គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 21:14-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. អំណោយ​ដែល​ឲ្យ​ដោយ​ស្ងាត់​កំបាំង នោះ​រមែង​រំងាប់​សេចក្តី​កំហឹង ហើយ​ជំនូន​ដែល​ជូន​ដោយ​លួច​លាក់​ក៏​បំបាត់​សេចក្តី​ឃោរ‌ឃៅ​ដែរ។

15. ការ​ដែល​ប្រព្រឹត្ត​ដោយ​យុត្តិ‌ធម៌ នោះ​ជា​សេចក្តី​អំណរ​ដល់​មនុស្ស​សុចរិត តែ​នោះ​ជា​សេចក្តី​វិនាស​ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​ទុច្ចរិត​វិញ។

16. មនុស្ស​ណា​ដែល​វង្វេង​ចេញ​ពី​ផ្លូវ​នៃ​ប្រាជ្ញា នោះ​នឹង​សំរាក​នៅ​ក្នុង​ចំណោម​មនុស្ស​ស្លាប់​ហើយ។

17. ឯ​អ្នក​ណា ដែល​ចូល​ចិត្ត​តែ​នឹង​ការ​លេង​សប្បាយ នោះ​នឹង​ត្រូវ​ជា​មនុស្ស​ទាល់​ក្រ​ទៅ អ្នក​ណា​ដែល​ចូល​ចិត្ត​តែ​ស្រា ហើយ​នឹង​ប្រេង នោះ​មិន​ដែល​ទៅ​ជា​អ្នក​មាន​ទេ។

18. មនុស្ស​អាក្រក់​គេ​សំរាប់​ជា​ថ្លៃ​លោះ​មនុស្ស​សុចរិត ហើយ​មនុស្ស​ក្បត់​ក៏​ជំនួស​មនុស្ស​ទៀង​ត្រង់​ដែរ។

19. ស៊ូ​អាស្រ័យ​នៅ​ក្នុង​ទី​សូន្យ​ស្ងាត់ ជា​ជាង​នៅ​ជា​មួយ​នឹង​ស្ត្រី​ដែល​ចេះ​តែ​រក​រឿង ហើយ​អុច‌អាល​វិញ។

20. មាន​ទ្រព្យ​វិសេស និង​ប្រេង នៅ​ក្នុង​ទី​លំនៅ​របស់​មនុស្ស​មាន​ប្រាជ្ញា តែ​មនុស្ស​ល្ងី‌ល្ងើ​រមែង​លេប​បង្ហិន​ទាំង​អស់​ទៅ។

21. អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្តី​សុចរិត និង​សេចក្តី​សប្បុរស នោះ​រមែង​បាន​ជីវិត សេចក្តី​សុចរិត និង​កិត្តិសព្ទ។

22. ឯ​មនុស្ស​មាន​ប្រាជ្ញា គេ​ឡើង​ចូល​ក្នុង​ទី​ក្រុង​របស់​មនុស្ស​ខ្លាំង​ពូកែ ហើយ​នឹង​នាំ​ឲ្យ​កំឡាំង​ដែល​គេ​ពឹង‌ពាក់​ធ្លាក់​ចុះ​វិញ។

23. អ្នក​ណា​ដែល​រក្សា​មាត់​នឹង​អណ្តាត​ខ្លួន នោះ​ក៏​រក្សា​ព្រលឹង​ខ្លួន​ឲ្យ​រួច​ពី​ទុក្ខ​ព្រួយ​ដែរ។

24. ឯ​មនុស្ស​អំនួត ហើយ​ឆ្មើង‌ឆ្មៃ មាន​ឈ្មោះ​ជា​អ្នក​ចំអក គេ​តែង​តែ​ប្រព្រឹត្ត​ដោយ​សេចក្តី​ប្រមាថ​មើល‌ងាយ និង​សេចក្តី​អំនួត​ទទេ។

25. បំណង​ចិត្ត​របស់​មនុស្ស​ខ្ជិល​ច្រអូស នោះ​រមែង​សំឡាប់​ខ្លួន​វិញ ដ្បិត​ដៃ​គេ​មិន​ព្រម​ធ្វើ​ការ​សោះ។

26. មាន​គេ​ដែល​លោភ‌លន់​រាល់​តែ​ថ្ងៃ​ជានិច្ច តែ​ឯ​មនុស្ស​សុចរិត គេ​ចែក​ចាយ​វិញ ឥត​សំចៃ​ទុក​អ្វី​ឡើយ។

27. យញ្ញ‌បូជា​ដែល​មនុស្ស​អាក្រក់​ថ្វាយ ជា​ទី​ស្អប់​ខ្ពើម​ទៅ​ហើយ ចំណង់​បើ​កាល​ណា​ថ្វាយ​ដោយ​មាន​គំនិត​អាក្រក់ នោះ​នឹង​គួរ​ខ្ពើម​ជា​ជាង​អម្បាលម៉ាន​ទៅ​ទៀត។

28. សាក្សី​ក្លែង‌ក្លាយ​នឹង​ត្រូវ​វិនាស តែ​អ្នក​ណា​ដែល​បាន​ឮ​ច្បាស់ នោះ​នឹង​ធ្វើ​ទី​បន្ទាល់​ជាប់​នៅ​ជា​ដរាប។

29. មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​ធ្វើ​ទឹក​មុខ​រឹង តែ​មនុស្ស​ទៀង​ត្រង់​វិញ គេ​ខំ​ប្រឹង​កែ​ឲ្យ​ផ្លូវ​ខ្លួន​បាន​ត្រឹម​ត្រូវ។

30. គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។

សូមអានជំពូកពេញលេញ សុភាសិត 21