គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 27:3-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. ដុំ​ថ្ម​ជា​របស់​ធ្ងន់ ហើយ​ខ្សាច់​ក៏​មាន​ទំងន់​ដែរ តែ​សេចក្តី​កំហឹង​របស់​មនុស្ស​ល្ងី‌ល្ងើ នោះ​ធ្ងន់​ជាង​ទាំង​២​មុខ​នោះ​ទៅ​ទៀត។

4. សេចក្តី​ឃោរ‌ឃៅ ជា​សេចក្តី​ដែល​សាហាវ​ណាស់ ហើយ​សេចក្តី​កំហឹង​ក៏​ខ្លាំង‌ក្លា​ដែរ តែ​ឯ​សេចក្តី​ប្រចណ្ឌ តើ​អ្នក​ណា​នឹង​ទប់‌ទល់​បាន។

5. ការ​ដែល​ត្រូវ​បន្ទោស​នៅ​កណ្តាល​ជំនុំ នោះ​វិសេស​ជាង​សេចក្តី​ស្រឡាញ់​លាក់​កំបាំង។

6. របួស​ដែល​មិត្រ​សំឡាញ់​ធ្វើ​ដល់​យើង នោះ​តែង​ធ្វើ​ដោយ​ស្មោះ‌ត្រង់​ទេ តែ​ឯ​ការ​ថើប​របស់​ខ្មាំង​សត្រូវ នោះ​ជា​សេចក្តី​បញ្ឆោត​វិញ។

7. អ្នក​ណា​ដែល​ឆ្អែត​ហើយ ទោះ​ទាំង​សំណុំ​ឃ្មុំ​ក៏​ណាយ​ចិត្ត​ដែរ តែ​ឯ​អ្នក​ណា​ដែល​ឃ្លាន ទោះ​ទាំង​របស់​ជូរ​ល្វីង​ក៏​ផ្អែម​ដល់​គេ​វិញ។

8. មនុស្ស​ណា​ដែល​វង្វេង​ឆ្ងាយ​ពី​ទី​លំនៅ​ខ្លួន នោះ​ប្រៀប​ដូច​ជា​សត្វ​ហើរ ដែល​វង្វេង​ឆ្ងាយ​ពី​សំបុក​វា​ដែរ។

9. ប្រេង​លាប​នឹង​ទឹក​អប់ នោះ​នាំ​ឲ្យ​ចិត្ត​រីក‌រាយ​ឡើង ឯ​សេចក្តី​ផ្អែម‌ល្ហែម នៃ​សេចក្តី​ដាស់‌តឿន ដ៏​អស់​ពី​ចិត្ត​របស់​ភឿន‌មិត្រ ក៏​ដូច្នោះ​ដែរ។

10. ឯ​មិត្ត‌ភក្តិ​របស់​ខ្លួន និង​មិត្ត‌ភក្តិ​របស់​ឪពុក នោះ​កុំ​ឲ្យ​បោះ‌បង់​ចោល​ឡើយ ក៏​កុំ​ឲ្យ​ចូល​ផ្ទះ​របស់​បង​ប្អូន​ឯង​ក្នុង​គ្រា​ដែល​ឯង​កើត​មាន​សេចក្តី​ទុក្ខ​ព្រួយ​ដែរ អ្នក​មួយ​ដែល​នៅ​ជិត​ខាង​ខ្លួន នោះ​វិសេស​ជាង​បង​ប្អូន​ដែល​នៅ​ឆ្ងាយ​វិញ។

11. កូន​អើយ ចូរ​ឲ្យ​ឯង​មាន​ប្រាជ្ញា​ឡើង ហើយ​ឲ្យ​ចិត្ត​អញ​បាន​រីក‌រាយ​ចុះ ដើម្បី​ឲ្យ​អញ​អាច​តប​ឆ្លើយ​ចំពោះ​មនុស្ស​ដែល​ដៀល‌ត្មះ​ដល់​អញ។

12. មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់‌ខ្លៅ គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ក៏​ត្រូវ​មាន​ទុក្ខ។

13. ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក​ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទទួល​របស់​បញ្ចាំ​ពី​អ្នក​ដែល​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

14. បើ​អ្នក​ណា​ក្រោក​ពី​ព្រលឹម​ស្រាង និង​ឲ្យ​ពរ​ដល់​មិត្រ​សំឡាញ់​ដោយ​សំឡេង​ខ្លាំង នោះ​នឹង​បាន​រាប់​ជា​ពាក្យ​ជេរ​ដល់​គេ​វិញ។

15. ទឹក​ដែល​ស្រក់​ចុះ​តក់ៗ​ជានិច្ច នៅ​ថ្ងៃ​ភ្លៀង​ច្រើន ហើយ​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង នោះ​ក៏​ដូច​គ្នា

16. អ្នក​ណា​ដែល​ចង់​ឃាត់​នាង នោះ​ឃាត់​តែ​ខ្យល់​ទេ ហើយ​ដៃ​អ្នក​នោះ​ចាប់​ក្តាប់​ប្រេង​ប៉ុណ្ណោះ។

17. ដែក​រមែង​សំលៀង​ដែក ឯ​មនុស្ស ក៏​ធ្វើ​ឲ្យ​មិត្រ​សំឡាញ់​ខ្លួន​មុត​ស្រួច​យ៉ាង​នោះ​ដែរ។

18. អ្នក​ណា​ដែល​ថែ‌ទាំ​ដើម​ល្វា អ្នក​នោះ​នឹង​បាន​ផ្លែ​បរិភោគ ហើយ​អ្នក​ណា​ដែល​បំរើ​ចៅ‌ហ្វាយ​ខ្លួន​ដោយ​ល្អ នោះ​នឹង​បាន​កិត្តិសព្ទ។

សូមអានជំពូកពេញលេញ សុភាសិត 27