​ចេញ កុំ​ឲ្យ​ដើរ​ជិត​ផ្លូវ​នោះ​ឲ្យ​សោះ ត្រូវ​ឲ្យ​ងាក​ចេញ ហើយ​បង្ហួស​ទៅ​ឲ្យ​ផុត

16. ដ្បិត​ពួក​នោះ គេ​មិន​ដេក​ឡើយ ទាល់​តែ​បាន​ធ្វើ​អំពើ​អាក្រក់​ជា​មុន​សិន ហើយ​បើ​គេ​មិន​បាន​ធ្វើ​ឲ្យ​មនុស្ស​ណា​ដួល នោះ​គេ​ក៏​ដេក​មិន​លក់​ដែរ

17. ពី​ព្រោះ​គេ​បរិភោគ​អាហារ ជា​ផល​នៃ​ការ​អាក្រក់ ហើយ​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ ជា​ផល​នៃ​ការ​ច្រឡោត

18. តែ​ផ្លូវ​របស់​មនុស្ស​សុចរិត ធៀប​ដូច​ជា​ពន្លឺ ដែល​កំពុង​តែ​រះ​ឡើង ដែល​ភ្លឺ​កាន់​តែ​ខ្លាំង​ឡើង ដរាប​ដល់​ពេញ​កំឡាំង

19. ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ជា​ចំពប់​នឹង​អ្វី​ទេ។

20. កូន​អើយ ចូរ​ប្រុង​ស្តាប់​អស់​ទាំង​ពាក្យ​របស់​អញ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​សេចក្តី ដែល​អញ​ពោល​ទាំង​អម្បាលម៉ាន

សូមអានជំពូកពេញលេញ សុភាសិត 4