គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 28:13-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. អ្នក​ណា​ដែល​គ្រប់​បាំង​ការ​រំលង​របស់​ខ្លួន នោះ​នឹង​មិន​ចំរើន​ឡើង​ទេ តែ​អ្នក​ណា​ដែល​លន់‌តួ ហើយ​លះ‌បង់​អំពើ​នោះ នឹង​ប្រទះ​បាន​សេចក្តី​មេត្តា‌ករុណា​វិញ។

14. សប្បាយ​ហើយ អ្នក​ណា​ដែល​មាន​ចិត្ត​កោត‌ខ្លាច​ជានិច្ច តែ​អ្នក​ណា​ដែល​តាំង​ចិត្ត​រឹង‌ទទឹង នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​សេចក្តី​អន្តរាយ​វិញ។

15. មនុស្ស​អាក្រក់​ដែល​គ្រប់‌គ្រង​លើ​ប្រជា‌ជន​ទាល់​ក្រ នោះ​ធៀប​ដូច​ជា​សិង្ហ​ដែល​គ្រហឹម​គំរាម ហើយ​ដូច​ខ្លា‌ឃ្មុំ​ដែល​កំពុង​ស្វែង​រក​អាហារ។

16. ចៅ‌ហ្វាយ​ណា​ដែល​ខ្វះ​យោបល់ នោះ​តែង​តែ​សង្កត់‌សង្កិន​ជន​ជា​យ៉ាង​ខ្លាំង តែ​អ្នក​ណា​ដែល​ស្អប់​សេចក្តី​លោភ នោះ​នឹង​បាន​ចំរើន​អាយុ​យឺន‌យូរ​វិញ។

17. ឯ​មនុស្ស​ដែល​មាន​ទោស​ជា​អ្នក​កំចាយ​ឈាម​គេ នោះ​នឹង​រត់​ចុះ​ទៅ​ក្នុង​រណ្តៅ កុំ​ឲ្យ​អ្នក​ណា​ឃាត់​វា​ឡើយ។

18. អ្នក​ណា​ដែល​ដើរ​ដោយ​ទៀង​ត្រង់ នោះ​នឹង​បាន​ប្រោស​ឲ្យ​រួច តែ​អ្នក​ណា​ដែល​កាន់​តាម​ផ្លូវ​វៀច នោះ​នឹង​ត្រូវ​ធ្លាក់​ចុះ​ដោយ​ឆាប់​រហ័ស។

19. អ្នក​ណា​ដែល​ធ្វើ​ស្រែ​ខ្លួន នោះ​នឹង​បាន​អាហារ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ជាប់​តាម​មនុស្ស​ចោល‌ម្សៀត នោះ​នឹង​បាន​សេចក្តី​កំសត់​យ៉ាង​ឆ្អែត​វិញ។

20. មនុស្ស​ស្មោះ‌ត្រង់​នឹង​បាន​ពរ​ជា​បរិបូរ តែ​អ្នក​ណា​ដែល​ប្រញាប់‌ប្រញាល់​ឲ្យ​បាន​ជា​អ្នក​មាន នោះ​នឹង​មិន​រួច​ចាក​ពី​ទោស​ឡើយ។

21. ការ​ដែល​យោគ‌យល់​ខាង​មនុស្ស​ណា នោះ​មិន​ល្អ​ទេ ហើយ​ដែល​ប្រព្រឹត្ត​រំលង​ច្បាប់​ឲ្យ​តែ​បាន​អាហារ​បន្តិច‌បន្តួច នោះ​ក៏​មិន​ល្អ​ដូច​គ្នា។

22. អ្នក​ណា​ដែល​មាន​ភ្នែក​អាក្រក់ នោះ​កំពុង​តែ​រួស‌រាន់​ដេញ​តាម​ទ្រព្យ​សម្បត្តិ ឥត​ដឹង​ឡើយ​ថា សេចក្តី​ខ្វះ‌ខាត​នឹង​តាម​ខ្លួន​ទាន់។

សូមអានជំពូកពេញលេញ សុភាសិត 28