គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 20:3-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

3. អ្នក​ណា​ដែល​មិន​ព្រម​បៀត​ខ្លួន ក្នុង​ការ​ឈ្លោះ​ប្រកែក​គ្នា នោះ​ជា​កិត្តិសព្ទ​ដល់​ខ្លួន​ហើយ ប៉ុន្តែ​គ្រប់​ទាំង​មនុស្ស​ល្ងី‌ល្ងើ​គេ​ចេះ​តែ​រក​រឿង​វិញ។

4. មនុស្ស​ខ្ជិល​ច្រអូស​មិន​ព្រម​ភ្ជួរ‌រាស់ ដោយ​ព្រោះ​នៅ​រងា​នៅ​ឡើយ ដូច្នេះ គេ​នឹង​ត្រូវ​សុំទាន​ក្នុង​រដូវ​ចំរូត ហើយ​ខ្វះ​ខាត​វិញ។

5. សេចក្តី​ដំបូន្មាន​នៅ​ក្នុង​ចិត្ត​មនុស្ស នោះ​ធៀប​ដូច​ជា​អណ្តូង​ដ៏​ជ្រៅ តែ​មនុស្ស​ដែល​មាន​យោបល់ គេ​នឹង​ដង​ឡើង​បាន។

6. មនុស្ស​ស្ទើរ​តែ​ទាំង​អស់ សុទ្ធ​តែ​ជា​អ្នក​ប្រកាស​គុណ​របស់​ខ្លួន តើ​អ្នក​ណា​នឹង​រក​មនុស្ស​ទៀង​ត្រង់ សូម្បី​តែ​ម្នាក់​បាន។

7. មនុស្ស​សុចរិត គេ​ដើរ​តាម​ផ្លូវ​ទៀង​ត្រង់​របស់​ខ្លួន​កូន​ចៅ​របស់​អ្នក​នោះ​មាន​ពរ​ត​រៀង​ទៅ។

8. កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ នោះ​ទ្រង់​កំចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​ទ្រង់។

9. តើ​អ្នក​ណា​អាច​នឹង​និយាយ​បាន​ថា ខ្ញុំ​បាន​ជំរះ​ចិត្ត​ខ្ញុំ​ឲ្យ​ស្អាត ខ្ញុំ​បាន​បរិសុទ្ធ​រួច​ពី​បាប​របស់​ខ្ញុំ​ហើយ។

10. កូន​ជញ្ជីង​ឆ​ផ្សេងៗ ហើយ​រង្វាល់​កោង​ផ្សេងៗ​ទាំង​២​យ៉ាង​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

11. សូម្បី​តែ​កូន​ក្មេង​ក៏​សំដែង​ខ្លួន ដោយ‌សារ​កិរិយា​ប្រព្រឹត្ត​របស់​វា​ដែរ ឲ្យ​ដឹង​ជា​កិរិយា​នោះ​បរិសុទ្ធ ហើយ​ត្រឹម​ត្រូវ​ឬ​យ៉ាង​ណា។

12. ការ​ស្តាប់​ឮ​ដោយ​ត្រចៀក ហើយ​មើល​ឃើញ​ដោយ​ភ្នែក នោះ​គឺ​ព្រះ‌យេហូវ៉ា​ដែល​បង្កើត​ទាំង​២​យ៉ាង។

13. កុំ​ឲ្យ​ល្មោភ​ដេក ក្រែង​លោ​ត្រឡប់​ជា​ទាល់​ក្រ ចូរ​បើក​ភ្នែក​ឡើង នោះ​នឹង​បាន​អាហារ​ឆ្អែត។

14. អ្នក​ដែល​ទិញ​រមែង​ថា របស់​នេះ​អាក្រក់ អាក្រក់​ណាស់ តែ​កាល​ណា​ដើរ​ហួស​ទៅ នោះ​ក៏​អួត​ខ្លួន​វិញ។

15. មាស ហើយ​ត្បូង​ទទឹម​មាន​ជា​បរិបូរ តែ​បបូរ​មាត់​ដែល​ប្រកប​ដោយ​ចំណេះ នោះ​ជា​ត្បូង​មាន​ដំឡៃ​យ៉ាង​ប្រសើរ​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 20