គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 2:2-20 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. យើង​បាន​និយាយ​ពី​ការ​សើច​សប្បាយ​ថា នេះ​ជា​ការ​ចំកួត​ទទេ ហើយ​ពី​ការ​គ្រឹក‌គ្រេង​ថា តើ​មាន​ផល​អ្វី

3. យើង​បាន​នឹក​រក​ក្នុង​ចិត្ត ពី​បែប​យ៉ាង​ណា​នឹង​ធ្វើ​ឲ្យ​សាច់​ឈាម​បាន​រីក‌រាយ ដោយ​ស្រា​ទំពាំង‌បាយ‌ជូរ ទាំង​នៅ​មាន​ចិត្ត​នាំ​ដោយ​ប្រាជ្ញា​ផង ហើយ​តោង​ជាប់​នឹង​សេចក្ដី​ចំកួត​ផង ទាល់​តែ​បាន​ឃើញ​ការ​ណា​ដែល​គួរ​ឲ្យ​មនុស្ស​ជាតិ​ធ្វើ​នៅ​ក្រោម​មេឃ​អស់​១​ជីវិត

4. ដូច្នេះ យើង​បាន​ធ្វើ​ការ​យ៉ាង​ធំ គឺ​បាន​សង់​ផ្ទះ​ជា​ច្រើន បាន​ដាំ​ដំណាំ​ទំពាំង‌បាយ‌ជូរ

5. បាន​ធ្វើ​សួន‌ច្បារ និង​សួន​ឈើ​សំរាប់​ខ្លួន​យើង​ផង បាន​ទាំង​ដាំ​ដើម​ឈើ​មាន​ផ្លែ​គ្រប់​មុខ ក្នុង​សួន​នោះ​ដែរ

6. យើង​បាន​ជីក​ស្រះ​ទឹក សំរាប់​នឹង​ស្រោច​ចំការ​បណ្តុះ​កូន​ឈើ

7. យើង​បាន​ទិញ​បាវ​ប្រុស​បាវ​ស្រី​ជា​ច្រើន ហើយ​មាន​កូន​របស់​បាវ កើត​មក​នៅ​ក្នុង​ផ្ទះ​យើង ក៏​មាន​ទ្រព្យ‌សម្បត្តិ ជា​ហ្វូង​គោ ហ្វូង​ចៀម​យ៉ាង​សន្ធឹក លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង

8. យើង​បាន​ប្រមូល​ប្រាក់ និង​មាស ហើយ​របស់​ថ្លៃ​វិសេស​ផ្សេងៗ​ដែល​មក​ពី​ពួក​ស្តេច ហើយ​ពី​ខេត្ត​ទាំង​ប៉ុន្មាន ក៏​ប្រមូល​បាន​ពួក​ចំរៀង​ទាំង​ប្រុស​ទាំង​ស្រី និង​គ្រប់​ទាំង​របស់​អ្វី​ដែល​គាប់​ចិត្ត​មនុស្ស ព្រម​ទាំង​ស្រី​អ្នក‌ម្នាង​ជា​ច្រើន​ផង

9. យ៉ាង​នោះ​យើង​បាន​ជា​ធំ ហើយ​ក៏​ចំរើន​ឡើង លើស​ជាង​អស់​អ្នក​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង​ទៅ​ទៀត តែ​ប្រាជ្ញា​របស់​យើង​ក៏​នៅ​ជាប់​នឹង​យើង​ដែរ

10. ហើយ​របស់​អ្វី​ដែល​ភ្នែក​ចង់​បាន នោះ​យើង​មិន​បាន​បង្អត់​ឲ្យ​ឡើយ យើង​មិន​បាន​ហាម​ឃាត់​ចិត្ត មិន​ឲ្យ​មាន​សេចក្ដី​អំណរ​ណា​មួយ​ទេ ដ្បិត​ចិត្ត​យើង​បាន​រីក‌រាយ​នឹង​បណ្តា‌ការ ដែល​យើង​ធ្វើ​ទាំង​នោះ ហើយ​នោះ​ឯង​ជា​ផល​ដែល​កើត​ពី​អស់​ទាំង​ការ​របស់​យើង

11. គ្រា​នោះ យើង​បាន​ត្រួត​មើល​គ្រប់​ទាំង​ការ​ដែល​ដៃ​យើង​បាន​ធ្វើ និង​ការ​នឿយ​ហត់​ដែល​យើង​បាន​ខំ​បង្កើត​នោះ ហើយ​មើល សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​អសារ​ឥត​ការ​ទទេ ឥត​មាន​ផល​ប្រយោជន៍​អ្វី​នៅ​ក្រោម​ថ្ងៃ​ឡើយ។

