គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 17:1-17 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. បើ​មាន​តែ​បាយ​ក្រៀម​១​ដុំ ដែល​នឹង​បរិភោគ​ដោយ​សេចក្តី​សុខ នោះ​វិសេស​ជាង​មាន​ផ្ទះ​ពេញ​ដោយ​ការ​ជប់‌លៀង តែ​មាន​សេចក្តី​ទាស់‌ទែង​គ្នា​វិញ។

2. បាវ​ដែល​បំរើ​ដោយ​ប្រាជ្ញា នោះ​នឹង​ត្រួត​លើ​កូន​ដែល​នាំ​ឲ្យ​ឪពុក​មាន​សេចក្តី​ខ្មាស ហើយ​នឹង​បាន​ចំណែក​មរដក​ជា​មួយ​នឹង​បង​ប្អូន​របស់​កូន​នោះ​ដែរ។

3. មនុស្ស​ប្រើ​បាវ​ដី​សំរាប់​សំរង​ប្រាក់ ហើយ​ឡ​សំរាប់​មាស តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ល​មើល​ចិត្ត​វិញ។

4. មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់ គេ​តែង​ស្តាប់​តាម​បបូរ​មាត់​អាក្រក់ ហើយ​មនុស្ស​ភូត‌ភរ​ក៏​ផ្ទៀង​ត្រចៀក ស្តាប់​អណ្តាត​កាច។

5. អ្នក​ណា​ដែល​ចំអក​ឲ្យ​មនុស្ស​ក្រ នោះ​ក៏​មើល‌ងាយ​ដល់​ព្រះ​ដែល​បង្កើត​គេ​មក​ដែរ ឯ​អ្នក​ណា​ដែល​ត្រេក‌អរ​ក្នុង​ការ​អន្តរាយ​របស់​គេ នោះ​នឹង​មិន​រួច​ពី​ទោស​ឡើយ។

6. កូន​ចៅ​ជា​មកុដ​ដល់​មនុស្ស​ចាស់ៗ ហើយ​ឪពុក​ជា​ទី​អំនួត​របស់​ពួក​កូន។

7. ពាក្យ​សំដី​ខ្ពស់​ប្រសើរ មិន​សំណំ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទៅ​ហើយ ចំណង់​បើ​បបូរ​មាត់​កំភូត តើ​មិន​សំណំ​នឹង​មនុស្ស​ត្រកូល​ខ្ពស់​ជា​ជាង​យ៉ាង​ណា​ទៅ។

8. សំណូក​រាប់​ដូច​ជា​ត្បូង​មាន​ដំឡៃ​ដល់​អ្នក​ណា​ដែល​មាន ទោះ​បើ​ជូន​ទៅ​ខាង​ណា​ក៏​ដោយ គង់​តែ​សំរេច​ការ​បាន។

9. អ្នក​ណា​ដែល​គ្រប​បាំង​សេចក្តី​កំហុស​របស់​អ្នក​ដទៃ នោះ​ជា​អ្នក​ស្វែង​រក​សេចក្តី​រាប់​អាន​គ្នា តែ​អ្នក​ណា​ដែល​ចេះ​តែ​និយាយ​សាំ​ពី​ការ​នោះ នឹង​នាំ​ឲ្យ​មិត្រ​សំឡាញ់​បាក់​បែក​គ្នា​វិញ។

10. ពាក្យ​បន្ទោស​តែ​១​ម៉ាត់ តែង​មុត​ចូល​ទៅ​ក្នុង​ចិត្ត​របស់​មនុស្ស​មាន​យោបល់ ជា​ជាង​ការ​វាយ​មនុស្ស​ល្ងី‌ល្ងើ​១០០​រំពាត់​ទៅ​ទៀត។

11. មនុស្ស​ខូច​អាក្រក់ គេ​រក​តែ​បះ‌បោរ​ម្យ៉ាង​ប៉ុណ្ណោះ ដូច្នេះ នឹង​ត្រូវ​មាន​អ្នក​បំរើ​យ៉ាង​សាហាវ ចេញ​មក​ទាស់​នឹង​គេ។

12. ស៊ូ​ឲ្យ​ប្រទះ​នឹង​មេ​ខ្លា‌ឃ្មុំ​ដែល​បាត់​កូន នោះ​គ្រាន់​បើ​ជាង​ប្រទះ​នឹង​មនុស្ស​ល្ងី‌ល្ងើ ដែល​កំពុង​តែ​ប្រព្រឹត្ត​ការ​ចំកួត​របស់​ខ្លួន។

13. ឯ​អ្នក​ណា​ដែល​សង​ការ​អាក្រក់ ស្នង​នឹង​ការ​ល្អ​សេចក្តី​អាក្រក់​នឹង​មិន​ឃ្លាត​ចេញ​ពី​ផ្ទះ​អ្នក​នោះ​ឡើយ។

14. ការ​ចាប់​ផ្តើម​ប្រកាន់​គ្នា នោះ​ប្រៀប​ដូច​ជា​បើក​ទំនប់​ទឹក ដូច្នេះ ចូរ​លើក​ការ​ទាស់​គ្នា​ចេញ មុន​ដែល​កើត​មាន​ការ​ប្រឈ្លោះ​គ្នា​ផង។

15. អ្នក​ណា​ដែល​រាប់​មនុស្ស​អាក្រក់​ជា​ឥត​មាន​ទោស ហើយ​អ្នក​ណា​ដែល​កាត់​ទោស​ដល់​មនុស្ស​សុចរិត អ្នក​ទាំង​២​នោះ​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា។

16. ការ​ដែល​មនុស្ស​ល្ងី‌ល្ងើ​មាន​ប្រាក់​នៅ​ដៃ​សំរាប់​នឹង​រៀន​យក​ប្រាជ្ញា នោះ​តើ​មាន​ប្រយោជន៍​អ្វី បើ​ឃើញ​ថា វា​គ្មាន​ចិត្ត​ចង់​បាន​ទេ។

17. មិត្រ​សំឡាញ់​រមែង​ស្រឡាញ់​គ្នា​នៅ​គ្រប់​វេលា ឯ​បង​ប្អូន​ក៏​កើត​មក​សំរាប់​គ្រា​លំបាក​ដែរ។

សូមអានជំពូកពេញលេញ សុភាសិត 17