ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. តើ​មាន​អ្នក​ណា​ដូច​អ្នក​ប្រាជ្ញ តើ​អ្នក​ណា​ចេះ​កាត់​ស្រាយ​ន័យ​សេចក្ដី​អ្វីៗ ប្រាជ្ញា​របស់​មនុស្ស​រមែង​ធ្វើ​ឲ្យ​ទឹក​មុខ​គេ​ផូរ‌ផង់​ឡើង ហើយ​ទឹក​មុខ​រឹង​របស់​គេ​ក៏​ផ្លាស់​ប្រែ​ទៅ

2. យើង​សូម​រំឭក​ថា ចូរ​ប្រព្រឹត្ត​តាម​បង្គាប់​នៃ​ស្តេច​ចុះ នោះ​គឺ​ដោយ​យល់​ដល់​សម្បថ ដែល​ខ្លួន​បាន​ស្បថ​ដល់​ព្រះ​ផង

3. កុំ​ឲ្យ​ប្រញាប់​នឹង​ថយ​ចេញ​ពី​ចំពោះ​ស្តេច​ឡើយ ក៏​កុំ​ឲ្យ​ស្អិត​ចិត្ត​ក្នុង​អំពើ​អាក្រក់​ណា​ដែរ ដ្បិត​ស្តេច​ទ្រង់​ធ្វើ​តាម​តែ​ព្រះ‌ទ័យ​ទ្រង់

4. ពី​ព្រោះ​ព្រះ‌បន្ទូល​នៃ​ស្តេច​មាន​ឫទ្ធិ​អំណាច តើ​មាន​អ្នក​ណា​ហ៊ាន​ទូល​ដល់​ទ្រង់​ថា តើ​ទ្រង់​ធ្វើ​អី​នោះ

5. អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​បញ្ញត្ត​ច្បាប់ នោះ​នឹង​មិន​ស្គាល់​ការ​អាក្រក់​ណា​ឡើយ ១​ទៀត ចិត្ត​របស់​មនុស្ស​មាន​ប្រាជ្ញា​រមែង​យល់​ពេល​ដែល​ស្រួល និង​សេចក្ដី​វិនិច្ឆ័យ

6. ក៏​មាន​ពេល​វេលា និង​សេចក្ដី​វិនិច្ឆ័យ សំរាប់​គ្រប់​ការ​ទាំង​អស់ ពី​ព្រោះ​សេចក្ដី​អាក្រក់​របស់​មនុស្ស​តែង‌តែ​សង្កត់​លើ​ខ្លួន​គេ​ជា​ធ្ងន់

7. ដ្បិត​គេ​មិន​ដឹង​ជា​នឹង​កើត​មាន​អ្វី​ទេ តើ​អ្នក​ណា​នឹង​ប្រាប់​ឲ្យ​គេ​ដឹង​ជា​នឹង​កើត​មាន​អ្វី​បាន

8. គ្មាន​អ្នក​ណា​មាន​អំណាច​ត្រួត​លើ​វិញ្ញាណ ដើម្បី​នឹង​ឃាត់​វិញ្ញាណ​បាន​ទេ ក៏​គ្មាន​អ្នក​ណា​មាន​អំណាច​លើ​ថ្ងៃ​មរណៈ​ដែរ គ្មាន​ផ្លូវ​នឹង​គេច​រួច​ចេញ​ពី​ចំបាំង​ទេ ហើយ​សេចក្ដី​អាក្រក់​ក៏​មិន​ជួយ​ឲ្យ​អ្នក​ណា ដែល​ប្រគល់​ខ្លួន​ទៅ​ឲ្យ​ប្រព្រឹត្ត​តាម បាន​រួច​ដែរ។

9. បណ្តា‌ការ​ទាំង​នេះ​យើង​បាន​ឃើញ​អស់​ហើយ ក៏​បាន​ផ្ចង់​ចិត្ត​ចំពោះ​គ្រប់​ទាំង​ការ​ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ មាន​គ្រា​ដែល​មនុស្ស​ម្នាក់ មាន​អំណាច​លើ​ម្នាក់​ទៀត ឲ្យ​គេ​ត្រូវ​វេទនា

10. តាម​ដំណើរ​នោះ យើង​បាន​ឃើញ​គេ​ហែ​ខ្មោច​មនុស្ស​អាក្រក់​ទៅ​កប់ តែ​ចំណែក​ពួក​អ្នក​ត្រឹម‌ត្រូវ​វិញ គេ​បាត់​ចេញ​ពី​ទី​បរិសុទ្ធ ហើយ​មនុស្ស​នៅ​ក្នុង​ទី​ក្រុង​ក៏​ភ្លេច​គេ​ទៅ នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង​ដែរ

