គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 5:1-9 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។

2. កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ

3. ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សំដី​ច្រើន​ដែរ

4. កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ

5. ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ

6. កុំ​បើក​ឲ្យ​មាត់​ឯង​បណ្តាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ខ្ញាល់ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​អី

7. ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។

8. បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង

9. ១​ទៀត​ផល​កើត​ពី​ដី នោះ​សំរាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចំការ​មក​ដែរ។

សូមអានជំពូកពេញលេញ សាស្តា 5