គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សុភាសិត 13:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. កូន​ដែល​មាន​ប្រាជ្ញា​រមែង​ស្តាប់​តាម​ដំបូន្មាន​របស់​ឪពុក តែ​មនុស្ស​ចំអក​មើល‌ងាយ មិន​ព្រម​ស្តាប់​តាម​ពាក្យ​បន្ទោស​ទេ។

2. មនុស្ស​នឹង​បាន​សេចក្តី​ល្អ​ដោយ‌សារ​ផល​ដែល​កើត​ពី​មាត់​មក តែ​ព្រលឹង​របស់​មនុស្ស​ក្បត់​នឹង​បាន​តែ​សេចក្តី​ច្រឡោត​វិញ។

3. អ្នក​ណា​ដែល​រវាំង​មាត់ នោះ​រមែង​រក្សា​ជីវិត​ខ្លួន​តែ​អ្នក​ណា​ដែល​ហា​មាត់​ធំ នោះ​នឹង​ត្រូវ​វិនាស​ទៅ។

4. ព្រលឹង​នៃ​មនុស្ស​ខ្ជិល​ច្រអូស​ប្រាថ្នា​ចង់​បាន តែ​មិន​បាន​អ្វី​សោះ ឯ​ព្រលឹង​នៃ​មនុស្ស​ព្យាយាម នោះ​នឹង​បាន​ជា​បរិបូរ​វិញ។

5. មនុស្ស​សុចរិត​រមែង​ស្អប់​ពាក្យ​ភូត‌ភរ តែ​មនុស្ស​អាក្រក់​គេ​គួរ​ខ្ពើម ហើយ​មាន​សេចក្តី​ខ្មាស​ផង។

6. សេចក្តី​សុចរិត​តែង​តែ​ការ‌ពារ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​ផ្លូវ​ទៀង​ត្រង់ តែ​អំពើ​អាក្រក់​រមែង​ផ្តួល​មនុស្ស​មាន​បាប​វិញ។

7. មាន​គេ​ដែល​ខំ​ប្រឹង​ឲ្យ​បាន​ជា​អ្នក​ស្តុក‌ស្តម្ភ តែ​គេ​គ្មាន​អ្វី​សោះ ក៏​មាន​មនុស្ស​ដែល​ទៅ​ជា​ក្រ តែ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន។

8. ឯ​ទ្រព្យ​សម្បត្តិ នឹង​ទុក​សំរាប់​លោះ​ជីវិត​មនុស្ស​បាន តែ​មនុស្ស​ក្រ​គេ​មិន​ដែល​ឮ​ពាក្យ​កំហែង​ទេ។

9. ពន្លឺ​នៃ​មនុស្ស​សុចរិត នោះ​ជា​ទី​សប្បាយ​ហើយ តែ​ចង្កៀង​របស់​មនុស្ស​អាក្រក់​នឹង​រលត់​ទៅ។

10. ផល​នៃ​សេចក្តី​ឆ្មើង‌ឆ្មៃ នោះ​មាន​តែ​ការ​ទាស់‌ទែង​គ្នា​ប៉ុណ្ណោះ តែ​ប្រាជ្ញា​ស្ថិត​នៅ​នឹង​ពួក​អ្នក​ដែល​ស្តាប់​តាម​សេចក្តី​ទូន្មាន។

11. ទ្រព្យ​សម្បត្តិ​ដែល​បាន​ដោយ​ការ​មិន​គួរ​គប្បី នោះ​នឹង​ខ្ជះ‌ខ្ជាយ​ទៅ តែ​អ្នក​ណា​ដែល​សន្សំ​ដោយ​ប្រឹង‌ប្រែង​នោះ​នឹង​បាន​ចំរើន​កើន​ឡើង។

12. សេចក្តី​សង្ឃឹម​ដែល​ចេះ​តែ​បន្ថយ​ទៅ នោះ​នាំ​ឲ្យ​រអា​ចិត្ត តែ​កាល​ណា​បាន​ដូច​ប្រាថ្នា នោះ​ប្រៀប​ដូច​ជា​ដើម​ឈើ​នៃ​ជីវិត​វិញ។

សូមអានជំពូកពេញលេញ សុភាសិត 13