ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 4 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នោះ​យើង​បាន​វិល​មក​ពិចារណា​មើល​អស់​ទាំង​ការ​សង្កត់‌សង្កិន ដែល​កើត​មក​នៅ​ក្រោម​ថ្ងៃ ក៏​ឃើញ​ទឹក​ភ្នែក​របស់​ពួក​អ្នក​ដែល​ត្រូវ​គេ​សង្កត់‌សង្កិន ហើយ​ឃើញ​ថា គេ​គ្មាន​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ឡើយ គេ​ត្រូវ​រឹប‌ជាន់​ដោយ​ពួក​អ្នក​មាន​អំណាច ឥត​អ្នក​ណា​នឹង​ជួយ​ដោះ​ទុក្ខ​ទេ

2. ហេតុ​នោះ​យើង​ក៏​សរសើរ​ដល់​មនុស្ស​ដែល​ស្លាប់​ជា​យូរ​មក​ហើយ ជា​ជាង​មនុស្ស​ដែល​នៅ​រស់​នៅ​ឡើយ

3. អើ​អ្នក​ដែល​មិន​ទាន់​កើត​មក​នៅ​ឡើយ ជា​អ្នក​ដែល​មិន​បាន​ឃើញ​ការ​អាក្រក់​ដែល​កើត​នៅ​ក្រោម​ថ្ងៃ នោះ​វិសេស​ជាង​ពួក​ទាំង​២​នោះ​ទៅ​ទៀត។

4. រួច​យើង​បាន​ឃើញ​អស់​ទាំង​ការ​នឿយ​ហត់ និង​គ្រប់​ការ​ដែល​ធ្វើ​បាន​ដោយ​ស្រួល​ថា ជា​ហេតុ​នាំ​ឲ្យ​អ្នក​ជិត​ខាង​មាន​ចិត្ត​ច្រណែន​ដល់​គ្នា​នឹង​គ្នា នេះ​ក៏​ជា​ការ​ឥត​មាន​ទំនង ហើយ​ជា​អសារ​ឥត​ការ​ទទេ។

5. មនុស្ស​ល្ងី‌ល្ងើ​គេ​ឱប​ដៃ ហើយ​ស៊ី​សាច់​របស់​ខ្លួន​គេ

6. បើ​មាន​តែ​១​ក្តាប់ទាំង​ប្រកប​ដោយ​សេចក្ដី​សុខ នោះ​វិសេស​ជាង​មាន​២​ក្តាប់ ហើយ​មាន​ទាំង​ការ​នឿយ​ហត់ និង​ការ​ខំ​ជា​អសារ​ឥត​ការ​ផង។

7. រួច​យើង​ងាក​បែរ​មក ឃើញ​ការ​ដែល​ឥត​ប្រយោជន៍​នៅ​ក្រោម​ថ្ងៃ

8. គឺ​មាន​ម្នាក់​ដែល​នៅ​តែ​ឯង​ឥត​មាន​គូ អើ​គ្មាន​ទាំង​កូន ឬ​បង​ប្អូន​ផង ប៉ុន្តែ​ការ​នឿយ​ហត់​របស់​អ្នក​នោះ​មិន​ចេះ​អស់​មិន​ចេះ​ហើយ​ឡើយ ភ្នែក​គេ​ក៏​មិន​បាន​ស្កប់‌ស្កល់​ដោយ​ទ្រព្យ‌សម្បត្តិ​ដែរ គេ​ក៏​នឹក​ថា អញ​ធ្វើ​ការ​នឿយ​ហត់ ហើយ​បង្អត់​សេចក្ដី​ល្អ​ដល់​ព្រលឹង​ដូច្នេះ នោះ​តើ​សំរាប់​អ្នក​ណា នេះ​ជា​ការ​ឥត​ប្រយោជន៍​ដែរ ហើយ​ក៏​អាក្រក់​ណាស់​ផង

9. មាន​គ្នា​២​នាក់ នោះ​វិសេស​ជាង​នៅ​តែ​ឯង ពី​ព្រោះ​គេ​មាន​រង្វាន់​យ៉ាង​ល្អ​កើត​ពី​ការ​នឿយ​ហត់​របស់​ខ្លួន

10. ដ្បិត​បើ​ដួល នោះ​ម្នាក់​នឹង​ជ្រោង​គ្នា​ឡើង​វិញ តែ​វរ‌ហើយ អ្នក​ណា​ដែល​ដួល​ក្នុង​កាល​ដែល​នៅ​តែ​ម្នាក់​ឯង ឥត​មាន​គ្នា​នឹង​ជួយ​ជ្រោង​ឡើង​វិញ

11. មួយ​ទៀត បើ​ដេក​មាន​គ្នា​២​នាក់ នោះ​ក៏​បាន​កក់‌ក្តៅ តែ​បើ​ដេក​តែ​ម្នាក់​ឯង នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​កក់‌ក្តៅ​បាន

12. ហើយ​បើ​មាន​ខ្មាំង​ណា​មក ដែល​មាន​កំឡាំង​ជាង នោះ​២​នាក់​នឹង​អាច​ទប់​ទល់​បាន ឯ​ពួរ​៣​ធ្លុង​មិន​ងាយ​ដាច់​ទេ។

13. មនុស្ស​កំឡោះ​ដែល​ទាល់​ក្រ តែ​មាន​ប្រាជ្ញា នោះ​វិសេស​ជាង​ស្តេច​ដែល​ចាស់‌ជរា ហើយ​ល្ងី‌ល្ងើ ជា​ស្តេច​ដែល​មិន​ព្រម​ទទួល​សេចក្ដី​ដាស់‌តឿន​ទៀត

14. ដ្បិត​ទោះ​បើ​អ្នក​នោះ​ចេញ​ពី​គុក​មក ឬ​កើត​មក​ជា​អ្នក​ក្រ​ក្នុង​នគរ​ក៏​ដោយ គង់​តែ​នឹង​ឡើង​សោយ‌រាជ្យ​បាន​ដែរ

15. យើង​បាន​ឃើញ​គ្រប់​មនុស្ស​មាន​ជីវិត​រស់ ដែល​ដើរ​នៅ​ក្រោម​ថ្ងៃ​ថា គេ​កាន់​ខាង​មនុស្ស​កំឡោះ​នោះ គឺ​ជា​អ្នក​ទី​២​ដែល​បាន​តាំង​ឡើង​ជំនួស​គេ

16. ឯ​បណ្តា‌ជន​ទាំង‌ឡាយ គឺ​ជា​ពួក​មនុស្ស​ដែល​អ្នក​នោះ​គ្រប់‌គ្រង​លើ នោះ​ប្រមាណ​មិន​បាន​ឡើយ ប៉ុន្តែ​ពួក​មនុស្ស​ដែល​កើត​មក​ក្រោយ គេ​នឹង​មិន​សុខ​ចិត្ត​ចំពោះ​អ្នក​នោះ​ទេ នេះ​ពិត​ប្រាកដ​ជា​ឥត​មាន​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ​ដែរ។