6. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ នៅគ្រានោះ បើការនេះមើលទៅជាទីប្លែកភ្នែកដល់សំណល់ជនជាតិនេះ នោះតើត្រូវបានជាទីប្លែកភ្នែកដល់អញដែរឬ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
7. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា មើល អញនឹងជួយសង្គ្រោះរាស្ត្រអញឲ្យរួចពីស្រុកខាងកើត ហើយពីស្រុកខាងលិចដែរ
8. អញនឹងនាំគេមក នោះគេនឹងអាស្រ័យនៅក្នុងក្រុងយេរូសាឡិម គេនឹងបានជារាស្ត្ររបស់អញ ហើយអញនឹងបានជាព្រះដល់គេ ដោយសេចក្ដីពិត និងសេចក្ដីសុចរិត។
9. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ចូរឯងរាល់គ្នាមានកំឡាំងដៃចុះ គឺឯង ដែលសព្វថ្ងៃនេះ ឮពាក្យទាំងប៉ុន្មាន ពីមាត់ពួកហោរា ដែលបាននៅក្នុងគ្រាគេដាក់ឫសព្រះវិហាររបស់ព្រះយេហូវ៉ានៃពួកពលបរិវារ ដើម្បីឲ្យបានសង់ព្រះវិហារឡើង
10. ដ្បិតកាលមុនគ្រានោះគ្មានថ្លៃឈ្នួលដល់មនុស្ស ឬសត្វទេ ក៏គ្មានសេចក្ដីសុខដល់មនុស្ស ដែលចេញ ឬចូលផង ដោយព្រោះពួកខ្មាំងសត្រូវ ដ្បិតអញបានធ្វើឲ្យមនុស្សទាំងអស់ ទាស់ទទឹងនឹងអ្នកជិតខាងរៀងខ្លួន
11. តែព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា ឥឡូវនេះ អញនឹងមិនប្រព្រឹត្តនឹងសំណល់ជនជាតិនេះ ដូចកាលជាន់មុនទៀតទេ
12. ដ្បិតនឹងមានពូជនៃសេចក្ដីសុខ ឯដើមទំពាំងបាយជូរនឹងបង្កើតផល ហើយដីនឹងចំរើនផលដែរ ផ្ទៃមេឃក៏នឹងទំលាក់សន្សើមមក ហើយអញនឹងឲ្យសំណល់នៃជនជាតិនេះទទួលរបស់ទាំងនេះទុកជាមរដក
13. ឱពួកវង្សយូដា និងពួកវង្សអ៊ីស្រាអែលអើយ ពីដើមឯងជាទីផ្តាសា នៅកណ្តាលអស់ទាំងសាសន៍យ៉ាងណា នោះអញនឹងជួយសង្គ្រោះឯងរាល់គ្នាឲ្យបានជាពរវិញយ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ ចូរឲ្យមានកំឡាំងដៃវិញចុះ។
14. ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា កាលពួកអយ្យកោឯងបានបណ្តាលឲ្យអញមានសេចក្ដីក្រោធ នោះអញបានគិតនឹងធ្វើអាក្រក់ដល់ឯងរាល់គ្នា ឥតប្រែចិត្តឡើយជាយ៉ាងណា
15. សព្វថ្ងៃនេះ អញគិតធ្វើល្អដល់ក្រុងយេរូសាឡិម និងដល់ពួកវង្សយូដាក៏យ៉ាងនោះដែរ កុំឲ្យខ្លាចឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
16. នេះជាការដែលឯងរាល់គ្នាត្រូវធ្វើ គឺត្រូវឲ្យគ្រប់គ្នានិយាយសេចក្ដីពិតនឹងអ្នកជិតខាងខ្លួន ហើយត្រូវឲ្យសំរេចតាមសេចក្ដីយុត្តិធម៌ដ៏ពិត និងសេចក្ដីសុខ នៅក្នុងទ្វារក្រុងរបស់ឯងរាល់គ្នា
17. កុំឲ្យពួកឯងណាមួយគិតគូរ បង្កើតការអាក្រក់ក្នុងចិត្តទាស់នឹងអ្នកជិតខាងខ្លួនឡើយ ក៏កុំឲ្យចូលចិត្តនឹងពាក្យស្បថកំភូតដែរ ដ្បិតព្រះយេហូវ៉ាទ្រង់មានព្រះបន្ទូលថា អញស្អប់អស់ទាំងអំពើយ៉ាងនោះណាស់។
18. ព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារក៏មកដល់ខ្ញុំថា
19. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះ ឯពេលតមអត់ក្នុងខែអាសាធ ខែស្រាពណ៍ ខែអស្សុជ ហើយនៅខែបុស្ស នោះត្រូវបានជាពេលរីករាយសប្បាយ ហើយជាបុណ្យគ្រឹកគ្រេងដល់ពួកវង្សយូដាវិញ ដូច្នេះ ចូរស្រឡាញ់សេចក្ដីពិត និងសេចក្ដីសុខចុះ
20. ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថានឹងនៅមានគ្រាទៀត ដែលសាសន៍ផ្សេងៗ ហើយមនុស្សនៅទីក្រុងជាច្រើននឹងមក
21. ពួកអ្នកនៅស្រុក១នឹងទៅឯស្រុក១ទៀតបបួលថា ចូរយើងប្រញាប់ឡើងទៅទូលអង្វរដល់ព្រះយេហូវ៉ា ហើយស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារចុះ ឯខ្ញុំក៏នឹងទៅដែរ