គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 5:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​រក្សា​ជើង​ឯង ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ ដ្បិត​ដែល​ចូល​ទៅ​ជិត​ដើម្បី​ស្តាប់ នោះ​វិសេស​ជាង​ថ្វាយ​យញ្ញ‌បូជា​របស់​មនុស្ស​ល្ងី‌ល្ងើ ពី​ព្រោះ​គេ​មិន​ដឹង​ជា​គេ​ធ្វើ​អាក្រក់​ទេ។

2. កុំ​ឲ្យ​ចិត្ត​ឯង​រហ័ស​ពេក ក៏​កុំ​ឲ្យ​មាត់​ឯង​ពោល​ឥត​បើ​គិត​នៅ​ចំពោះ​ព្រះ​ឡើយ ដ្បិត​ព្រះ​ទ្រង់​គង់​នៅ​ឯ​ស្ថាន​សួគ៌ ហើយ​ឯង​នៅ​ផែនដី​ទេ ដូច្នេះ ត្រូវ​ឲ្យ​ឯង​មាន​សំដី​តិច​វិញ

3. ដ្បិត​ការ​ដែល​យល់​សប្តិ នោះ​កើត​មក​ដោយ​មាន​រវល់​ជា​ច្រើន ហើយ​សំឡេង​របស់​មនុស្ស​ល្ងី‌ល្ងើ ក៏​ឮ​ដោយ​មាន​ពាក្យ​សំដី​ច្រើន​ដែរ

4. កាល​ណា​ឯង​បន់​ព្រះ នោះ​កុំ​ឲ្យ​បង្អង់​នឹង​លា​បំណន់​នោះ​ឡើយ ពី​ព្រោះ​ទ្រង់​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​មនុស្ស​ល្ងី‌ល្ងើ​ទេ ចូរ​សង​តាម​ដែល​ឯង​បាន​បន់​ចុះ

5. ស៊ូ​កុំ​ឲ្យ​ឯង​បាន​បន់ ជា​ជាង​បន់​ហើយ តែ​មិន​លា​បំណន់​នោះ​វិញ

6. កុំ​បើក​ឲ្យ​មាត់​ឯង​បណ្តាល​ឲ្យ​រូប​សាច់​ឯង​ធ្វើ​បាប​ឡើយ ក៏​កុំ​ឲ្យ​ពោល​នៅ​មុខ​ទេវតា​ថា នេះ​ជា​ការ​ច្រឡំ​ទេ តើ​ចង់​ឲ្យ​ព្រះ​មាន​សេចក្ដី​ខ្ញាល់ ដោយ​សំឡេង​ឯង ហើយ​បំផ្លាញ​ការ​នៃ​ដៃ​ឯង​ធ្វើ​អី

7. ដ្បិត​ក្នុង​ការ​យល់​សប្តិ​ច្រើន ហើយ​ក្នុង​ពាក្យ​ពោល​ជា​ច្រើន នោះ​តែង​មាន​សេចក្ដី​ឥត​ប្រយោជន៍ គួរ​ឲ្យ​កោត‌ខ្លាច​ដល់​ព្រះ​វិញ។

8. បើ‌សិន​ជា​ឯង​ឃើញ​គេ​សង្កត់‌សង្កិន​មនុស្ស​ទាល់​ក្រ ឬ​ពួក​ច្រឡោត​កំពុង​តែ​បង្វែរ​សេចក្ដី​យុត្តិ‌ធម៌ និង​សេចក្ដី​សុចរិត​នៅ​ក្នុង​ស្រុក​ណា នោះ​កុំ​ឲ្យ​ឆ្ងល់​ពី​ការ​នោះ​ឡើយ ដ្បិត​មាន​អ្នក​មួយ​ដែល​ខ្ពស់​ជាង គេ​ត្រួត​មើល​អ្នក​ធំ​នោះ ហើយ​ក៏​មាន​ដែល​ខ្ពស់​ជាង​គេ​ទៅ​ទៀត​ផង

9. ១​ទៀត​ផល​កើត​ពី​ដី នោះ​សំរាប់​គ្រប់​គ្នា ទោះ​ទាំង​ស្តេច​ក៏​បាន​ស្បៀង​អាហារ​ពី​ចំការ​មក​ដែរ។

10. អ្នក​ណា​ដែល​ស្រឡាញ់​ប្រាក់ នោះ​នឹង​មិន​ស្កប់​ចិត្ត​ដោយ​ប្រាក់​ប៉ុណ្ណោះ​ទេ ឬ​អ្នក​ណា​ដែល​ចូល​ចិត្ត​នឹង​ទ្រព្យ​ដ៏​បរិបូរ នោះ​ក៏​មិន​ស្កប់​ចិត្ត​ដោយ​ផល​ចំរើន​ប៉ុណ្ណោះ​ដែរ នេះ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ទទេ

11. កាល​ណា​របស់​ទ្រព្យ​បាន​ចំរើន​ឡើង នោះ​ពួក​អ្នក​ដែល​ស៊ី​ទ្រព្យ​នោះ ក៏​មាន​គ្នា​ច្រើន​ឡើង​ដែរ ដូច្នេះ តើ​មាន​ប្រយោជន៍​អ្វី​ដល់​ម្ចាស់​នៃ​ទ្រព្យ‌សម្បត្តិ​នោះ លើក​តែ​បាន​ឃើញ​ដោយ​ភ្នែក​ប៉ុណ្ណោះ

12. ឯ​ការ​ដេក​លក់​នៃ​មនុស្ស​ដែល​ធ្វើ​ការ​នឿយ​ហត់ នោះ​ស្រួល​ឆ្ងាញ់ ទោះ​បើ​បាន​បរិភោគ​តិច​ឬ​ច្រើន​ក្តី ប៉ុន្តែ​ការ​បរិភោគ​ហួស​ប្រមាណ​របស់​អ្នក​មាន នោះ​មិន​ឲ្យ​គេ​ដេក​លក់​បាន​ទេ។

សូមអានជំពូកពេញលេញ សាស្តា 5