គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 17:21-28 ព្រះគម្ពីរបរិសុទ្ធ (KHOV)

21. អ្នក​ណា​ដែល​បង្កើត​បាន​កូន ជា​មនុស្ស​ល្ងី‌ល្ងើ ក៏​កើត​មាន​សេចក្តី​ទុក្ខ​ព្រួយ ឪពុក​របស់​មនុស្ស​ល្ងី‌ល្ងើ​រមែង​គ្មាន​សេចក្តី​អំណរ​ឡើយ។

22. ចិត្ត​ដែល​សប្បាយ​ជា​ថ្នាំ​យ៉ាង​វិសេស តែ​វិញ្ញាណ​បាក់​បែក​រមែង​ឲ្យ​ឆ្អឹង​រីង​ស្ងួត​ទៅ។

23. មនុស្ស​អាក្រក់ គេ​តែង​តែ​ទទួល​សំណូក ដោយ​លួច​លាក់ ដើម្បី​នឹង​បង្ខូច​ផ្លូវ​យុត្តិ‌ធម៌។

24. ឯ​ប្រាជ្ញា រមែង​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​មាន​ដំរិះ តែ​ភ្នែក​មនុស្ស​ល្ងី‌ល្ងើ​មើល​ទៅ​ឯ​ចុង​ផែនដី​បំផុត​វិញ។

25. កូន​ល្ងី‌ល្ងើ​ជា​ហេតុ​ឲ្យ​ឪពុក​កើត​ទុក្ខ​ព្រួយ ហើយ​ជា​ទី​ជូរ​ល្វីង​ដល់​ម្តាយ​ដែល​បង្កើត​វា​មក។

26. ការ​ដែល​ធ្វើ​ទោស​ដល់​មនុស្ស​សុចរិត ឬ​វាយ​អ្នក​ត្រកូល​ខ្ពស់ ដោយ​ព្រោះ​សេចក្តី​ទៀង​ត្រង់​របស់​គេ នោះ​មិន​ល្អ​ទេ។

27. អ្នក​ណា​ដែល​មាន​ដំរិះ​រមែង​សំចៃ​ទុក​នូវ​ពាក្យ​សំដី ហើយ​អ្នក​ណា​ដែល​មាន​យោបល់ នោះ​ក៏​តែង​តែ​មាន​ចិត្ត​ត្រជាក់​ដែរ។

28. សូម្បី​តែ​មនុស្ស​ឆ្កួត បើ​វា​នៅ​មាត់​ស្ងៀម នោះ​គេ​រាប់​ថា​ជា​អ្នក​មាន​ប្រាជ្ញា​ដែរ ឯ​អ្នក​ណា​ដែល​បិត​បបូរ​មាត់​ខ្លួន​ទុក នោះ​ក៏​រាប់​ជា​អ្នក​ឆ្លៀវ​ឆ្លាត​ហើយ។

សូមអានជំពូកពេញលេញ សុភាសិត 17