គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា‌ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។

16. ចៅ‌ហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺន‌យូរ​វិញ។

17. ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។

18. អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។

19. អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​អាហារ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ចោល‌ម្សៀត នោះ​នឹង​បាន​សេចក្តី​កំសត់​យ៉ាង​ឆ្អែត​វិញ។

20. មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។

21. ការ​ដែល​យោគ‌យល់​ខាង​មនុស្ស​ណា នោះ​មិន​ល្អ​ទេ ហើយ​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ឲ្យ​តែ​បាន​អាហារ​បន្តិច‌បន្តួច នោះ​ក៏​មិន​ល្អ​ដូច​គ្នា។

22. អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្តី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។

23. អ្នក​ណា​ដែល​បន្ទោស​ដល់​មនុស្ស នោះ​នៅ​ជាន់​ក្រោយ​នឹង​មាន​គេ​រាប់​អាន​ខ្លួន ជា​ជាង​អ្នក​ដែល​បញ្ចើច​ដោយ​អណ្តាត​ទៅ​ទៀត។

24. អ្នក​ណា​ដែល​លួច​យក​របស់​ឪពុក​ឬ​ម្តាយ​ខ្លួន រួច​ពោល​ថា មិន​មែន​ជា​បាប​ទេ អ្នក​នោះ​ឯង​ជា​សំឡាញ់​នឹង​ពួក​អ្នក​បំផ្លាញ​ហើយ។

25. អ្នក​ណា​ដែល​មាន​ចិត្ត​ធំ នោះ​បណ្តាល​ឲ្យ​មាន​សេចក្តី​ទាស់‌ទែង​គ្នា ឯ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​វិញ នោះ​ទើប​នឹង​បាន​ថ្កុំ‌ថ្កើង​ឡើង។

សូមអានជំពូកពេញលេញ សុភាសិត 28