គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 23:20-35 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. កុំ​ឲ្យ​នៅ​កណ្តាល​ពួក​អ្នក​ប្រមឹក​ស្រា ឬ​ក្នុង​ពួក​ល្មោភ​ស៊ី​ឡើយ

21. ដ្បិត​មនុស្ស​ប្រមឹក និង​មនុស្ស​ល្មោភ​នឹង​ទៅ​ជា​ក្រ ហើយ​សេចក្តី​ងុយ‌ងោក​នឹង​នាំ​ឲ្យ​ស្លៀក‌ពាក់​កណ្តាច។

22. ចូរ​ស្តាប់​តាម​ឪពុក​ដែល​បង្កើត​ឯង​មក ហើយ​កុំ​ឲ្យ​មើល‌ងាយ​ម្តាយ​ឯង​ក្នុង​កាល​ដែល​គាត់​ចាស់​ឡើយ។

23. ចូរ​ទិញ​សេចក្តី​ពិត​ចុះ កុំ​ឲ្យ​លក់​ចេញ​ឡើយ អើ​ទាំង​ប្រាជ្ញា សេចក្តី​ដំបូន្មាន និង​យោបល់​ផង។

24. ឪពុក​នៃ​មនុស្ស​សុចរិត នឹង​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ហើយ​អ្នក​ណា​ដែល​បង្កើត​កូន​មាន​ប្រាជ្ញា នោះ​នឹង​មាន​សេចក្តី​អំណរ​ដោយ‌សារ​កូន​នោះ

25. ដូច្នេះ ចូរ​បើក​ឱកាស​ឲ្យ​ឪពុក​ម្តាយ​ឯង​បាន​រីក‌រាយ​ចុះ ហើយ​ឲ្យ​អ្នក​ដែល​សំរាល​ឯង​មក​នោះ​មាន​ចិត្ត​សប្បាយ​ផង។

26. កូន​អើយ ចូរ​ប្រគល់​ចិត្ត​ឯង​មក​អញ​ចុះ ហើយ​ឲ្យ​ភ្នែក​ឯង​ពេញ​ចិត្ត​នឹង​អស់​ទាំង​ផ្លូវ​របស់​អញ​ដែរ

27. ដ្បិត​ស្រី​សំផឹង​ជា​រណ្តៅ​យ៉ាង​ជ្រៅ ហើយ​ស្រី​ដទៃ​ជា​រំលុង​ដ៏​ចង្អៀត

28. អើ គេ​លប​ចាំ​ដូច​ជា​ចោរ ហើយ​ក៏​ចំរើន​អ្នក​ក្បត់​នៅ​ក្នុង​ពួក​មនុស្ស​លោក។

29. តើ​អ្នក​ណា​មាន​សេចក្តី​ពិបាក​ចិត្ត តើ​អ្នក​ណា​កើត​ទុក្ខ​ព្រួយ តើ​អ្នក​ណា​មាន​សេចក្តី​ទាស់‌ទែង​គ្នា តើ​អ្នក​ណា​ត្អូញ‌ត្អែរ តើ​អ្នក​ណា​ត្រូវ​របួស​ឥត​ហេតុ តើ​អ្នក​ណា​មាន​ភ្នែក​ក្រហម

30. គឺ​ជា​ពួក​អ្នក​ដែល​អង្គុយ​ផឹក​ស្រា​ជា​យូរ ឯ​ពួក​អ្នក​ដែល​ស្វែង​រក​ស្រា​លាយ​នោះ​ឯង

31. កុំ​ឲ្យ​មើល​ស្រា​ទំពាំង‌បាយ‌ជូរ ក្នុង​កាល​ដែល​មាន​ពណ៌​ក្រហម គឺ​ក្នុង​កាល​ដែល​ព្រួច​ពពុះ​នៅ​ក្នុង​កែវ ហើយ​ហូរ​ចុះ​ទៅ​ដោយ​ស្រួល​នោះ​ឡើយ

32. ដ្បិត​ដល់​ចុង​បំផុត​នឹង​ចឹក​ដូច​ជា​ពស់​វិញ ហើយ​អុច​ដូច​ជា​ពស់​ហនុមាន​ផង

33. ភ្នែក​ឯង​នឹង​ឃើញ​ស្រី​ដទៃ ហើយ​ចិត្ត​ឯង​នឹង​ពោល​សេចក្តី​ខូច​អាក្រក់​ដែរ

34. អើ ឯង​នឹង​បាន​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​កណ្តាល​សមុទ្រ ឬ​ដូច​ជា​មនុស្ស​ដែល​ដេក​នៅ​លើ​ចុង​ដង​ក្តោង

35. ឯង​នឹង​ថា គេ​បាន​វាយ​អញ តែ​អញ​មិន​បាន​ឈឺ​សោះ គេ​បាន​សំពង​អញ តែ​អញ​មិន​ដឹង​ទេ តើ​អញ​នឹង​ភ្ញាក់​ឡើង​វិញ​ដល់​កាល​ណា​ហ្ន៎ អញ​នឹង​ទៅ​រក​ផឹក​ទៀត។

សូមអានជំពូកពេញលេញ សុភាសិត 23