គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 16:8-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. បើ​មាន​ទ្រព្យ​តិច ហើយ​មាន​សេចក្តី​សុចរិត នោះ​វិសេស​ជាង​មាន​កំរៃ​ច្រើន តែ​មាន​សេចក្តី​ទុច្ចរិត​វិញ។

9. ចិត្ត​របស់​មនុស្ស​រមែង​គិត​សំរេច​ផ្លូវ​របស់​ខ្លួន តែ​គឺ​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​ដំរង់​ជំហាន​គេ​វិញ។

10. មាន​ពាក្យ​ទំនាយ​នៅ​ព្រះ‌រឹម​នៃ​ស្តេច ហើយ​ព្រះ‌ឱស្ឋ​ទ្រង់​នឹង​មិន​សំរេច​ខុស​ក្នុង​ការ​វិនិច្ឆ័យ​ឡើយ។

11. ជញ្ជីង ហើយ​នឹង​ត្រាជូ​ត្រឹម​ត្រូវ នោះ​ជា​របស់​ផង​ព្រះ‌យេហូវ៉ា ឯ​អស់​ទាំង​កូន​ជញ្ជីង​នៅ​ក្នុង​ថង់​ក៏​ជា​ស្នាដៃ​របស់​ទ្រង់​ដែរ។

12. បើ​ស្តេច​ប្រព្រឹត្ត​អំពើ​អាក្រក់ នោះ​ជា​ទី​គួរ​ស្អប់​ខ្ពើម​ហើយ ដ្បិត​រាជ្យ​បាន​តាំង​នៅ​ជាប់ ដោយ‌សារ​តែ​សេចក្តី​សុចរិត​ទេ។

13. ឯ​បបូរ​មាត់​សុចរិត នោះ​ជា​ទី​គាប់​ដល់​ព្រះ‌ទ័យ​នៃ​ស្តេច​ណាស់ ហើយ​ទ្រង់​ក៏​ស្រឡាញ់​ដល់​អ្នក​ណា​ដែល​ពោល​ដោយ​ត្រឹម​ត្រូវ។

14. សេចក្តី​ក្រោធ​របស់​ស្តេច ប្រៀប​ដូច​ជា​អ្នក​បំរើ​នៃ​សេចក្តី​ស្លាប់ មនុស្ស​មាន​ប្រាជ្ញា​នឹង​ខំ​រំងាប់​សេចក្តី​ក្រោធ​នោះ​ទៅ។

15. កាល​ណា​ស្តេច​មាន​ព្រះ‌ភក្ត្រ​រីក‌រាយ នោះ​ឯង​បាន​ជីវិត​គង់​នៅ​ហើយ ឯ​ព្រះ‌គុណ​ទ្រង់​ក៏​ដូច​ជា​ពពក​នៅ​ចុង​រដូវ​ភ្លៀង។

16. ការ​ដែល​បាន​ប្រាជ្ញា នោះ​វិសេស​ជាង​បាន​មាស​តើ​អំបាលម៉ាន​ទៅ អើ ការ​ដែល​បាន​យោបល់ នោះ​គួរ​រើស​យក​ជា​ជាង​ប្រាក់​ទៅ​ទៀត។

17. ផ្លូវ​របស់​មនុស្ស​ទៀង​ត្រង់ នោះ​គឺ​ជា​ការ​ចៀស​វាង​ពី​អំពើ​អាក្រក់ អ្នក​ណា​ដែល​រក្សា​ទុក​នូវ​ផ្លូវ​ប្រព្រឹត្ត​របស់​ខ្លួន​នោះ​ឈ្មោះ​ថា​ការ‌ពារ​ព្រលឹង​ខ្លួន។

18. សេចក្តី​ឆ្មើង‌ឆ្មៃ​នាំ​មុខ​សេចក្តី​ហិន‌វិនាស ហើយ​ចិត្ត​ព្រហើន​ក៏​នាំ​ឲ្យ​ដួល​ចុះ​ដែរ។

19. ការ​ដែល​មាន​ចិត្ត​សុភាព ជា​មួយ​នឹង​ពួក​មនុស្ស​រាប​ទាប នោះ​វិសេស​ជាង​ការ​ចែក​របឹប​ជា​មួយ​នឹង​មនុស្ស​អួត​អាង។

20. អ្នក​ណា​ដែល​រំពឹង​គិត​ពី​ដំណើរ​អ្វី នោះ​នឹង​បាន​សេចក្តី​ល្អ​ចេញ​ពី​នោះ​មក ហើយ​អ្នក​ណា​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា នោះ​សប្បាយ​ហើយ។

21. ឯ​អ្នក​ណា​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​នឹង​បាន​ឈ្មោះ​ថា​ជា​អ្នក​ឆ្លៀវ‌ឆ្លាត ហើយ​សេចក្តី​ផ្អែម‌ល្ហែម​នៃ​បបូរ​មាត់​ក៏​ចំរើន​ចំណេះ​កាន់​តែ​ច្រើន​ឡើង។

22. អ្នក​ណា​ដែល​មាន​យោបល់​ហើយ យោបល់​នោះ​ឯង​ជា​រន្ធ​ទឹក​នៃ​ជីវិត​ដល់​អ្នក​នោះ ហើយ​ការ​វាយ‌ផ្ចាល​របស់​មនុស្ស​ល្ងី‌ល្ងើ គឺ​ជា​សេចក្តី​ចំកួត​របស់​ខ្លួន​គេ។

23. ចិត្ត​របស់​មនុស្ស​ដែល​មាន​ប្រាជ្ញា នោះ​បង្រៀន​មាត់​របស់​ខ្លួន ហើយ​ក៏​បង្កើន​ឲ្យ​បបូរ​មាត់​មាន​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ផង។

24. ពាក្យ​សំដី​ពីរោះ នោះ​ធៀប​ដូច​ជា​សំណុំ​ឃ្មុំ ក៏​ផ្អែម​ដល់​ព្រលឹង ហើយ​ជា​ថ្នាំ​ផ្សះ​ដល់​ឆ្អឹង​ផង។

សូមអានជំពូកពេញលេញ សុភាសិត 16