គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 13:15-25 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. គំនិត​ឆ្លុះ​មុត នោះ​នាំ​ឲ្យ​គេ​រាប់​អាន តែ​ផ្លូវ​របស់​មនុស្ស​ដែល​រំលង​ច្បាប់ នោះ​ពិបាក​វិញ។

16. គ្រប់​ទាំង​មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវ​ឆ្លាត រមែង​ប្រព្រឹត្ត​ដោយ​ដំរិះ តែ​មនុស្ស​ល្ងី‌ល្ងើ​គេ​បង្អួត​សេចក្តី​ចំកួត​របស់​ខ្លួន​វិញ។

17. មនុស្ស​អាក្រក់​ដែល​នាំ​ដំណឹង នោះ​តែង​ធ្លាក់​ទៅ​ក្នុង​ការ​អាក្រក់ តែ​ទូត​ស្មោះ‌ត្រង់ នោះ​ចំរើន​សេចក្តី​សុខ​វិញ។

18. អ្នក​ណា​ដែល​មិន​ព្រម​ស្តាប់​ពាក្យ​ប្រៀន​ប្រដៅ នឹង​ត្រូវ​ក្រ​លំបាក ហើយ​អៀន‌ខ្មាស​ទៅ តែ​អ្នក​ណា​ដែល​ព្រម​ស្តាប់​តាម​សេចក្តី​បន្ទោស​វិញ នោះ​នឹង​បាន​កិត្តិសព្ទ។

19. ការ​ដែល​បាន​សំរេច​តាម​បំណង​ចិត្ត នោះ​មាន​រស់​ផ្អែម​ដល់​ព្រលឹង​ហើយ តែ​ដែល​លះ​ចេញ​ពី​អំពើ​អាក្រក់ នោះ​ជា​សេចក្តី​ស្អប់​ខ្ពើម​ដល់​មនុស្ស​ល្ងី‌ល្ងើ​វិញ។

20. អ្នក​ណា​ដែល​ដើរ​ជា​មួយ​នឹង​មនុស្ស​ប្រាជ្ញ នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់‌ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច​បង់​វិញ។

21. សេចក្តី​អាក្រក់​ដេញ​ជាប់​តាម​មនុស្ស​មាន​បាប តែ​មនុស្ស​សុចរិត នឹង​បាន​រង្វាន់​ជា​សេចក្តី​ល្អ​វិញ។

22. មនុស្ស​ល្អ គេ​តែង​តែ​ទុក​មរដក​ដល់​កូន​ចៅ​របស់​ខ្លួន តែ​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មាន​បាប នោះ​បាន​ប្រមូល​ទុក​សំរាប់​មនុស្ស​សុចរិត​វិញ។

23. ការ​ភ្ជួរ‌រាស់​របស់​មនុស្ស​ក្រី‌ក្រ នោះ​រមែង​បង្កើត​អាហារ​ជា​ច្រើន តែ​មាន​គេ​ដែល​ត្រូវ​បំផ្លាញ​វិញ ដោយ​ខ្វះ​សេចក្តី​យុត្តិ‌ធម៌។

24. អ្នក​ណា​ដែល​មិន‌សូវ​ប្រើ​រំពាត់ នោះ​ឈ្មោះ​ថា ស្អប់​កូន តែ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​វិញ នោះ​ឧស្សាហ៍​វាយ‌ផ្ចាល​វា។

25. មនុស្ស​សុចរិត​គេ​បរិភោគ​ទាល់​តែ​ស្កប់‌ស្កល់ តែ​ពោះ​របស់​មនុស្ស​អាក្រក់ នឹង​ត្រូវ​អត់‌ឃ្លាន​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 13