គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 7:14-22 ព្រះគម្ពីរបរិសុទ្ធ (KHOV)

14. នៅ​គ្រា​ដែល​មាន​សេចក្ដី​ចំរើន នោះ​ចូរ​ឲ្យ​មាន​ចិត្ត​អរ​សប្បាយ​ចុះ ហើយ​នៅ​គ្រា​ក្រក្រី នោះ​ចូរ​ពិចារណា​វិញ អើ ព្រះ​ទ្រង់​បាន​ដាក់​ទាំង​២​នោះ​នៅ​ទន្ទឹម​គ្នា ប្រយោជន៍​ឲ្យ​មនុស្ស​ស្វែង​រក ឲ្យ​យល់​មិន​បាន​ចំពោះ​ការ​ដែល​កើត​មក​ខាង​ក្រោយ។

15. ក្នុង​អាយុ​ឥត​ប្រយោជន៍​របស់​យើង នោះ​យើង​បាន​ឃើញ​សេចក្ដី​ទាំង​នេះ គឺ​ថា​មាន​មនុស្ស​សុចរិត​ដែល​វិនាស​ទៅ​ក្នុង​សេចក្ដី​សុចរិត​របស់​ខ្លួន ហើយ​ក៏​មាន​មនុស្ស​អាក្រក់​ដែល​មាន​ជីវិត​ចំរើន​នៅ​យូរ ក្នុង​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

16. ដូច្នេះ កុំ​ឲ្យ​ប្រព្រឹត្ត​ជា​មនុស្ស​សុចរិត​ហួស​ល្បត់​ឡើយ ក៏​កុំ​ឲ្យ​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រាជ្ញា​លើស‌លន់​ដែរ តើ​ចង់​បំផ្លាញ​ខ្លួន​ធ្វើ​អី

17. ម្យ៉ាង​ទៀត កុំ​ឲ្យ​ប្រព្រឹត្ត​អាក្រក់​ហួស​ល្បត់ ក៏​កុំ​ឲ្យ​ល្ងី‌ល្ងើ​ពេក​ដែរ ឯង​ចង់​ស្លាប់​មុន​កំណត់​ធ្វើ​អី

18. ល្អ​ណាស់​ហើយ បើ​ឯង​ចាប់​យក​សេចក្ដី​១​នេះ ហើយ​កុំ​ឲ្យ​ដក​ដៃ​ពី​សេចក្ដី​១​នោះ​ផង ដ្បិត​អ្នក​ណា​ដែល​កោត‌ខ្លាច​ដល់​ព្រះ នឹង​ចៀស​ចេញ​រួច​ពី​សេចក្ដី​ទាំង​នេះ​បាន។

19. ប្រាជ្ញា​រមែង​ជា​កំឡាំង​ដល់​មនុស្ស​ប្រាជ្ញ ជា​ជាង​អ្នក​គ្រប់‌គ្រង​១០​នាក់​ដែល​នៅ​ក្នុង​ទី​ក្រុង​១

20. ពិត​ប្រាកដ​ជា​គ្មាន​មនុស្ស​សុចរិត​ណា​នៅ​ផែនដី ដែល​ប្រព្រឹត្ត​សុទ្ធ​តែ​ល្អ​ឥត​ធ្វើ​បាប​ឡើយ​នោះ​ទេ

21. ១​ទៀត​កុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពាក្យ​ទាំង​អស់​ដែល​គេ​ពោល​ឡើយ ក្រែង​ឯង​ឮ​បាវ​បំរើ​ជេរ​ដល់​ឯង

22. ដ្បិត​ចិត្ត​ឯង​ក៏​ដឹង​ហើយ​ថា ឯង​បាន​ជេរ​គេ​ដូច្នោះ​ជា​ច្រើន​ដង​ដែរ។

សូមអានជំពូកពេញលេញ សាស្តា 7