គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 7:15-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

15. ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​យើង នោះ​យើង​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចំរើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

16. ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស‌លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី

17. ម្យ៉ាង​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី

18. ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​១​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​១​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។

19. ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១

20. ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ

21. ១​ទៀត​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បំរើ​ជេរ​ដល់​ឯង

22. ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។

23. យើង​បាន​ល​មើល ឲ្យ​ដឹង​សេចក្ដី​ទាំង​នេះ​ច្បាស់​ដោយ​ប្រាជ្ញា​ហើយ យើង​បាន​សំរេច​ថា យើង​នឹង​បាន​ប្រាជ្ញា ប៉ុន្តែ​ប្រាជ្ញា​បាន​នៅ​ឆ្ងាយ​ពី​យើង​ទេ

24. ប្រាជ្ញា​ដែល​មាន​ទាំង​ប៉ុន្មាន នោះ​នៅ​ឆ្ងាយ ហើយ​ក៏​ជ្រៅ​ណាស់​ផង តើ​នរណា​អាច​ស្ទង់​យល់​បាន

25. ដូច្នេះ យើង​ក៏​វិល​មក​ផ្ចង់​ចិត្ត​ឲ្យ​បាន​ដឹង ឲ្យ​ស្វះ‌ស្វែង ហើយ​សួរ​រក​ប្រាជ្ញា និង​ហេតុ​ការ​ផ្សេងៗ ហើយ​ឲ្យ​បាន​ដឹង​ថា អំពើ​អាក្រក់​ជា​សេចក្ដី​ល្ងី‌ល្ងើ ហើយ​ថា សេចក្ដី​ល្ងី‌ល្ងើ​នោះ​ជា​សេចក្ដី​ចំកួត​ផង

26. យើង​ក៏​បាន​ឃើញ​ថា ស្ត្រី​ដែល​មាន​ចិត្ត ជា​អន្ទាក់​ជា​លប់ ហើយ​ដែល​ដៃ​ជា​ចំណង​ផង នាង​នោះ​ជា​ទី​ជូរ​ចត់​ជាង​សេចក្ដី​ស្លាប់​ទៅ​ទៀត អ្នក​ណា​ដែល​គាប់​ដល់​ព្រះ‌ហឫ‌ទ័យ​នៃ​ព្រះ​នឹង​បាន​គេច​រួច​ពី​ស្ត្រី​នោះ តែ​មនុស្ស​មាន​បាប​នឹង​ត្រូវ​វា​ចាប់​បាន​វិញ

27. ឯ​គ្រូ​ប្រដៅ​លោក​មាន​ប្រសាសន៍​ថា មើល ឯ​សេចក្ដី​នោះ យើង​បាន​ស្វែង​រក​ឃើញ​ហើយ ដោយ​បូក​រួម​សេចក្ដី​នេះ​១​នោះ​១ ដើម្បី​ឲ្យ​បាន​ដឹង​ហេតុ

28. ក៏​មាន​សេចក្ដី​នេះ​ទៀត ដែល​ចិត្ត​យើង​កំពុង​តែ​រក តែ​មិន​ទាន់​ឃើញ​នៅ​ឡើយ ក្នុង​១​ពាន់​នាក់ យើង​រក​បាន​ប្រុស​ពិត​តែ​ម្នាក់​ទេ តែ​ក្នុង​ពួក​អ្នក​ទាំង​នោះ យើង​រក​ស្រី​ពិត​តែ​១​ក៏​មិន​បាន​ផង

29. មើល​យើង​បាន​ឃើញ​តែ​ប៉ុណ្ណោះ គឺ​ថា​ព្រះ​ទ្រង់​បាន​បង្កើត​មនុស្ស​មក​ជា​ទៀង​ត្រង់ ប៉ុន្តែ គេ​បាន​ស្វែង​រក​បង្កើត​ការ​អាក្រក់​ជា​ច្រើន​វិញ។

សូមអានជំពូកពេញលេញ សាស្តា 7