គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 21:4-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

4. ឫក​ខ្ពស់​នឹង​ចិត្ត​អំនួត គឺ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នោះ​ហៅ​ថា​ជា​អំពើ​បាប​ទាំង​អស់។

5. គំនិត​របស់​មនុស្ស​ឧស្សាហ៍ នោះ​នាំ​ឲ្យ​បាន​បរិបូរ​ឡើង​តែ​ម្យ៉ាង តែ​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​រលះ‌រលាំង​នោះ​នឹង​បាន​តែ​សេចក្តី​ខ្វះ​ខាត​វិញ។

6. ការ​ដែល​ប្រមូល​ទ្រព្យ​សម្បត្តិ ដោយ‌សារ​អណ្តាត​ភូត‌ភរ នោះ​ជា​ចំហាយ​ទឹក​ទទេ ដែល​ផាត់​ទៅ​មក ដោយ​ពួក​អ្នក​ដែល​រក​ស្លាប់។

7. សេចក្តី​ច្រឡោត​របស់​មនុស្ស​អាក្រក់​នឹង​បោស​ខ្លួន​គេ​ចេញ​ទៅ ដោយ​ព្រោះ​គេ​មិន​ព្រម​ប្រព្រឹត្ត​តាម​សេចក្តី​យុត្តិ‌ធម៌​សោះ។

8. ផ្លូវ​របស់​មនុស្ស​ណា ដែល​ផ្ទុក​ដោយ​ទោស​ច្រើន​នោះ​ជា​ផ្លូវ​វៀច​ណាស់ តែ​ចំណែក​មនុស្ស​សុចរិត​វិញ ការ​ដែល​គេ​ប្រព្រឹត្ត​សុទ្ធ​តែ​ទៀង​ត្រង់។

9. ស៊ូ​នៅ​ក្នុង​ទី​កៀន​១​នៅ​លើ​ដំបូល​ផ្ទះ ជា​ជាង​នៅ​ក្នុង​ផ្ទះ​ធំ​ទូលាយ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង​វិញ។

10. ព្រលឹង​នៃ​មនុស្ស​អាក្រក់​ប្រាថ្នា​តែ​ការ​អាក្រក់ ទោះ​ទាំង​អ្នក​ជិត​ខាង​ក៏​មិន​ប្រកប​ដោយ​គុណ​អ្នក​នោះ​ដែរ។

11. កាល​មនុស្ស​ចំអក​មើល‌ងាយ ត្រូវ​ទោស​ហើយ​នោះ​មនុស្ស​ខ្លៅ​ល្ងង់​ក៏​មាន​ប្រាជ្ញា​ឡើង ហើយ​កាល​ណា​មនុស្ស​មាន​ប្រាជ្ញា​បាន​ទទួល​សេចក្តី​ប្រៀន‌ប្រដៅ នោះ​ក៏​មាន​ចំណេះ​ឡើង​ដែរ។

12. មនុស្ស​សុចរិត​រមែង​ពិចារណា​មើល​វង្ស​នៃ​មនុស្ស​អាក្រក់ ឃើញ​ថា គេ​ត្រូវ​រំលំ​ឲ្យ​វិនាស​បាត់​ទៅ។

13. អ្នក​ណា​ដែល​ចុក​ត្រចៀក​មិន​ស្តាប់​ពាក្យ​អំពាវ‌នាវ​របស់​មនុស្ស​ទាល់​ក្រ អ្នក​នោះ​ឯង​នឹង​ត្រូវ​អំពាវ‌នាវ​ដែរ តែ​មិន​មាន​អ្នក​ណា​ស្តាប់​ឡើយ។

14. អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រំងាប់​សេចក្តី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់​ក៏​បំបាត់​សេចក្តី​ឃោរ‌ឃៅ​ដែរ។

15. ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​សេចក្តី​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្តី​វិនាស​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។

16. មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សំរាក​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ហើយ។

17. ឯ​អ្នក​ណា ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា ហើយ​នឹង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។

18. មនុស្ស​អាក្រក់​គេ​សំរាប់​ជា​ថ្លៃ​លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។

19. ស៊ូ​អាស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។

20. មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ។

21. អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្តី​សុចរិត និង​កិត្តិសព្ទ។

22. ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​នឹង​នាំ​ឲ្យ​កំឡាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។

23. អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 21