គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 20:18-30 ព្រះគម្ពីរបរិសុទ្ធ (KHOV)

18. អស់​ទាំង​គំនិត​ដែល​ចង់​ធ្វើ នោះ​បាន​សំរេច​មែន‌ទែន ដោយ‌សារ​ការ​ប្រឹក្សា​គ្នា ហើយ​បើ​មាន​អ្នក​ជួយ​គំនិត​ដោយ​ប្រាជ្ញា នោះ​សឹម​ធ្វើ​សង្គ្រាម​ទៅ​ចុះ។

19. អ្នក​ណា​ដែល​ដើរ​ចុះ​ឡើង​និយាយ​ដើម​គេ នោះ​ជា​អ្នក​បើក​សំដែង​ការ​លាក់​កំបាំង​ហើយ ដូច្នេះ កុំ​ឲ្យ​ភប់‌ប្រសព្វ​នឹង​អ្នក​ណា​ដែល​មាន​មាត់​ប៉ាច‌រហាច​ឡើយ។

20. អ្នក​ណា​ដែល​ប្រទេច​ផ្តាសា​ឪពុក​ម្តាយ ចង្កៀង​របស់​អ្នក​នោះ​នឹង​ត្រូវ​ពន្លត់​នៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង។

21. ឯ​មរដក ដែល​ដើម​ដំបូង​បាន​យ៉ាង​រួស‌រាន់ នោះ​ដល់​ចុង​ក្រោយ​មិន​បាន​ពរ​ទេ។

22. កុំ​ឲ្យ​ថា អញ​នឹង​សង‌សឹក​នោះ​ឡើយ ចូរ​រង់‌ចាំ​ព្រះ‌យេហូវ៉ា​ចុះ ទ្រង់​នឹង​ជួយ​សង្គ្រោះ​ឯង​វិញ។

23. កូន​ជញ្ជីង​ឆ​ផ្សេងៗ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា ហើយ​ត្រាជូ​ក្លែង នោះ​មិន​ល្អ​ទេ។

24. ផ្លូវ​ដើរ​របស់​មនុស្ស នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ដូច្នេះ ធ្វើ​ដូច​ម្តេច​ឲ្យ​មនុស្ស​យល់​ផ្លូវ​ខ្លួន​បាន។

25. ការ​ដែល​និយាយ​ឥត​បើ​គិត​ថា នេះ​ជា​ដង្វាយ​ថ្វាយ​ព្រះ​ហើយ រួច​កាល​ណា​បាន​បន់​ព្រះ​ហើយ ទើប​ស៊ើប​សួរ​ជា​ខាង​ក្រោយ នោះ​ជា​អន្ទាក់​ដល់​មនុស្ស​ហើយ។

26. ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កំចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។

27. វិញ្ញាណ​របស់​មនុស្ស​ជា​ចង្កៀង​នៃ​ព្រះ‌យេហូវ៉ា ក៏​ស្ទង់​មើល​ទៅ​គ្រប់​ក្នុង​ចំណែក​នៃ​រាង​កាយ។

28. សេចក្តី​មេត្តា និង​សេចក្តី​ទៀង​ត្រង់ រមែង​ការ‌ពារ​ស្តេច ហើយ​បល្ល័ង្ក‌រាជ្យ​ទ្រង់​ក៏​ស្ថិត​នៅ ដោយ‌សារ​សេចក្តី​សប្បុរស​ដែរ។

29. កំឡាំង​កាយ ជា​សេចក្តី​អំនួត​របស់​មនុស្ស​កំឡោះ ហើយ​សក់​ស្កូវ​ជា​គ្រឿង​លំអ​ដល់​មនុស្ស​ចាស់។

30. ការ​វាយ​ដោយ​រំពាត់​ឲ្យ​ត្រូវ​របួស នោះ​នឹង​សំអាត​អំពើ​អាក្រក់​ចេញ ហើយ​ការ​វាយ​ដោយ​ដំបង ក៏​នឹង​ចូល​ទៅ​ដល់​ខាង​ក្នុង​ខ្លួន​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 20