គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 22:3-16 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ‌ឆ្លាត គេ​ឃើញ​សេចក្តី​អាក្រក់​មក ក៏​ពួន​ខ្លួន​ទៅ តែ​មនុស្ស​ខ្លៅ​ល្ងង់​គេ​ចេះ​តែ​ដើរ​ទៅ ហើយ​ត្រូវ​មាន​ទុក្ខ។

4. ផល​នៃ​សេចក្តី​សុភាព និង​សេចក្តី​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា នោះ​គឺ​ជា​ទ្រព្យ​សម្បត្តិ កិត្តិសព្ទ និង​ជីវិត។

5. នៅ​ក្នុង​ផ្លូវ​របស់​មនុស្ស​វៀច នោះ​មាន​សុទ្ធ​តែ​បន្លា ហើយ​នឹង​អន្ទាក់ អ្នក​ដែល​រក្សា​ព្រលឹង​ខ្លួន នឹង​ចៀស​ឆ្ងាយ​ពី​នោះ​ចេញ។

6. ចូរ​បង្ហាត់​កូន​ក្មេង ឲ្យ​ប្រព្រឹត្ត​តាម​ផ្លូវ​ដែល​គួរ​ប្រព្រឹត្ត​នោះ​វា​នឹង​មិន​លះ‌បង់​ពី​ផ្លូវ​នោះ​ដរាប​ដល់​ចាស់។

7. មនុស្ស​អ្នក​មាន​គេ​គ្រប់‌គ្រង​លើ​ពួក​អ្នក​ក្រ ហើយ​អ្នក​ណា​ដែល​ខ្ចី​គេ ជា​បាវ​បំរើ​ដល់​អ្នក​ដែល​ឲ្យ​ខ្ចី​នោះ។

8. អ្នក​ណា​ដែល​សាប‌ព្រោះ​សេចក្តី​ទុច្ចរិត នោះ​នឹង​ច្រូត​បាន​សេចក្តី​ទុក្ខ‌ព្រួយ ហើយ​ដំបង​នៃ​សេចក្តី​កំហឹង​របស់​អ្នក​នោះ​នឹង​សាប‌សូន្យ​ទៅ។

9. អ្នក​ណា​ដែល​មើល​គេ​ដោយ​ចិត្ត​ល្អ នោះ​នឹង​បាន​ពរ ដ្បិត​អ្នក​នោះ​រមែង​ចែក​អាហារ​ខ្លួន​ដល់​មនុស្ស​ទាល់​ក្រ។

10. ចូរ​បណ្តេញ​មនុស្ស​ដែល​ចំអក​មើល‌ងាយ នោះ​សេចក្តី​ទាស់‌ទែង​គ្នា​នឹង​បាត់​ទៅ អើ សេចក្តី​ឈ្លោះ​ប្រកែក​នឹង​សេចក្តី​ត្មះ‌តិះដៀល​នឹង​ស្ងប់​ទៅ​ដែរ។

11. ឯ​អ្នក​ណា​ដែល​ស្រឡាញ់​សេចក្តី​បរិសុទ្ធ​ខាង​ចិត្ត ហើយ​មាន​បបូរ​មាត់​ប្រកប​ដោយ​គុណ​ដ៏​ល្អ នោះ​ស្តេច​នឹង​បាន​ជា​មិត្រ​សំឡាញ់​របស់​អ្នក​នោះ។

12. ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា​រក្សា​ទុក​នូវ​ដំរិះ តែ​ទ្រង់​បំផ្លាញ​ពាក្យ​សំដី​របស់​មនុស្ស​ក្បត់​វិញ។

13. មនុស្ស​ខ្ជិល​ច្រអូស​គេ​ថា មាន​សិង្ហ​១​នៅ​ខាង​ក្រៅ​ហើយ បើ​ខ្ញុំ​ចេញ​ទៅ នោះ​វា​នឹង​សំឡាប់​ខ្ញុំ​នៅ​នា​កណ្តាល​ផ្លូវ។

14. មាត់​របស់​ស្រី​ដទៃ​ជា​រណ្តៅ​យ៉ាង​ជ្រៅ អ្នក​ណា​ដែល​ជា​ទី​ស្អប់​ខ្ពើម​ចំពោះ​ព្រះ‌យេហូវ៉ា នឹង​ធ្លាក់​ទៅ​ក្នុង​រណ្តៅ​នោះ។

15. សេចក្តី​ចំកួត រមែង​នៅ​ជាប់​ក្នុង​ចិត្ត​របស់​កូន​ក្មេង ប៉ុន្តែ​រំពាត់​វាយ‌ផ្ចាល នឹង​បណ្តេញ​សេចក្តី​នោះ ឲ្យ​បាត់​ចេញ​បាន។

16. អ្នក​ដែល​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ដើម្បី​នឹង​ចំរើន​ទ្រព្យ​សម្បត្តិ​ខ្លួន​ឡើង ហើយ​អ្នក​ណា​ដែល​ជូន​ជំនូន​ដល់​អ្នក​មាន នោះ​នឹង​ត្រឡប់​ជា​ខ្វះ​ខាត​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 22