គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 26:13-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. មនុស្ស​ខ្ជិល​ច្រអូស​តែង​តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ

14. មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បំរាស​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ

15. មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ​ក៏​រួយ​ដៃ​ដល់​គេ​ណាស់

16. មនុស្ស​ខ្ជិល​ច្រអូស គេ​តែង​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ជា​ជាង​មនុស្ស​៧​នាក់​ដែល​តប​ឆ្លើយ​ដោយ​វាង‌វៃ។

17. អ្នក​ណា​ដែល​កំពុង​តែ​ដើរ​តាម​ផ្លូវ ព្រម​ទុក​ឲ្យ​ខ្លួន​ក្តៅ​ក្រហាយ ដោយ​ការ​ឈ្លោះ​ប្រកែក​របស់​អ្នក​ដទៃ នោះ​ធៀប​ដូច​ជា​មនុស្ស​ដែល​ចាប់​ត្រចៀក​ឆ្កែ

18. មនុស្ស​ដែល​បញ្ឆោត​អ្នក​ជិត​ខាង រួច​ពោល​ថា អញ​គ្រាន់​តែ​ធ្វើ​លេង​ទេ​តើ

19. នោះ​ប្រៀប​ដូច​ជា​មនុស្ស​ឆ្កួត​ដែល​បោះ​កំចាយ​អង្កត់​ឧស​កំពុង​ឆេះ ព្រម​ទាំង​ព្រួញ និង​សេចក្តី​ស្លាប់​ផង

20. ទី​ណា​ដែល​ឥត​មាន​ឧស នោះ​ភ្លើង​ក៏​រលត់ ហើយ​ទី​ណា​ដែល​ឥត​មាន​អ្នក​បេះ‌បួយ នោះ​សេចក្តី​ទាស់‌ទែង​គ្នា​ក៏​បាត់​អស់​ទៅ​ដែរ

21. មនុស្ស​ដែល​ចេះ​តែ​រក​រឿង គេ​រមែង​អុច‌អាល​ឲ្យ​មាន​សេចក្តី​ទាស់‌ទែង​គ្នា ឧបមា​ដូច​ជា​ដាក់​ធ្យូង​នៅ​លើ​រងើក​ភ្លើង ហើយ​ដូច​ជា​ដាក់​ឧស​នៅ​លើ​ភ្លើង​ដែរ

22. ពាក្យ​សំដី​របស់​មនុស្ស​បេះ‌បួយ ធៀប​ដូច​ជា​ចំណី​ដែល​ឆ្ងាញ់​ពិសា ក៏​ចុះ​ទៅ​ដល់​ខាង​ក្នុង​របស់​មនុស្ស

23. មាន​បបូរ​មាត់​ហៃ​និយាយ ហើយ​ចិត្ត​អាក្រក់ នោះ​ធៀប​ដូច​ជា​ភាជនៈ​ដី​ស្រោប​ដោយ​អាចម៍​ប្រាក់។

24. អ្នក​ណា​ដែល​ស្អប់​គេ នោះ​រមែង​ក្លែង​ពាក្យ​ដោយ​បបូរ​មាត់ នោះ​ក៏​ប្រមូល​ទុក​សេចក្តី​បញ្ឆោត​នៅ​ក្នុង​ចិត្ត​ដែរ

25. កាល​ណា​អ្នក​នោះ​ពោល​ពាក្យ​ល្អ នោះ​កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​នៅ​ក្នុង​ចិត្ត​គេ​មាន​សេចក្តី​គួរ​ស្អប់​ខ្ពើម​៧​មុខ

26. ទោះ​បើ​សេចក្តី​សំអប់​របស់​គេ​បាន​គ្រប​បាំង ដោយ​ពុត​មាយា​ក៏​ដោយ គង់​តែ​សេចក្តី​អាក្រក់​របស់​គេ​នឹង​សំដែង​ចេញ​ឲ្យ​ច្បាស់ នៅ​ចំពោះ​មុខ​នៃ​ពួក​ជំនុំ​ដែរ

27. អ្នក​ណា​ដែល​ជីក​រណ្តៅ អ្នក​នោះ​នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ​ឯង ហើយ​អ្នក​ណា​ដែល​ប្រមៀល​ថ្ម ថ្ម​នោះ​នឹង​រមៀល​ត្រឡប់​មក​កិន​ខ្លួន​វិញ

សូមអានជំពូកពេញលេញ សុភាសិត 26