គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 26:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ការ​ដែល​ហិមៈ​ធ្លាក់​នៅ​រដូវ​ក្តៅ ហើយ​ភ្លៀង​ធ្លាក់​នៅ​រដូវ​ចំរូត​មិន​សម​យ៉ាង​ណា កិត្តិយស​ក៏​មិន​សម​នឹង​មនុស្ស​ល្ងី‌ល្ងើ​យ៉ាង​នោះ​ដែរ

2. ការ​ដែល​ចាប​ហើរ​ទៅ​បាត់ ហើយ​សត្វ​ត្រចៀក‌កាំ​ចេះ​តែ​ហើរ​ទៅ​មក​យ៉ាង​ណា នោះ​សេចក្តី​បណ្តាសា​ឥត​ហេតុ មិន​ទំ​ជាប់​ឡើយ​ក៏​យ៉ាង​នោះ​ដែរ

3. មាន​ត្មោង​សំរាប់​សេះ មាន​បង្ហៀរ​សំរាប់​លា ហើយ​រំពាត់​ក៏​សំរាប់​ខ្នង​មនុស្ស​ល្ងី‌ល្ងើ​ដែរ។

4. កុំ​ឲ្យ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ តាម​សេចក្តី​ចំកួត​របស់​វា​ឡើយ ក្រែង​ឯង​ក៏​បាន​ដូច​ជា​វា​ដែរ

5. ចូរ​ឆ្លើយ​តប​នឹង​មនុស្ស​ល្ងី‌ល្ងើ ឲ្យ​ចំ​នឹង​សេចក្តី​ចំកួត​របស់​វា​ចុះ ក្រែង​វា​មើល​ខ្លួន​ដោយ​សេចក្តី​អំនួត​ថា ជា​អ្នក​មាន​ប្រាជ្ញា

6. អ្នក​ណា​ដែល​ប្រើ​មនុស្ស​ល្ងី‌ល្ងើ​ឲ្យ​នាំ​ដំណឹង​ទៅ នោះ​ឈ្មោះ​ថា កាប់​ផ្តាច់​ជើង​របស់​ខ្លួន ហើយ​ក៏​ផឹក​ស្រូប​សេចក្តី​អន្តរាយ​ដែរ

7. ជើង​របស់​មនុស្ស​ដែល​ដើរ​ចាក់​ខ្ញើច បាន​ខ្សោយ​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

8. អ្នក​ដែល​ចង​ក្រួស​ភ្ជាប់​ក្នុង​ខ្សែ​ដង្ហក់​ជា​យ៉ាង​ណា នោះ​អ្នក​ដែល​លើក​មុខ​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

9. បន្លា​មុត​ចូល​ក្នុង​ដៃ​របស់​មនុស្ស​ស្រវឹង​ជា​យ៉ាង​ណា នោះ​ពាក្យ​សុភាសិត​នៅ​ក្នុង​មាត់​មនុស្ស​ល្ងី‌ល្ងើ​ក៏​យ៉ាង​នោះ​ដែរ

10. ពល​ធ្នូ ម្នាក់​ដែល​ជំនាញ​បាញ់​ឲ្យ​របួស​ទាំង​អស់​ជា​យ៉ាង​ណា អ្នក​ដែល​ជួល​មនុស្ស​ល្ងី‌ល្ងើ និង​មនុស្ស​ដែល​ដើរ​តាម​ផ្លូវ​ក៏​យ៉ាង​នោះ​ដែរ

11. មនុស្ស​ល្ងី‌ល្ងើ​ដែល​ចេះ​តែ​ធ្វើ​អំពើ​ចំកួត​របស់​វា​ច្រំ‌ដែល​ទៀត នោះ​ធៀប​ដូច​ជា​ឆ្កែ​ដែល​ត្រឡប់​ទៅ​ស៊ី​កំអួត​វា​វិញ

12. ឯង​ដែល​ឃើញ​មនុស្ស​ដែល​ប្រកាន់​ថា ខ្លួន​មាន​ប្រាជ្ញា​ឬ​ទេ មាន​សង្ឃឹម​ចំពោះ​មនុស្ស​ល្ងី‌ល្ងើ​ជា​ជាង​អ្នក​នោះ​ទៅ​ទៀត។

13. មនុស្ស​ខ្ជិល​ច្រអូស​តែង​តែ​ថា មាន​សិង្ហ​១​នៅ​កណ្តាល​ថ្នល់ មាន​សិង្ហ​១​នៅ​ត្រង់​ផ្លូវ

14. មនុស្ស​ខ្ជិល​ច្រអូស​ចេះ​តែ​បំរាស​ននៀល​នៅ​លើ​គ្រែ បែប​ដូច​ទ្វារ​ដែល​បិទ​បើក​ទៅ​មក​ជាប់​នៅ​ត្រចៀក​ដែរ

15. មនុស្ស​ខ្ជិល​ច្រអូស​គេ​លូក​ដៃ​ទៅ​ក្នុង​ចាន ហើយ​ដែល​ដក​មក​បញ្ចុក​មាត់​វិញ​នោះ​ក៏​រួយ​ដៃ​ដល់​គេ​ណាស់

សូមអានជំពូកពេញលេញ សុភាសិត 26