11. ចិត្ត​របស់​ពួក​មនុស្ស​ជាតិ​បាន​ផ្តាច់​ទៅ ឲ្យ​ប្រព្រឹត្ត​តាម​អំពើ​អាក្រក់​ជានិច្ច ដោយ​ព្រោះ​តែ​ការ​ធ្វើ​ទោស ចំពោះ​អំពើ​អាក្រក់ មិន​បាន​សំរេច​ជា​យ៉ាង​ឆាប់

12. ទោះ​បើ​មនុស្ស​មាន​បាប​ប្រព្រឹត្ត​អំពើ​អាក្រក់​ដល់​ទៅ​១០០​ដង ហើយ​ចំរើន​អាយុ​យឺន‌យូរ​ក៏​ដោយ គង់​តែ​យើង​ដឹង​ថា ពួក​អ្នក​ដែល​កោត‌ខ្លាច​ដល់​ព្រះ គឺ​ដែល​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់ គេ​នឹង​មាន​សេចក្ដី​សុខ​ស្រួល​វិញ

13. តែ​មិន​បាន​សេចក្ដី​សុខ​ស្រួល ដល់​មនុស្ស​អាក្រក់​ទេ ឯ​អាយុ​គេ ដែល​ធៀប​ដូច​ជា​ស្រមោល នោះ​ក៏​មិន​បាន​យឺន‌យូរ​ដែរ ពី​ព្រោះ​គេ​មិន​កោត‌ខ្លាច​ដល់​ព្រះ​ឡើយ។

14. មាន​ការ​ឥត​មាន​ទំនង​ម្យ៉ាង ដែល​តែង‌តែ​មាន​នៅ​ផែនដី គឺ​មាន​មនុស្ស​សុចរិត​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​អាក្រក់​វិញ ១​ទៀត មាន​មនុស្ស​អាក្រក់​ដែល​ទទួល​សំណង​តាម​អំពើ​របស់​មនុស្ស​សុចរិត​ដែរ យើង​ថា​សេចក្ដី​នោះ​ជា​ការ​ឥត​មាន​ទំនង​សោះ

15. រួច​យើង​បាន​និយម​ខាង​សេចក្ដី​សប្បាយ ពី​ព្រោះ​នៅ​ក្រោម​ថ្ងៃ មនុស្ស​ឥត​មាន​អ្វី​ល្អ​ជាង​ការ​ស៊ី​ផឹក ហើយ​មាន​ចិត្ត​រីក‌រាយ​នោះ​ទេ ដ្បិត​មាន​តែ​ការ​ប៉ុណ្ណោះ ជា​ផល​ពី​ការ​នឿយ​ហត់​របស់​ខ្លួន​ដែល​នឹង​នៅ​ជាប់​រាល់​តែ​ថ្ងៃ​អស់​១​ជីវិត​ខ្លួន ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​ឲ្យ​រស់​នៅ​ក្រោម​ថ្ងៃ។

16. កាល​យើង​បាន​ផ្ចង់​ចិត្ត​ឲ្យ​ស្គាល់​ប្រាជ្ញា ហើយ​នឹង​ពិចារណា​ពី​អស់​ទាំង​ការ​ដែល​កើត​មាន​នៅ​ផែនដី ឃើញ​ថា មាន​មនុស្ស​ដែល​មិន​ចេះ​ដេក​លក់ ទោះ​ទាំង​យប់ ឬ​ថ្ងៃ​ផង

17. នោះ​យើង​បាន​យល់​ពី​ការ​របស់​ព្រះ​ថា មនុស្ស​នឹង​ស្វែង​រក​ឲ្យ​ដឹង​ពី​អស់​ទាំង​ការ ដែល​កើត​មាន​នៅ​ក្រោម​ថ្ងៃ​មិន​បាន ដ្បិត​ទោះ​បើ​ខំ​ប្រឹង​ស្វែង​រក​យ៉ាង​ណា គង់​តែ​មិន​ដែល​ប្រទះ​យល់​ដែរ ហើយ​ទោះ​បើ​មាន​មនុស្ស​ប្រាជ្ញ​ណា​ស្មាន​ថា នឹង​រក​ស្គាល់​បាន ក៏​គង់​តែ​មិន​អាច​នឹង​យល់​បាន​ដែរ។