គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាស្តា 12:1-10 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ចូរ​នឹក​ចាំ​ពី​ព្រះ​ដ៏​បង្កើត​ខ្លួន ក្នុង​គ្រា​ដែល​ឯង​នៅ​ក្មេង មុន​ដែល​អស់​ទាំង​ថ្ងៃ​អាក្រក់​មក​ដល់ ហើយ​អស់​ទាំង​ឆ្នាំ​មក​ជិត ដែល​ឯង​នឹង​ថា អញ​អស់​សប្បាយ​ហើយ

2. គឺ​មុន​ដែល​ថ្ងៃ ពន្លឺ ខែ និង​ផ្កាយ​ទាំង​ប៉ុន្មាន​ទៅ​ជា​ងងឹត ហើយ​ពពក​វិល​មក​ក្រោយ​ដែល​ភ្លៀង

3. នៅ​ថ្ងៃ​ដែល​ពួក​អ្នក​ចាំ​ផ្ទះ​ត្រូវ​ញាប់‌ញ័រ ពួក​មនុស្ស​ខ្លាំង​ពូកែ​ត្រូវ​ឱន​ខ្លួន​ចុះ ពួក​ស្រី​ដែល​កិន​ស្រូវ​ត្រូវ​ឈប់ ដោយ​ព្រោះ​មាន​គ្នា​តិច​ពេក ពួក​អ្នក​ដែល​មើល​តាម​បង្អួច​ត្រូវ​ងងឹត​ទៅ

4. ហើយ​ទ្វារ​ដែល​បើក​ទៅ​ឯ​ថ្នល់​ត្រូវ​បិទ ជា​ពេល​ដែល​អន់​ឮ​សូរ​ត្បាល់​កិន កាល​គេ​ស្ទុះ​ក្រោក​ឡើង ដោយ​ឮ​សំឡេង​សត្វ​ហើរ​យំ ហើយ​អស់​ទាំង​ពួក​ស្រីៗ​ដែល​ធ្លាប់​ច្រៀង​ត្រូវ​ទាប​ថោក​វិញ

5. អើ គេ​នឹង​ភ័យ​ខ្លាច​ចំពោះ​អន្តរាយ​ដែល​មក​ពី​ខាង​លើ ក៏​នឹង​មាន​សេចក្ដី​ស្ញែង‌ខ្លាច​តាម​ផ្លូវ ឯ​ដើម​ចំបក់​នឹង​ផ្កា​ឡើង ហើយ​កណ្តូប​នឹង​សង្កត់​លើ​គេ​ជា​ធ្ងន់ សេចក្ដី​ប៉ង‌ប្រាថ្នា​នឹង​រសាយ​អស់​ទៅ ដោយ​ព្រោះ​មនុស្ស​រមែង​ទៅ​ឯ​ទី​លំនៅ​ដ៏​នៅ​អស់​កល្ប‌ជានិច្ច ហើយ​ពួក​អ្នក​កាន់​ទុក្ខ​ដើរ​ទៅ​មក​តាម​ផ្លូវ

6. គឺ​មុន​ដែល​ខ្សែ​ប្រាក់​ដាច់ ចាន​មាស​បែក ក្អម​បែក​នៅ​ឯ​ក្បាល​ទឹក ឬ​រហាត់​ទឹក​នៅ​អណ្តូង​ខូច​ទៅ

7. ហើយ​ធូលី​ត្រឡប់​ជា​ដី​ដូច​ដើម​វិញ និង​វិញ្ញាណ ត្រឡប់​ទៅ​ឯ​ព្រះ ដែល​ទ្រង់​បាន​ប្រទាន​មក​នោះ

8. «ការ​ឥត​ប្រយោជន៍​ទទេៗ» នេះ​ហើយ​ជា​ពាក្យ​ដែល​គ្រូ​ប្រដៅ​ពោល​ទុក​ថា គ្រប់​ទាំង​អស់​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទទេ។

9. ហើយ​១​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជា‌ជន ឲ្យ​មាន​ដំរិះ​ទៅ​ទៀត អើ​លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភាសិត​ជា​ច្រើន​តាម​របៀប​គ្រូ​ប្រដៅ

10. លោក​បាន​ស្វែង​រក​ពាក្យ​ពីរោះ និង​សេចក្ដី​ដែល​បាន​តែង​ទុក​យ៉ាង​ត្រឹម‌ត្រូវ គឺ​ជា​ពាក្យ​ដ៏​ពិត​ទាំង​អស់។

សូមអានជំពូកពេញលេញ សាស្តា 12