គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 3:1-15 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. មាន​ពេល​សំរាប់​គ្រប់​ទាំង​អស់ គឺ​មាន​ពេល​សំរាប់​គ្រប់​ការ ដែល​ចង់​ធ្វើ​នៅ​ក្រោម​មេឃ

2. មាន​ពេល​សំរាប់​កើត​មក និង​ពេល​សំរាប់​ស្លាប់​ទៅ មាន​ពេល​សំរាប់​ដាំ និង​ពេល​ដក​របស់​ដែល​បាន​ដាំ​នោះ

3. មាន​ពេល​សំរាប់​សំឡាប់ ហើយ​ពេល​សំរាប់​មើល​ឲ្យ​ជា មាន​ពេល​សំរាប់​រំលំ​រំលាយ ហើយ​ពេល​សង់​ឡើង

4. មាន​ពេល​យំ និង​ពេល​សើច មាន​ពេល​សំរាប់​សោយ‌សោក និង​ពេល​សំរាប់​លោត‌កញ្ឆេង

5. មាន​ពេល​សំរាប់​បោះ​ថ្ម​ចោល និង​ពេល​ប្រមូល​ថ្ម​មក មាន​ពេល​ដែល​គួរ​ឱប​ថើប និង​ពេល​ដែល​គួរ​លែង​ឱប​ថើប

6. មាន​ពេល​សំរាប់​ស្វែង​រក ហើយ​ពេល​សំរាប់​បាត់‌បង់​ទៅ មាន​ពេល​សំរាប់​រក្សា​ទុក ហើយ​ពេល​សំរាប់​បោះ‌បង់​ចោល

7. មាន​ពេល​សំរាប់​ហែក​ចោល ហើយ​ពេល​សំរាប់​ដេរ​ភ្ជាប់ មាន​ពេល​ដែល​គួរ​នៅ​ស្ងៀម ហើយ​ពេល​សំរាប់​និយាយ

8. មាន​ពេល​សំរាប់​ស្រឡាញ់ ហើយ​ពេល​សំរាប់​ស្អប់ មាន​ពេល​សំរាប់​ចំបាំង ហើយ​ពេល​សំរាប់​សេចក្ដី​សុខ

9. តើ​មនុស្ស​មាន​ផល​ប្រយោជន៍​អ្វី​ពី​ការ​ដែល​គេ​ខំ​ធ្វើ

10. យើង​បាន​ឃើញ​ការ​នឿយ​ហត់​ដែល​ព្រះ​បាន​ប្រគល់​ឲ្យ​មនុស្ស​ជាតិ​ប្រឹង​ធ្វើ

11. ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​ឲ្យ​ល្អ​តាម​រដូវ​កាល ទ្រង់​ក៏​ធ្វើ​ឲ្យ​ចិត្ត​គេ​សង្ឃឹម​ដល់​អស់​កល្ប​ទៅ​មុខ យ៉ាង​នោះ​មនុស្ស​នឹង​រក​យល់​មិន​បាន ពី​កិច្ច‌ការ​ដែល​ព្រះ​បាន​ធ្វើ តាំង​ពី​ដើម​ដរាប​ដល់​ចុង​នោះ​ឡើយ

12. យើង​ដឹង​ហើយ ថា​គ្មាន​អ្វី​សំរាប់​គេ ដែល​វិសេស​ជាង​មាន​ចិត្ត​រីក‌រាយ ហើយ​រក​បាន​សេចក្ដី​ល្អ​ដល់​ខ្លួន អស់​វេលា​ដែល​មាន​ជីវិត​រស់​នៅ​នោះ​ទេ

13. ហើយ​ការ​ដែល​គ្រប់​មនុស្ស​បាន​ស៊ី ហើយ​ផឹក ព្រម​ទាំង​រីក‌រាយ​ដោយ​ផល​ល្អ ដែល​កើត​ពី​អស់​ទាំង​ការ​នឿយ​ហត់​របស់​ខ្លួន នោះ​ហើយ​ជា​អំណោយ​ទាន​នៃ​ព្រះ​ទេ

14. យើង​ក៏​ដឹង​ដែរ ថា​ការ​អ្វី​ដែល​ព្រះ​ទ្រង់​ធ្វើ នោះ​នឹង​ស្ថិត‌ស្ថេរ​នៅ​ជា​ដរាប នឹង​បន្ថែម​អ្វី​ចូល ឬ​ដក​អ្វី​ចេញ​មិន​បាន​ឡើយ ១​ទៀត​ព្រះ​ទ្រង់​ធ្វើ​ការ​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង‌ឡាយ​បាន​កោត‌ខ្លាច​នៅ​ចំពោះ​ទ្រង់

15. អ្វីៗ​ដែល​មាន​នៅ នោះ​បាន​មាន​ជា​យូរ‌អង្វែង​មក​ហើយ ឯ​អ្វីៗ​ដែល​ត្រូវ​មាន​ខាង​មុខ​ទៀត នោះ​ក៏​បាន​មាន​ជា​យូរ​មក​ហើយ​ដែរ ព្រះ​ទ្រង់​ស្វែង​រក​អ្វីៗ ដែល​កន្លង​បាត់​ហើយ​ឲ្យ​បាន​មក​វិញ។

សូមអានជំពូកពេញលេញ សាស្តា 3