12. រួច​យើង​ក៏​បែរ​ទៅ​ពិចារណា​មើល​ប្រាជ្ញា ព្រម​ទាំង​សេចក្ដី​ចំកួត និង​សេចក្ដី​ផ្តេស‌ផ្តាស ដ្បិត​តើ​អ្នក​ដែល​ត​ពី​ស្តេច​នឹង​ធ្វើ​អ្វី​បាន គឺ​នឹង​ធ្វើ​បាន​តែ​ការ​ដែល​បាន​ធ្វើ​ជា​យូរ‌អង្វែង​មក​ហើយ

13. នោះ​យើង​ឃើញ​ពិត​ថា ប្រាជ្ញា​រមែង​វិសេស​ជាង​សេចក្ដី​ផ្តេស‌ផ្តាស ដូច​ជា​ពន្លឺ ក៏​វិសេស​ជាង​ងងឹត​ដែរ

14. ឯ​ភ្នែក​របស់​មនុស្ស​មាន​ប្រាជ្ញា​នោះ​នៅ​ត្រង់​ក្បាល​គេ តែ​មនុស្ស​ល្ងី‌ល្ងើ គេ​រមែង​ដើរ​ក្នុង​សេចក្ដី​ងងឹត​វិញ ប៉ុន្តែ​យើង​យល់​ឃើញ​ថា មាន​ការ​តែ​មួយ​ទេ ដែល​កើត​ដល់​គ្រប់​គ្នា

15. រួច​យើង​បាន​នឹក​ក្នុង​ចិត្ត​ថា ការ​ដែល​កើត​ដល់​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​កើត​ដល់​យើង​ដូច​គ្នា​ដែរ ដូច្នេះ ហេតុ​អ្វី​បាន​ជា​យើង​មាន​ប្រាជ្ញា​លើស​ជាង​គេ រួច​យើង​បាន​សំរេច​ក្នុង​ចិត្ត​ថា នេះ​ក៏​ឥត​មាន​ទំនង​ដែរ

16. ពី​ព្រោះ​អ្នក​មាន​ប្រាជ្ញា ក៏​ដូច​គ្នា​នឹង​អ្នក​ល្ងី‌ល្ងើ​ដែរ គ្មាន​អ្នក​ណា​នឹក​ចាំ​ពី​១​លើស​ជាង​១​ជា​ដរាប​ទេ ដោយ​ព្រោះ​យល់​ឃើញ​ថា នៅ​គ្រា​ជាន់​ក្រោយ​មនុស្ស​នឹង​បាន​ភ្លេច​គេ​ជា​យូរ​លង់​មក​ហើយ ដូច្នេះ មនុស្ស​មាន​ប្រាជ្ញា​គេ​មរណៈ​ជា​យ៉ាង​ណា គឺ​ដូច​ជា​មនុស្ស​ល្ងី‌ល្ងើ​ដែរ

17. ហេតុ​នោះ​យើង​បាន​ស្អប់​ជីវិត ពី​ព្រោះ​ការ​ដែល​បាន​ធ្វើ​នៅ​ក្រោម​ថ្ងៃ ជា​ការ​លំបាក​ដល់​យើង ដ្បិត​ការ​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍ ហើយ​ជា​អសារ​ឥត​ការ​ទទេ។

18. យើង​បាន​ស្អប់​បណ្តា‌ការ​នឿយ​ហត់​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ ដោយ​យល់​ឃើញ​ថា​យើង​ត្រូវ​ទុក​ទាំង​អស់ ឲ្យ​ដល់​មនុស្ស​ដែល​បន្ត​ក្រោយ​យើង

19. ហើយ​តើ​មាន​អ្នក​ណា​ដឹង​ពី​អ្នក​នោះ ថា​នឹង​ត្រឡប់​ជា​មនុស្ស​មាន​ប្រាជ្ញា ឬ​ជា​មនុស្ស​ល្ងី‌ល្ងើ​វិញ ប៉ុន្តែ​អ្នក​នោះ​នឹង​គ្រប់‌គ្រង​លើ​អស់​ទាំង​ការ​ដែល​យើង​បាន​ខំ​ធ្វើ ជា​ការ​ដែល​បាន​ធ្វើ ដើម្បី​សំដែង​ខ្លួន​ជា​អ្នក​មាន​ប្រាជ្ញា​នៅ​ក្រោម​ថ្ងៃ នេះ​ក៏​ឥត​មាន​ទំនង​ដែរ

20. ដោយ​ហេតុ​នោះ​យើង​បាន​វិល​មក​បណ្តាល​ឲ្យ​ចិត្ត​លែង​សង្ឃឹម​ចំពោះ​ការ​ទាំង​ប៉ុន្មាន ដែល​យើង​បាន​ខំ​ធ្វើ​នៅ​ក្រោម​ថ្ងៃ​ទៅ

សូមអានជំពូកពេញលេញ សាស្តា 2