គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

សាការី 8:13-23 ព្រះគម្ពីរបរិសុទ្ធ (KHOV)

13. ឱ​ពួក​វង្ស​យូដា និង​ពួក​វង្ស​អ៊ីស្រា‌អែល​អើយ ពី​ដើម​ឯង​ជា​ទី​ផ្តាសា នៅ​កណ្តាល​អស់​ទាំង​សាសន៍​យ៉ាង​ណា នោះ​អញ​នឹង​ជួយ​សង្គ្រោះ​ឯង​រាល់​គ្នា​ឲ្យ​បាន​ជា​ពរ​វិញ​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ ចូរ​ឲ្យ​មាន​កំឡាំង​ដៃ​វិញ​ចុះ។

14. ដ្បិត​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា កាល​ពួក​អយ្យកោ​ឯង​បាន​បណ្តាល​ឲ្យ​អញ​មាន​សេចក្ដី​ក្រោធ នោះ​អញ​បាន​គិត​នឹង​ធ្វើ​អាក្រក់​ដល់​ឯង​រាល់​គ្នា ឥត​ប្រែ​ចិត្ត​ឡើយ​ជា​យ៉ាង​ណា

15. សព្វ​ថ្ងៃ​នេះ អញ​គិត​ធ្វើ​ល្អ​ដល់​ក្រុង​យេរូ‌សាឡិម និង​ដល់​ពួក​វង្ស​យូដា​ក៏​យ៉ាង​នោះ​ដែរ កុំ​ឲ្យ​ខ្លាច​ឡើយ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ

16. នេះ​ជា​ការ​ដែល​ឯង​រាល់​គ្នា​ត្រូវ​ធ្វើ គឺ​ត្រូវ​ឲ្យ​គ្រប់​គ្នា​និយាយ​សេចក្ដី​ពិត​នឹង​អ្នក​ជិត​ខាង​ខ្លួន ហើយ​ត្រូវ​ឲ្យ​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌​ដ៏​ពិត និង​សេចក្ដី​សុខ នៅ​ក្នុង​ទ្វារ​ក្រុង​របស់​ឯង​រាល់​គ្នា

17. កុំ​ឲ្យ​ពួក​ឯង​ណា​មួយ​គិត‌គូរ បង្កើត​ការ​អាក្រក់​ក្នុង​ចិត្ត​ទាស់​នឹង​អ្នក​ជិត​ខាង​ខ្លួន​ឡើយ ក៏​កុំ​ឲ្យ​ចូល​ចិត្ត​នឹង​ពាក្យ​ស្បថ​កំភូត​ដែរ ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា អញ​ស្អប់​អស់​ទាំង​អំពើ​យ៉ាង​នោះ​ណាស់។

18. ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក៏​មក​ដល់​ខ្ញុំ​ថា

19. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពេល​តម​អត់​ក្នុង​ខែ​អាសាធ ខែ​ស្រាពណ៍ ខែ​អស្សុជ ហើយ​នៅ​ខែ​បុស្ស នោះ​ត្រូវ​បាន​ជា​ពេល​រីក‌រាយ​សប្បាយ ហើយ​ជា​បុណ្យ​គ្រឹក‌គ្រេង​ដល់​ពួក​វង្ស​យូដា​វិញ ដូច្នេះ ចូរ​ស្រឡាញ់​សេចក្ដី​ពិត និង​សេចក្ដី​សុខ​ចុះ

20. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា​នឹង​នៅ​មាន​គ្រា​ទៀត ដែល​សាសន៍​ផ្សេងៗ ហើយ​មនុស្ស​នៅ​ទី​ក្រុង​ជា​ច្រើន​នឹង​មក

21. ពួក​អ្នក​នៅ​ស្រុក​១​នឹង​ទៅ​ឯ​ស្រុក​១​ទៀត​បបួល​ថា ចូរ​យើង​ប្រញាប់​ឡើង​ទៅ​ទូល‌អង្វរ​ដល់​ព្រះ‌យេហូវ៉ា ហើយ​ស្វែង​រក​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ចុះ ឯ​ខ្ញុំ​ក៏​នឹង​ទៅ​ដែរ

22. អើ ជន‌ជាតិ​ជា​ច្រើន និង​សាសន៍​យ៉ាង​ខ្លាំង​ពូកែ នឹង​មក​ស្វែង​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ នៅ​ក្រុង​យេរូ‌សាឡិម ដើម្បី​ទូល‌អង្វរ​ដល់​ទ្រង់

23. ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា នៅ​គ្រា​នោះ មនុស្ស​១០​នាក់​ពី​ភាសា​ផ្សេងៗ​នឹង​ចាប់​តោង​ជាយ​អាវ​របស់​សាសន៍​យូដា​ម្នាក់ ដោយ​ពាក្យ​ថា យើង​ខ្ញុំ​នឹង​ទៅ​ជា​មួយ​នឹង​អ្នក​ដែរ ពី​ព្រោះ​យើង​ខ្ញុំ​បាន​ឮ​ថា ព្រះ​ទ្រង់​គង់​ជា​មួយ​នឹង​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ សាការី 8