គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 20:8-27 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ នោះ​ទ្រង់​កំចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​ទ្រង់។

9. តើ​អ្នក​ណា​អាច​នឹង​និយាយ​បាន​ថា ខ្ញុំ​បាន​ជំរះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ។

10. កូន​ជញ្ជីង​ឆ​ផ្សេងៗ ហើយ​រង្វាល់​កោង​ផ្សេងៗ​ទាំង​២​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

11. សូម្បី​តែ​កូន​ក្មេង​ក៏​សំដែង​ខ្លួន ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។

12. ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង។

13. កុំ​ឲ្យ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។

14. អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។

15. មាស ហើយ​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​ដំឡៃ​យ៉ាង​ប្រសើរ​វិញ។

16. ចូរ​ទទួល​បញ្ចាំ​អាវ​របស់​អ្នក ដែល​ធានា​ឲ្យ​មនុស្ស​ដទៃ ហើយ​ទារ​របស់​បញ្ចាំ​ពី​អ្នក​សន្យា​ជំនួស​អ្នក​ក្រៅ​ចុះ។

17. អាហារ​ដែល​មនុស្ស​ណា​បាន ដោយ​ការ​កំភូត នោះ​រមែង​ឆ្ងាញ់​ដល់​ខ្លួន តែ​ក្រោយ​មក មាត់​មាន​ពេញ​ទៅ​ដោយ​ក្រួស​វិញ។

18. អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។

19. អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

20. អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។

21. ឯ​មរដក ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។

22. កុំ​ឲ្យ​ថា អញ​នឹង​សង‌សឹក​នោះ​ឡើយ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។

23. កូន​ជញ្ជីង​ឆ​ផ្សេងៗ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រាជូ​ក្លែង នោះ​មិន​ល្អ​ទេ។

24. ផ្លូវ​ដើរ​របស់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន។

25. ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។

26. ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កំចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។

27. វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។

សូមអានជំពូកពេញលេញ សុភាសិត 20